ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប.ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០០៦។ ក្រុមប្រឹក្សានេះមានប្រទេស៤៧ជាសមាជិក ដែលទទួលខុសត្រូវលើការលើកកម្ពស់ និងការពារសិទ្ធិរបស់បុគ្គលនៅជុំវិញពិភពលោក។
នៅពាក់កណ្តាលខែតុលា ប្រទេសអូស្ត្រាលី បានក្លាយជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកថ្មីចំនួន១៥ រួមទាំងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងកាតា។ ប្រទេសទាំងនេះធ្វើការជាមួយនឹងប្រទេសសមាជិកចាស់ ដែលរួមមានអារ៉ាប៊ីសាអូឌីត ចិន និងអង់គ្លេស។
រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនានាដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សានេះ ត្រូវឲ្យគេពិនិត្យ និងចោទជាសំណួរលើកំណត់ត្រាសិទ្ធិមនុស្សរបស់ពួកគេ។
រដ្ឋាភិបាលក្រុងកង់បេរ៉ា បានការពារកំណត់ត្រារបស់ខ្លួន ដោយបានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលី ដែលជាប្រទេសមានវប្បធម៌ចម្រុះខ្លាំងបំផុតក្នុងពិភពលោកមួយ បានផ្តល់ការតាំងទីលំនៅសារជាថ្មីដល់ជនភៀសខ្លួនជាង៨៦៥.០០០នាក់ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ក្រុមមន្ត្រីក៏បាននិយាយផងដែរថា ប្រទេសអូស្ត្រាលីកំពុងបិទជំរំឃុំខ្លួនដ៏ចម្រូងចម្រាសមួយសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ហើយបានយកក្មេងៗទាំងអស់ចេញពីមជ្ឈមណ្ឌលអន្តោប្រវេសន៍ផងដែរ។
លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេស បាននិយាយថា ប្រទេសអូស្ត្រាលីនឹងក្លាយជាកន្លែងមួយ ដែលមិនមានការភ័យខ្លាច ក្នុងការតស៊ូមតិអំពីសិទ្ធិមនុស្សជុំវិញពិភពលោក។
«យើងជាប្រទេសប្រកាន់គោលការណ៍ និងដោះស្រាយបញ្ហាដោយផ្នែកលើហេតុផល ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។ យើងយកចិត្តទុកដាក់លើបញ្ហាមួយចំនួនរួមមាន ការផ្តល់អំណាចដល់ស្ត្រី សិទ្ធិជនជាតិភាគតិច និងស្ថាប័នសិទ្ធិមនុស្សដ៏រឹងមាំនៅក្នុងស្រុក និងបញ្ហាស្រដៀងនេះផ្សេងទៀត»។
ប៉ុន្តែ ក្រុមសិទ្ធិមនុស្សមានមន្ទិលសង្ស័យលើកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសអូស្ត្រាលី។ ពួកគេបានថ្កោលទោសជាប្រចាំ លើការឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោន នៅក្នុងជំរំក្រៅប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលក្រុងកង់បេរ៉ាថា មិនអើពើលើសហគមន៍ជនជាតិភាគតិច ដែលរងទុក្ខទោសខ្លាំង ដោយសារភាពក្រីក្រក្នុងអត្រាខ្ពស់ បញ្ហាសុខាភិបាល និងការជាប់ពន្ធនាគារ។
លោកស្រី Anna Brown ប្រធានផ្នែកតស៊ូមតិផ្លូវច្បាប់នៅមជ្ឈមណ្ឌលច្បាប់សិទ្ធិមនុស្ស (Human Rights Law Center) បាននិយាយថា ខណៈដែលអូស្ត្រាលីទទួលបានជោគជ័យលើសិទ្ធិមនុស្សភេទទី៣ ផ្នែកផ្សេងៗទៀតនៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែដោះស្រាយ។
«ប្រទេសអូស្ត្រាលីជាភាគីមួយ ដែលដើរតួនាទីដ៏មានប្រសិទ្ធភាព នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការលើកស្ទួយការការពារក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា (LGBTI) នៅទូទាំងពិភពលោក ប៉ុន្តែជាក់ស្តែង មានឧទាហរណ៍ផ្សេងទៀតដែលអូស្ត្រាលី ត្រូវតែចេញមុខដោះស្រាយ។ ប្រទេសនេះត្រូវនិយាយ និងបង្ហាញជំហរជាគោលការណ៍ ហើយមិនត្រូវជ្រើសរើសផ្នែកណាមួយ ដែលខ្លួនចង់និយាយអំពីសិទ្ធិមនុស្សនោះទេ»។
ប្រទេសអូស្ត្រាលី នឹងកាន់តំណែងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមពីខែមករាទៅ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ