ថ្ងៃទី១០ ខែវិច្ឆិកា គឺជាថ្ងៃមួយទៀតដែលប្រទេសអូស្ត្រាលីពុំបានរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីក្នុងស្រុក។ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសអូស្ត្រាលីទាំងមូល មានករណីអ្នកឆ្លងជំងឺកូវីដ១៩ តិចជាង ៩០ នាក់ ដែលកំពុងសម្រាកព្យាបាល។
ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាកន្លងទៅនេះ ប្រទេសអូស្ត្រាលីពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗនៅក្នុងសហគមន៍នោះទេ ដែលនេះជាលទ្ធផលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដ៏ខ្លាំងរបស់ខ្លួន។
រដ្ឋ Victoria ដែលទទួលរងការប៉ះពាល់ខ្លាំងដោយរលកឆ្លងជាលើកទី ២ នៃជំងឺកូវីដ១៩ បានរាយការណ៍ថា ពុំបានរកឃើញករណីអ្នកឆ្លងថ្មីៗ ឬអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល ១១ ថ្ងៃជាប់ៗគ្នានេះទេ។
ការត្រួតពិនិត្យរិតបន្តឹងខ្លាំងត្រូវបានបន្ធូរបន្ថយនៅក្នុងទីក្រុង Melbourne ដែលជារដ្ឋធានីរបស់រដ្ឋ Victoria ខណៈការបិទសកម្មភាពដែលមានរយៈពេលវែងជាងគេបង្អស់ នៅក្នុងពិភពលោករបស់ទីក្រុងនេះ ដោយសារវីរុសកូរ៉ូណាបានមកដល់ទីបញ្ចប់ហើយ។
ទោះបីជាយ៉ាងនេះក្តី ការរឹតបន្តឹងមួយចំនួននៅរក្សាដដែល។ ការពាក់ម៉ាស់ការពារនៅតែជាការតម្រូវឲ្យធ្វើដដែលក្នុងរដ្ឋ Victoria ហើយអាជ្ញាធរនិយាយថា ការប្រារព្ធទិវាចងចាំនៃការបញ្ចប់សង្គ្រាមលោកលើកទី ១ នៅថ្ងៃទី១១ ខែវិច្ឆិកានោះ ត្រូវបានលុបចោល ដោយសារការកំហិតនៃការជួបជុំគ្នានេះ។
ការប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយធំ ក៏ត្រូវបានហាមឃាត់ផងដែរក្នុងពិធីបាញ់កាំជ្រួចដ៏មានប្រជាប្រិយនៅថ្ងៃឆ្លងឆ្នាំ ក្នុងទីក្រុង Sydney ។ ការបាញ់កាំជ្រួចនៅពាក់កណ្តាលអធ្រាត្រនៃម៉ោងឆ្លងឆ្នាំ នឹងត្រូវធ្វើជាធម្មតា ប៉ុន្តែនឹងមានរយៈពេលខ្លីជាងរាល់ឆ្នាំ។
កន្លែងសម្រាប់មើលកាំជ្រួចឆ្លងឆ្នាំនៅទីតាំងកំពង់ផែដ៏សំខាន់ នឹងត្រូវទុកសម្រាប់ក្រុមការងារជួយសង្គ្រោះបន្ទាន់ និងក្រុមមន្ត្រីសុខាភិបាលជួរមុខតែប៉ុណ្ណោះ។
អ្នកស្រី Gladys Berejiklian នាយករដ្ឋមន្រ្តីប្រចាំរដ្ឋ New South Wales បានលើកឡើងថា៖ «យើងនឹងផ្សព្វផ្សាយកម្មវិធីលម្អិតក្នុងពេលឆាប់ៗនេះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ប្រសិនបើអ្នកមិនមានសំបុត្រសម្រាប់ចូលទៅកន្លែង ដែលបានកំណត់ទុកទាំងនេះទេ ឬក៏មិនបានកក់កន្លែងនៅភោជនីយដ្ឋាន ឬហាងកាហ្វេណាមួយជាមុនទេ នោះអ្នកនឹងមិនអាចចូលទៅទីតាំងសំខាន់ៗ ដើម្បីមើលការបាញ់កាំជ្រួចនៅយប់ឆ្លងឆ្នាំនោះបានទេ»។
ប្រទេសអូស្ត្រាលីមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៧.៦០០ នាក់ ចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្តើមផ្ទុះឡើងមក។ មនុស្សចំនួន ៩០៧ នាក់ បានស្លាប់ ដោយសារជំងឺនេះក្នុងប្រទេសអូស្ត្រាលី។
មន្ត្រីសុខាភិបាលបាននិយាយថា មានកត្តាសំខាន់បួន ដែលបានរួមចំណែកក្នុងការធ្វើឲ្យប្រទេសអូស្ត្រាលី ទទួលបានជោគជ័យក្នុងការទប់ស្កាត់វីរុសកូរ៉ូណា ដែលមានការឆ្លងខ្ពស់។ កត្តាទាំងនោះ មានដូចជាការបិទព្រំដែនអន្តរជាតិរបស់ខ្លួនមិនឲ្យជនបរទេសចូលក្នុងខែមីនា ការធ្វើតេស្តរកវីរុសក្នុងទ្រង់ទ្រាយធំ ការតាមដានរកអ្នកពាក់ព័ន្ធនឹងជំងឺនេះមានលក្ខណៈដិតដល់ និងការប្រកាន់ខ្ជាប់នូវវិធានការគម្លាតសង្គម ក៏ដូចជាការធ្វើអនាម័យផងដែរ។
ព្រំដែនជាច្រើនដែលចែកខ័ណ្ឌរវាងរដ្ឋនីមួយៗ និងទឹកដីរបស់ប្រទេសអូស្ត្រាលី ត្រូវបានបិទដើម្បីទប់ស្កាត់ការរាលឆ្លងវីរុសកូរ៉ូណា។
អាជ្ញាធរក្នុងរដ្ឋ Queensland បានលើកឡើងកាលពីថ្ងៃអង្គារថា ពួកគេសង្ឃឹមថា នឹងអនុញ្ញាតឲ្យមានការធ្វើដំណើរទៅមកជាមួយរដ្ឋ Victoria នៅដើមខែក្រោយ។ ក្រុមមន្ត្រីក្នុងរដ្ឋ South Australia ក៏បានជួបប្រជុំគ្នាផងដែរ ដើម្បីពិភាក្សាពីការបើកឡើងវិញនូវព្រំដែនរបស់ខ្លួនជាមួយរដ្ឋVictoriaដែលជារដ្ឋជិតខាង។ ព្រំដែនអន្តរជាតិរបស់អូស្រ្តាលីមិនត្រូវគេរំពឹងថា នឹងបើកឡើងវិញទេរហូតដល់ឆ្នាំក្រោយ។
ខណៈពេលដែលរដូវក្តៅកំពុងខិតជិតមកដល់ អាជ្ញាធរសុខាភិបាលបានជំរុញឲ្យពលរដ្ឋអូស្ត្រាលីកុំធ្វេសប្រហែសនឹងជំងឺកូវីដ១៩ នេះឲ្យសោះ ៕
ប្រែសម្រួលដោយ ជ្រា វណ្ណរិទ្ធ