«មានការព្រួយបារម្ភយ៉ាងខ្លាំង» ជាពាក្យពេចន៍ដែលមន្ត្រីនៅក្នុងរដ្ឋាភិបាលប្រទេសអូស្ត្រាលីបានឆ្លើយតបចំពោះរបាយការណ៍ថា អ្នកទិញត្រូវបានអាជ្ញាធរចិនបញ្ជាមិនឱ្យទិញធ្យូង ទង់ដែង ស្រា ស្រូវបាឡេ ស្ករ បង្កង និងឈើពីប្រទេសអូស្ត្រាលី ដោយមិនមានមូលហេតុច្បាស់លាស់នោះទេ ហើយប្រទេសអូស្ត្រាលីកំពុងរង់ចាំការបកស្រាយទៅលើបញ្ហានេះ។
លោក Simon Birmingham រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគនៃប្រទេសអូស្ត្រាលី និយាយថា អាជ្ញាធរចិនបានបដិសេធចំពោះការចោទប្រកាន់លើកិច្ចប្រឹងប្រែង ដើម្បីប្រឆាំងនឹងអូស្ត្រាលី។
ការនាំចេញផលិតផលកសិដ្ឋានអូស្ត្រាលីចំនួន ១ ភាគ ៣ ត្រូវបានលក់ទៅឱ្យចិន ហើយមានការព្រួយបារម្ភខ្លាំងថា អាជីវកម្មនេះនឹងជាប់គាំង ដោយសារតែការកើនឡើងនៃភាពតានតឹងផ្នែកការទូត។
នៅក្នុងឆ្នាំ ២០១៨ អូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន មិនឱ្យធ្វើប្រតិបត្តិការបណ្តាញ 5G ដោយសារតែក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ។
ចាប់តាំងពីពេលនោះមក មានការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិនទៅក្នុងនយោបាយក្នុងស្រុករបស់អូស្ត្រាលី និងចារកម្មតាមអ៊ីនធឺណិត ព្រមទាំងការឃុំខ្លួនពលរដ្ឋអូស្ត្រាលីនៅក្នុងប្រទេសចិនផងដែរ។
រដ្ឋាភិបាលអូស្ត្រាលីក៏បានប្រកាន់យកគោលជំហរកាន់តែតឹងរ៉ឹងលើបញ្ហាព្រំដែននៅសមុទ្រចិនខាងត្បូង។ ជាលទ្ធផល ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលអាក្រក់ ដែលមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់អូស្ត្រាលីថាមាន «រោគប្រឆាំងចិន»។
ការអំពាវនាវរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា នៅដើមឆ្នាំនេះ ចំពោះការស៊ើបអង្កេតជាសាកលទៅលើប្រភពនៃជំងឺកូវីដ១៩ បានធ្វើឱ្យចិនកាន់តែខឹងខ្លាំង។
អ្នកស្រី Madeleine King ដែលជាអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង និងជារដ្ឋមន្ត្រីស្រមោលនៅក្រសួងពាណិជ្ជកម្ម បានថ្លែងថា នេះជាចំណាត់ការដែលអ្នកស្រីគាំទ្រ ប៉ុន្តែអ្នកស្រីនិយាយថា រដ្ឋាភិបាលដោះស្រាយបញ្ហានេះមិនបានត្រឹមត្រូវនោះទេ។
អ្នកស្រី King ថ្លែងថា៖ «យើងគាំទ្រចំណាត់ការនោះ ប៉ុន្តែយើងក៏មានបញ្ហាផងដែរ។ លោករដ្ឋមន្ត្រីទំនងជាបានលើកពីបញ្ហានេះនៅក្នុងសារព័ត៌មាន ប៉ុន្តែនោះមិនមែនជាវិធីដែលអ្នកដោះស្រាយបញ្ហាការទូត ឬវិធីដែលអ្នកធ្វើដើម្បីជោគជ័យនោះទេ។ ខ្ញុំគិតថា គ្រប់គ្នាអាចមើលឃើញថា វាជាបរាជ័យតិចតួចរបស់រដ្ឋាភិបាល ប៉ុន្តែថ្ងៃស្អែកគឺជាថ្ងៃថ្មីមួយទៀត ហើយអ្នកត្រូវចាប់ផ្តើមកសាងទំនាក់ទំនងនេះឡើងវិញ»។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋនៅក្នុងប្រទេសចិនកំពុងចោទប្រកាន់លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីពី «ការចូលរួមដោយមិនគិតមុខក្រោយ ក្នុងការប៉ុនប៉ងរបស់រដ្ឋបាលសហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងចិន»។
រដ្ឋាភិបាលក្រុងកង់បេរ៉ាបានព្យាយាមរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏យូរលង់មួយរបស់ខ្លួន។
មកទល់ពេលនេះ ពាណិជ្ជកម្មក្នុងវិស័យគន្លឹះមួយមិនទាន់រងផលប៉ះពាល់ពីជម្លោះរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងកង់បេរ៉ានៅឡើយទេ។ ការនាំចេញរ៉ែដែករបស់អូស្ត្រាលី ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារជាផ្នែកដ៏សំខាន់មួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋាន ដែលជួយធ្វើឱ្យសេដ្ឋកិច្ចចិនដែលជាសេដ្ឋកិច្ចធំបំផុតទី ២ នៅក្នុងពិភពលោកបន្តដំណើរការទៅមុខ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន BHP និងក្រុមហ៊ុន Rio Tinto ដែលជាក្រុមហ៊ុនរុករកធនធានដ៏ធំរបស់អូស្ត្រាលី មានការពឹងផ្អែកខ្លាំងលើតម្រូវការរបស់ចិន ហើយអ្នកវិភាគនិយាយថា ពួកគេនឹងធ្វើការវាយតម្លៃឡើងវិញពីហានិភ័យនយោបាយពាក់ព័ន្ធនឹងការធ្វើការជាមួយនឹងចិន៕