កិច្ចព្រមព្រៀងរវាងអូស្ត្រាលីនិងសិង្ហបុរីនឹងអនុញ្ញាតឲ្យអ្នកដំណើរតាមជើងយន្តហោះ ទៅកាន់អូស្ត្រាលីបំពេញនូវគោលការណ៍ផ្នែកជីវៈសុវត្ថិភាពតឹងរ៉ឹង មុនពេលទៅដល់អូស្ត្រាលី។
ក្រុមរដ្ឋមន្រ្តីសង្ឃឹមថាកិច្ចព្រមព្រៀងជាមួយនឹងសិង្ហបុរីនេះនឹងជួយពលរដ្ឋអូស្ត្រាលីប្រមាណ ៤ ម៉ឺននាក់ ដែលជាប់គាំងនៅក្រៅប្រទេស អាចវិលត្រឡប់មកប្រទេសកំណើតវិញ ជំរុញវិស័យទេសចរណ៍ ក៏ដូចជាស្តារឡើងវិញនូវទីផ្សារមានទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់និស្សិតបរទេសទៅសិក្សាតាមសាកលវិទ្យាល័យនានា នៅប្រទេសអូស្ត្រាលី ដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទព្រំដែន។
អស់រយៈពេលមួយឆ្នាំហើយ ដែលរដ្ឋាភិបាលក្រុងកង់បេរារដ្ឋធានីអូស្ត្រាលីបានហាមឃាត់មិនឲ្យជនបរទេសធ្វើដំណើរចូលមកប្រទេសនេះ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ហើយបម្រាមលើការធ្វើដំណើរនេះត្រូវបានពន្យារពេលបន្ថែម យ៉ាងហោចណាស់រហូតដល់ខែមិថុនា។
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Michael McCormack និយាយថា រដ្ឋាភិបាលកំពុងត្រៀមលក្ខណៈធ្វើឲ្យការធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិដំណើការឡើងវិញ។
លោក McCormack បានថ្លែងថា៖ «យើងក៏កំពុងធានាឲ្យច្បាស់ថាយន្តហោះ គឺត្រៀមលក្ខណៈរួចជាស្រេច។អ្នកមិនអាចគ្រាន់តែយកយន្តហោះចេញពីរោងដាក់យន្តហោះ ហើយដាក់ឲ្យហោះហើរនៅលើផ្លូវអាកាស ដោយមិនត្រៀមលក្ខណៈនោះទេ។ យើងកំពុងតែធ្វើការជាមួយសិង្ហបុរីនៅពេលនេះ ដើម្បីដាក់កន្លែងត្រួតពិនិត្យជំងឺកូវីដ១៩ ជាសក្តានុពលនៅខែកក្កដា ហើយយើងឃើញថា មានសញ្ញាវិវត្តទៅមុខ»។
លោកបានបន្ថែមថា៖ «ហើយនៅខណៈពេលវ៉ាក់សាំងកំពុងត្រូវបានចែកចាយ ដោយមិនមែនត្រឹមតែនៅអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតាមបណ្តាប្រទេសដទៃទៀតដែរនោះ យើងនឹងបើកជើងយន្តហោះឡើងវិញបន្ថែមទៀត»។
នៅក្រោមផែនការខាងលើនេះពលរដ្ឋអូស្ត្រាលីនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរតាមជើងយន្តហោះទៅកាន់សិង្ហបុរី ដោយមិនចាំបាច់មានឯកសារអនុញ្ញាតពីរដ្ឋាភិបាល ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រួចរាល់ហើយ។
ដូចគ្នាផងដែរ ពលរដ្ឋសិង្ហបុរីដែលបានចាក់វ៉ាក់សាំងរួចនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅអូស្ត្រាលី ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចំនួនពីរសប្តាហ៍នៅសណ្ឋាគារ។
អូស្ត្រាលីក៏បានផ្តល់ការអនុញ្ញាតដូចគ្នានេះផងដែរ ដល់អ្នកធ្វើដំណើរពីប្រទេសនូវេលសេឡង់ ប៉ុន្តែអាជ្ញាធរនៅក្រុង Wellington មិនទាន់ឆ្លើយតបដើម្បីអនុញ្ញាតពលរដ្ឋអូស្ត្រាលីចូលប្រទេសខ្លួននៅឡើយទេ។
ពលរដ្ឋអូស្ត្រាលីអាចធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញពីក្រៅប្រទេស ប៉ុន្តែពួកគេត្រូវធ្វើចត្តាឡីស័កជាចាំបាច់។ ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ត្រូវជាប់គាំង ដោយសារបន្ទប់ស្នាក់នៅរបស់សណ្ឋាគារសម្រាប់សុវត្ថិភាពកូវីដ១៩ គឺមានកម្រិត។
អូស្ត្រាលីមានកំណត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ២៩.០០០ ករណីចាប់តាំងពីជំងឺរាតត្បាតនេះបានកើតឡើង។ មនុស្សចំនួន ៩០៩ នាក់ បានស្លាប់។ នេះបើយោងទៅតាមក្រសួងសុខាភិបាលអូស្ត្រាលី។
អូស្ត្រាលីមានចំណុចសំខាន់ៗចំនួនបួននៅក្នុងយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលរួមមានការរឹតត្បិតទៅលើការធ្វើដំណើរជាអន្តរជាតិ ការរឹតត្បិតសកម្មភាពសង្គមតឹងរ៉ឹង ការតាមដានអ្នកចម្លងជំងឺមានលក្ខណៈស្មុគស្មាញ និងការធ្វើតេស្តជាទ្រង់ទ្រាយធំ។
កម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសនៅអូស្ត្រាលីបានចាប់ផ្តើម កាលពីខែមុននេះ៕
ប្រែសម្រួលដោយលោកណឹម សុភ័ក្រ្តបញ្ញា