ប្រទេសអូស្ត្រាលីគ្រោងនឹងដាក់តំបន់មួយនៃមហាសមុទ្រឥណ្ឌាដែលមានទំហំធំជាងប្រទេសបារាំង ឬក៏ធំជាងរដ្ឋ Texas នៃសហរដ្ឋអាមេរិក ចូលក្នុងបណ្តាញឧទ្យានសមុទ្ររបស់ខ្លួន។
តំបន់អភិរក្សមួយនឹងត្រូវបង្កើតឡើងនៅជុំវិញកោះ Christmas ដែលមានចម្ងាយប្រមាណ ១.៥០០ គីឡូម៉ែត្រ ភាគខាងលិចប្រទេសអូស្ត្រាលី។
កោះនោះគឺជាទីតាំងរបស់មជ្ឈមណ្ឌលអន្តោប្រវេសន៍ដ៏ល្បីឈ្មោះមួយរបស់ប្រទេសអូស្ត្រាលី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងក៏ជាកន្លែងល្បីឈ្មោះសម្រាប់ទស្សនីយភាពដ៏អស្ចារ្យនៃការធ្វើចំណាកស្រុករបស់ក្តាមក្រហមរាប់លានក្បាលជារៀងរាល់ឆ្នាំផងដែរ។
តំបន់នេះគឺជាកន្លែងត្រីពងតែមួយគត់សម្រាប់ត្រីធូណាព្រុយខៀវតំបន់ភាគខាងត្បូងដែលជិតផុតពូជ។
ដែនជម្រកសមុទ្រផ្សេងទៀតនឹងរួមបញ្ចូលប្រជុំកោះ Cocos Keeling ផងដែរ។ ប្រជុំកោះផ្កាថ្មនេះគឺជាដែនដីខាងក្រៅមួយទៀតរបស់ប្រទេសអូស្ត្រាលី និងជាកន្លែងដែលមានប្រជាពលរដ្ឋប្រមាណ ៦០០ នាក់រស់នៅ។ កោះនោះស្ថិតនៅប្រហែលជាពាក់កណ្តាលរវាងទីក្រុង Perth ប្រទេសអូស្ត្រាលី និងប្រទេសស្រីលង្កា ដែលជាប្រទេសដីកោះនៅតំបន់អាស៊ីខាងត្បូង។
កោះ Christmas និងប្រជុំកោះ Cocos Keelingត្រូវបានអ្នកជំនាញចាត់ទុកថាជាទីកន្លែងដែលពោរពេញដោយជីវៈចម្រុះក្នុងមហាសមុទ្រឥណ្ឌា ដែលកំពុងរងសម្ពាធពីការនេសាទបែបឧស្សាហកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុលនានា។
ឧទ្យានសមុទ្រដែលត្រូវបានស្នើឡើងទាំងនេះនឹងមានទំហំសរុបរហូតទៅដល់ ៧៤០.០០០ គីឡូម៉ែត្រការ៉េ។ អង្គការបរិស្ថានជាច្រើនបានគាំទ្រឧទ្យានសមុទ្រទាំងនេះ។
អ្នកស្រី Christabel Mitchell នាយកថ្នាក់ជាតិនៃអង្គការ Save Our Marine Life Alliance បានប្រាប់ទីភ្នាក់ងារព័ត៌មាន ABC របស់ប្រទេសអូស្ត្រាលីថា អង្គការរបស់អ្នកស្រីស្វាគមន៍គម្រោងនេះ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «នេះគឺជាឱកាសដ៏គួរឲ្យរំភើបមួយ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីនេះគឺមានសារៈសំខាន់ជាសាកល។ តំបន់ទាំងនេះនឹងក្លាយជាឧទ្យានសមុទ្រធំៗបន្ថែមទៀតរបស់ពិភពលោក។ វាអាចមានទំហំរហូតដល់ទៅពីរដងនៃទំហំឧទ្យានសមុទ្រ Great Barrier Reef និងជាជំហានដ៏ធំមួយក្នុងការឆ្ពោះទៅរកការការពារធនធានសមុទ្រជាតិរបស់ប្រទេសអូស្ត្រាលី»។
អាជ្ញាធរអូស្ត្រាលីនឹងចាប់ផ្តើមការពិភាក្សាជាមួយសហគមន៍នានានៅលើកោះទាំងនោះនិងជាមួយនឹងវិស័យនេសាទបែបអាជីវកម្ម។
កន្លងមក ប្រទេសអូស្ត្រាលីបានបង្កើតឧទ្យានសមុទ្រចំនួន ៦០ កន្លែងនៅជុំវិញប្រទេស។ មន្ត្រីនានាបាននិយាយថា ពួកគេបានជួយអភិរក្សដែនជម្រកនានា និងពពួកសត្វផ្សេងៗដែលពឹងផ្អែកលើដែនជម្រកទាំងនោះ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ