អ្នកធ្វើយុទ្ធនាការ កំពុងជម្រុញឲ្យប្រទេសអូស្រ្តាលី ចាត់វិធានការណ៍បន្ថែមទៀត ដើម្បីបញ្ឈប់ការរៀបការដោយបង្ខំនៅក្នុងសហគមន៍ជាច្រើនដែលជនអន្តោប្រវេសន៍រស់នៅ។ ចាប់តាំងពីការរៀបការដោយបង្ខំនៅក្នុងប្រទេសអូស្រ្តាលីបានក្លាយជាករណីខុសច្បាប់កាលពីប្រាំឆ្នាំកន្លងទៅ មានករណីរៀបការដោយបង្ខំជាង២៣០ ត្រូវបានបញ្ជូនទៅឲ្យប៉ូលិសរបស់សហព័ន្ធអូស្រ្តាលី ប៉ុន្តែករណីទាំងនេះមិនត្រូវបានកាត់ទោសឡើយ។
មិនមានករណីរៀបការដោយបង្ខំណាមួយក្នុងប្រទេសអូស្រ្តាលី បានកាត់ទោសដោយជោគជ័យឡើយ គិតចាប់តាំងពីការរៀបការដោយបង្ខំ បានក្លាយជាបទឧក្រិដ្ឋនៅក្នុងប្រទេសនេះ នៅក្នុងខែមីនា ឆ្នាំ២០១៣មក។ ប៉ូលិសបានលើកឡើងថា ករណីទាំងនេះ គឺមិនឆ្លុះបញ្ចាំងអំពីការងាររបស់ពួកគេ ដែលការពារ ឬ ក៏បង្អាក់ការរៀបការដោយបង្ខំឡើយ។
អ្នកធ្វើយុទ្ធនាការ លើកឡើងថា ជនរងគ្រោះភាគច្រើនគឺក្មេងស្រី ដែលមានអាយុក្រោម១៨ឆ្នាំ ប៉ុន្តែក្មេងស្រីជាច្រើននាក់ មិនហ៊ានរាយការណ៍ទៅអាជ្ញាធរទេ ដោយសារតែក្មេងស្រីទាំងនោះ ភ័យខ្លាចថា នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឬ ក៏បំបែកចេញពីគ្រួសារ និងសហគមន៍របស់ពួកគេ។ ក្មេងស្រីទាំងនោះមានការស្ទាក់ស្ទើរ ក្នុងការនិយាយ ឬ ក៏ចាប់ផ្តើមបណ្តឹងព្រហ្មទណ្ឌប្រឆាំងទៅនឹងសាច់ញាតិ ឬ ក៏មិត្តភក្តិរបស់ពួកគេ។
លោកស្រី Jennifer Burn នាយិកានៃអង្គការប្រយុទ្ធប្រឆាំងទៅនឹងទាសភាព នៃប្រទេសអូស្រ្តាលី Anti-Slavery Australia បានថ្លែងថា យើងមិនដឹងទេថា ករណីរៀបការដោយបង្ខំនេះ មានទំហំប៉ុណ្ណា។
លោកស្រី Burn បានថ្លែងថា៖
«ខ្ញុំគ្មានការសង្ស័យឡើយថា មានក្មេងស្រីជាច្រើនទៀតនៅក្នុងសហគមន៍ ដែលគេមិនស្គាល់មុខ ហើយដែលត្រូវគេបង្ខំឲ្យរៀបការ ឬ ក៏កំពុងតែជួបប្រទះការរៀបការដោយបង្ខំនោះ»។
នាង Bee Al Darraj បានរត់ចេញពីផ្ទះនៅក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីបងស្រីរបស់នាងពីរនាក់ទៀត ត្រូវបានបង្ខំឲ្យធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ដើម្បីរៀបការ។
នាង Bee Al Darraj បានថ្លែងថា៖
«ខ្ញុំមានការភ័យខ្លាចជាខ្លាំង ក្រោយពីបានឃើញអ្វីដែលបងស្រីរបស់ខ្ញុំបានជួបប្រទះ។ ខ្ញុំមិនចង់ជួបប្រទះរឿងដូចពួកគាត់ទេ។ ខ្ញុំតវ៉ាតាមដែលខ្ញុំអាចធ្វើបាន។ ខ្ញុំព្យាយាមពន្យាពេលតាមដែលខ្ញុំអាចធ្វើបាន។ នៅពេលដែលខ្ញុំមានអាយុប្រហែលជា១៥ឆ្នាំ ខ្ញុំទ្រាំលែងបានទៀតហើយ ហើយខ្ញុំក៏រត់ចេញពីផ្ទះ ពីព្រោះតែខ្ញុំដឹងថា ខ្ញុំនឹងត្រូវបង្ខំឲ្យរៀបការក្នុងរយៈពេលមួយសប្តាហ៍ខាងមុខទៀត ប្រសិនបើខ្ញុំនៅផ្ទះតទៅទៀតនាពេលនោះ»។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលប្រទេសអូស្រ្តាលី បានប្រកាសពីផែនការណ៍មួយដែលមានរយៈកាលពេញមួយឆ្នាំ ដើម្បីបង្កើតភាពងាយស្រួលដល់ជនរងគ្រោះដើម្បីទទួលបានការគាំពារ។ ជនរងគ្រោះអាចទទួលបានការគាំពារដោយគ្មានការចូលរួមពីសំណាក់ប៉ូលិស នៅក្រោមគម្រោងនេះ។
រដ្ឋាភិបាលទីក្រុង Canberra បានបញ្ជាក់ថា ការរៀបការដោយបង្ខំ គឺជាការអនុវត្តន៍ទាសភាព ក្រោមទំរង់នៃការរំលោភបំពានផ្នែកយ៉េនឌ័រ និងការរំលោភសិទ្ធិមនុស្ស។
ចក្រភពអង់គ្លេស បានដាក់ចេញនូវច្បាប់ដែលមានភាពស្រដៀងគ្នានេះនៅក្នុងឆ្នាំ២០១៤ ដើម្បីកាត់ទោសការរៀបការដោយបង្ខំ។ តុលាការអង់គ្លេសទើបតែបានកាត់ទោសករណីរៀបការដោយបង្ខំដំបូងបំផុត។
នៅក្នុងប្រទេសអូស្រ្តាលី បទឧក្រិដ្ឋទាំងនេះ បានប៉ះពាល់ដល់ជនអន្តោប្រវេសន៍ដែលជាស្រ្តី និងកុមារ មកពីសហគមន៍មជ្ឈឹមបូព៌ា និងស្រ្តី និងកុមារផ្សេងទៀតមកពីប្រទេសបង់ក្លាដែស អាហ្វហ្គានីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន៕
ប្រែសម្រួលដោយ យូ សុធារី