អូស្ត្រាលីបានចាប់ផ្ដើមជ្រើសរើសជនភៀសខ្លួនចំនួន១២.០០០នាក់ដែលរត់គេចពីវិបត្តិក្នុងប្រទេសស៊ីរីដើម្បីទៅតាំងទីលំនៅថ្មី។ គេរំពឹងថា ក្រុមជនភៀសខ្លួនដំបូងគេនឹងទៅដល់ប្រទេសអូស្ត្រាលី មុនពេលបុណ្យណូអែល ឬបុណ្យគ្រិស្តម៉ាស។
សង្កាត់ឡេកឃិមបា (Lekemba) ក្នុងទីក្រុងស៊ីដនីគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានប្រជាជនមកពីវប្បធម៌នានាច្រើនបំផុតនៅប្រទេសអូស្ត្រាលី។ វាបានក្លាយជាជម្រកសម្រាប់គ្រួសារមកពីទីក្រុងហូម (Homs) នៃប្រទេសស៊ីរី ដែលភៀសខ្លួនទៅប្រទេសលីបង់ មុនពេលមកដល់ប្រទេសអូស្ត្រាលីកាលពីដើមឆ្នាំនេះ ក្នុងនាមជាជនភៀសខ្លួន។
លោកយូសេហ្វ អាល់កាសេ (Youssef al-Kasseh) រស់នៅជាមួយប្រពន្ធរបស់លោកឈ្មោះហាឡា (Hala) និងកូនរបស់ពួកគេបីនាក់ ព្រមទាំងម្ដាយរបស់លោកផងដែរ នៅក្នុងផ្ទះជួលតូចមួយ។
នៅពេលនិយាយដោយមានអ្នកបកប្រែភាសាផងនោះ លោកយូសេហ្វ បានថ្លែងថា ភាពភ័យរន្ធត់ចំពោះអ្វីដែលលោកបានគេចចេញមកនោះគឺនៅដក់ក្នុងអារម្មណ៍របស់លោកជានិច្ច។
«ជីវិតនៅក្នុងទីក្រុងហូម (Homs)គឺអាក្រក់មែនទែន ហើយទោះបីជាខ្ញុំខំព្យាយាមពន្យល់យ៉ាងណា ក៏ពិបាកពន្យល់ឲ្យអស់សេចក្ដីដែរ។ មានតែការកាប់សម្លាប់គ្នាគ្រប់ពេលវេលា។ មនុស្សម្នាត្រូវគេចាប់ខ្លួនយកទៅបាត់ ហើយត្រូវបានគេសម្លាប់ចោល»។
លោកយូសេហ្វនិយាយថា មន្ត្រីរដ្ឋាភិបាលបានចាប់ឃុំខ្លួន និងធ្វើទណ្ឌកម្មលើរូបលោក។
«ខ្ញុំត្រូវគេចាប់ខ្លួនយកទៅ ហើយវេទនាយ៉ាងខ្លាំង។ ខ្ញុំត្រូវគេវាយយ៉ាងដំណំ និងយ៉ាងឈឺចាប់ មិនត្រឹមតែរាងកាយប៉ុណ្ណោះទេគឺថែមទាំងរងការប៉ះទង្គិចផ្លូវចិត្តថែមទៀតផង។ សមាជិកគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំជាច្រើន បានស្លាប់»។
ប្រពន្ធរបស់លោកគឺអ្នកស្រីហាឡា(Hala) សប្បាយចិត្តនៅពេលមកដល់ប្រទេសអូស្ត្រាលី ប៉ុន្តែលោកស្រីក៏ព្រួយបារម្ភចំពោះអ្នកដែលកំពុងស្ថិតនៅក្នុងប្រទេសស៊ីរីដែរ។
«ខ្ញុំមានមិត្តភក្ដិ និងសមាជិកគ្រួសារជាច្រើនក្នុងប្រទេសស៊ីរី ហើយខ្ញុំបារម្ភមែនទែនចំពោះការរស់នៅរបស់ពួកគេ។ ពួកគេគ្មានអាហារបរិភោគនិងគ្មានអគ្គិសនីប្រើប្រាស់ទេ។ ជីវិតនៅទីនោះ លំបាកមែនទែន ហើយខ្ញុំតែងតែព្រួយបារម្ភជាប់ជាប្រចាំ»។
ក្រុមអ្នកធ្វើយុទ្ធនាការនិងអ្នកចូលរួមបានធ្វើការស្រែកអំពាវនាវយ៉ាងកងរំពង។
«ពួកយើងគួរតែមានមោទនភាពចំពោះខ្លួនឯង ដោយបានឈរនៅទីនេះក្នុងយប់នេះ ទាំងភាពក្លាហាន និងសមានចិត្តក្នុងការនិយាយថា សូមស្វាគមន៍»។
ក្រុមអ្នកធ្វើយុទ្ធនាការបន្តថា៖ «សង្ឃឹមថា អ្នកនយោបាយរបស់យើងកំពុងស្តាប់យើង»។
យុទ្ធនាការនានា ដែលជំរុញឲ្យប្រទេសអូស្ត្រាលីទទួលយកជនភៀសពីប្រទេសស៊ីរីបន្ថែមទៀត ត្រូវបានគេធ្វើពាសពេញប្រទេសអូស្ត្រាលី។
ជាងពាក់កណ្ដាលនៃជនភៀសខ្លួនទាំង១២.០០០នាក់នោះនឹងតាំងទីលំនៅថ្មីក្នុងរដ្ឋ ញូសៅវេល(New South Wales) ជារដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេនៅប្រទេសអូស្ត្រាលី។
ស្ត្រី កុមារ និងគ្រួសារ ដែលគ្មានទីជម្រក ហើយដែលកំពុងរស់នៅក្នុងជំរំនានាក្នុងប្រទេសហ្សកដានី លីបង់ និងតួកគីនឹងត្រូវផ្ដល់អាទិភាព។
លោកសាស្ត្រាចារ្យភីធើ ស៊ហ្គោល (Peter Shergold) ដែលជាអ្នកសិក្សានិងអ្នកជំនួញផងនោះគឺជាអ្នកសម្របសម្រួលផែនការសម្រាប់ការមកដល់របស់ជនភៀសខ្លួនទាំងនោះ។
«បើប្រៀបធៀបទៅនឹងក្រុមជនភៀសខ្លួនជាច្រើន ដែលត្រូវបានទទួលយកកាលពីអតីតកាលនោះ អ្នកទើបនឹងមកដល់ថ្មីៗទាំងនេះប្រហែលជាបានរស់នៅក្នុងជំរំតិចជាង។ ខ្ញុំគិតថា ពួកគេទំនងជាមានការអប់រំច្រើនជាង និងមានជំនាញវិជ្ជាជីវៈ មានជំនួញរកស៊ីតូចតាច ហើយយ៉ាងហោចណាស់ទំនងជាមានសមត្ថភាពភាសាអង់គ្លេសមូលដ្ឋានផងដែរ។ ដូច្នេះហើយការប្រឈមដ៏សំខាន់សម្រាប់ពួកគេគឺថា តើយើងអាចយកការអប់រំ និងជំនាញទាំងនោះមកប្រើប្រាស់បានយ៉ាងដូចម្តេច ដើម្បីឲ្យពួកគេអាចរួមចំណែកដល់សង្គមអូស្ត្រាលីបានវិញ»។
លោកយូសេហ្វ និងគ្រួសាររបស់លោកស្ដាប់ចម្រៀងមួយបទដែលនិយាយអំពីការដែលប្រទេសស៊ីរីធ្លាក់ចូលទៅក្នុងភាពវឹកវរ និងការកាប់សម្លាប់ប្រជាជនស្លូតត្រង់។
ពួកគេសង្ឃឹមថា ពលរដ្ឋនៃប្រទេសរបស់ពួកគេច្រើនថែមទៀតនឹងមករកកន្លែងសុវត្ថិភាពដូចពួកគេដែរ នៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងផ្តល់អាទិភាពដល់ជនភៀសសឹកទាំងឡាយណាដែលចេញមកពីសហគមន៍ជនជាតិភាគតិច ដែលរងការធ្វើទុក្ខបុកម្នេញ។
លោកសាមា អាល់មាហ្សូប (Samar Almajzoub) ដែលជាសកម្មជនម្នាក់មកពីសហគមន៍ស៊ីរី ជឿថា ប្រទេសអូស្ត្រាលីគួរតែធ្វើសកម្មភាពច្រើនថែមទៀត ហើយបើកទ្វារចំហទទួលយកសមាជិកនៃក្រុមជនជាតិភាគច្រើនខាងនិកាយស៊ុននី (Sunni)ដែរ។
«យើងត្រូវការជនភៀសសឹកច្រើនថែមទៀតនៅទីនេះ។ ខ្ញុំគិតថា ចំនួននេះ តិចតួចណាស់។ អ្នកដែលរងទុក្ខវេទនានៅក្នុងប្រទេសស៊ីរីនោះ មានចំនួនច្រើនណាស់ ច្រើនមែនទែន។ ជនជាតិភាគតិចមិនរងទុក្ខវេទនាខ្លាំងដូចក្រុមនិកាយស៊ុននី (Sunni) ដែលជាក្រុមជនជាតិភាគច្រើននៅទីនោះទេ»។ក្រុមមន្ត្រីទទួលបន្ទុកខាងការតាំងលំនៅដ្ឋានថ្មីរបស់អូស្ត្រាលី នៅពេលនេះ កំពុងស្ថិតនៅក្នុងប្រទេសហ្សកដានី ដើម្បីចាប់ផ្តើមវាយតម្លៃលើស្ថានភាពជនភៀសខ្លួនស៊ីរី ដែលកំពុងរស់នៅក្នុងជំរុំនានា៕
ប្រែសម្រួលដោយ សាយ មុន្នី