តុលាការ​អូស្ត្រាលី​ពិចារណា​ផ្លូវ​ច្បាប់អំពី​ការ​គ្រប់គ្រង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​លើ​កោះ​ក្នុង​សមុទ្រ

  • Phil Mercer

រូបឯកសារ៖ រូបថត​របស់​ការិយាល័យ​រដ្ឋាភិបាល​នៅ​កោះ Nauru កាលពីថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ២០១២។ (REUTERS/Rod Henshaw)

តុលាការ​កំពូល​របស់​ប្រទេស​អូស្ត្រាលី​ពិចារណា​ផ្លូវ​ច្បាប់​សម្រាប់​ប្រព័ន្ធ​គ្រប់​គ្រង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដែល​នៅ​លើ​កោះ​ក្នុង​សមុទ្រ។

តុលាការ​កំពូល​របស់​ប្រទេស​អូស្ត្រាលី​ពិចារណា​ផ្លូវ​ច្បាប់​សម្រាប់​ប្រព័ន្ធ​គ្រប់​គ្រង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដែល​នៅ​លើ​កោះ​ក្នុង​សមុទ្រ។​ ក្រោម​គោល​នយោបាយ​យ៉ាង​តឹងរ៉ឹង​របស់​ខ្លួន​ ប្រទេស​អូស្រ្តាលី​បាន​បញ្ចូល​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទៅ​ជំរំ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ទៅ​សាធារណរដ្ឋ​តូចៗ​ ដូចជា​ កោះ​ Nauru​ និង​ Papua New Guinea។ ​ពួក​គេ​បាន​មក​ប្រទេសអូស្រ្តាលី​ដោយ​ទូក។

ការ​ពិចារណា​ផ្លូវ​ច្បាប់​របស់​តុលាការ​កំពូល​របស់​អូស្ត្រាលី​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​មាន​រឿង​ទាក់ទិន​ទៅ​នឹង​ស្ត្រី​ម្នាក់​ដែល​មក​ពី​ប្រទេស​បង់ក្លាដេស ​ដែល​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពី​កោះ ​Nauru ​មក​ប្រទេស​អូស្ត្រាលី​ដើម្បី​ព្យាបាល​ជំងឺ ​ហើយ​អ្នកស្រី​បាន​ទទូច​ថា អ្នកស្រី​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន​ទេ ​ពី​ព្រោះ​វា​គ្រោះថ្នាក់​សម្រាប់​អ្នកស្រី។​

មេធាវី​បាន​សាកសួរតុលាការ​ក្រុង​ Canberra ​ថា តើ​វា​ស្រប​ច្បាប់​ឬ​ទេ​ រឿង​ដែលរដ្ឋាភិបាល​អូស្ត្រាលី​ផ្ដល់​មូលនិធិ​សម្រាប់​មជ្ឈមណ្ឌល​រក្សា​ទុក​ជនភៀស​ខ្លួន​ក្នុង​សមុទ្រ​ និង​បញ្ចូន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ទីនោះ។​

រដ្ឋាភិបាល​ក្រុង​ Canberra ​បាន​ទទូច​ចង់​បាន​កិច្ច​ព្រមព្រៀង​ជា​មួយ​ប្រទេស​ដទៃ​ ដែល​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​សម្រាប់​គោល​នយោបាយអំពី​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ ដូចជា​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​ ដើម្បី​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា។ ​រហូត​មក​ដល់​ពេល​នេះ ​មនុស្ស​៤នាក់​ត្រូវ​បាន​ទទួល​យកដោយ​ប្រទេស​កម្ពុជា​ ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​លុយ​អស់​៣៩៥សែន ដុល្លារ។ លោក Peter Dutton ​រដ្ឋមន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​របស់​អូស្ត្រាលីបាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ចាប់​ផ្តើម​ជីវិត​ថ្មី។​

«យើង​កំពុង​ធ្វើ​ការ​ជា​មួយ​រដ្ឋបាល​ Nauru ​និង​មនុស្ស​លើ​កោះ​ Nauru ​ដើម្បី​ឲ្យ​គេ​ជ្រើសរើស​យក​ជម្រើស​ដូច​ប្រទេស​កម្ពុជា​ ហើយ​បើ​យើង​អាច​ធ្វើ​ដូចនេះ​បាន​ នោះ​យើង​អាច​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​ជា​ថ្មី។​ យើង​អាច​ផ្តល់​ការ​ជួយ​ទំនុក​បម្រុង​សម្រាប់​សេវា​តាំង​លំនៅ​កន្លែង​ស្នាក់​អាស្រ័យ ​ការងារ​ធ្វើ​ ការ​អប់រំ។ល។ ​វា​ពិបាក​ នៅ​ពេល​ដែល​យើង​មាន​បំណង​ល្អ​ តែ​មាន​អ្នកតស៊ូ​មតិ​របស់​ជន​ភៀស​ខ្លួន​នៅ​ទី​នេះ​ នាំ​សារ​មិន​ឲ្យ​ប្រជាជន​ Nauru ​ទទួល​យក​គំនិត​នេះ។ ​គេ​ថា​ "កុំ​ចេញ​ពី​កោះ​នេះ។​ អ្នក​នឹង​បាន​នៅ​ប្រទេស​អូស្ត្រាលី»។​

ប្រទេស​អូស្ត្រាលី​បាន​ឲ្យ​ទិដ្ឋាការ​ដល់​ជន​ភៀស​ខ្លួន​ចំនួន​១៣.៧៥០​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ក្រោម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្សេងៗ។ ​ក្នុង​ខែ​កញ្ញា ​រដ្ឋាភិបាល​អូស្រ្តាលី​បាន​និយាយ​ថា​ ប្រទេស​អូស្ត្រាលី​នឹង​ទទួលជន​ភៀសខ្លួន​១២.០០០​នាក់​ទៀត​មក​ពី​ស៊ីរី ​និង​អ៊ីរ៉ាក់៕​

ប្រែសម្រួល​ដោយលោក មាន​ ឥស្សរាយស