លោក​ស្រី Aung San Suu Kyi ស្នើ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​​រក្សា​នូវ​ការ«រួបរួម​គ្នា»

បាតុករ​ម្នាក់​លើក​រូប​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​ស៊ីវិល​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ដោយ​យោធា ទីក្រុងរ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ ​

មេដឹកនាំ​ស៊ីវិល​លោក​ស្រី Aung San Suu Kyi ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​រដ្ឋប្រហារយោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ស្នើដល់​ពលរដ្ឋ​របស់​លោក​ស្រី​ឲ្យរក្សា​ការ«រួបរួម​គ្នា» នៅ​ក្នុង​ការ​ប្រឈមការគ្រប់គ្រង​របស់​ពួកយោធា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​មេធាវី​ការពារ​ក្តី​របស់​លោក​ស្រី​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ខណៈ​ដែល​លោក​ស្រី​បាន​ចូលរួម​ក្នុង​សវនាការ​កាត់​ក្តី​របស់​លោកស្រី​ជា​ថ្មី​ទៀត​ នៅ​ក្នុង​តុលាការ​នៃ​របប​យោធា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជ័យ​លាភី​ណូបែល​សន្តិភាព​និង​ជា​កូនស្រី​របស់​វីរបុរស​ឯករាជ្យ​ជាតិ​មីយ៉ាន់ម៉ា​គឺ​លោក​ឧត្តមសេនីយ៍ Aung Sanត្រូវ​បាន​របប​យោធាចាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ចាប់​តាំងពី​ក្រោយ​ថ្ងៃរដ្ឋប្រហារ​យោធា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ាដោយ​អ្នកគាំទ្រ​ប្រជាធិបតេយ្យនៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា។ ពួកគេត្រូវ​ទទួល​ការ​បង្ក្រាប​យ៉ាង​ប្រល័យ​ពី​រដ្ឋអំណាច​យោធា។

ការ​ឡើង​តុលាការ​របស់​លោក​ស្រី Suu Kyi ដែល​មាន​វ័យ​៧៦​ឆ្នាំ​នោះ​ មិន​ត្រូវ​បានបើក​ឲ្យ​ពិភព​ខាង​ក្រៅមើល​ឃើញ​នោះ​ទេ។ លោក​ស្រី​អាច​ត្រូវ​ជាប់ពន្ធនាគារជាង​១០​ឆ្នាំ បើ​តុលាការនៃ​របប​យោធា​កាត់ឲ្យ​ជាប់​ទោស នៅ​គ្រប់​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ លោក​ស្រី Suu Kyi បាន​ផ្តល់​សក្ខីកម្ម​លើបទ​ចោទ​ប្រកាន់​ថា លោក​ស្រី​បាន​រំលោភ​បំពាន​លើការ​រឹត​បន្តឹង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោតនៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​ដែល​បាន​ទទួល​ជ័យ​ជម្នះភ្លូក​ទឹក​ភ្លូក​ដី​កាល​ពី​ឆ្នាំ​ទៅ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់មេធាវី​ការពារ​ក្តីរបស់​លោកស្រី Suu Kyi គឺ​អ្នក​ស្រី Min Min Soe ដែលបាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន។

មេធាវី​រូប​នោះ​បាន​បញ្ជាក់​ថា៖ «លោក​ស្រី Suu Kyi បាន​ស្នើ​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ឲ្យ​រក្សា​ការ​រួប​រួម​គ្នា និង​មាន​ជំហរ​ស្របគ្នា»។

អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោកWin Myint និង​លោកMyo Aung មេដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យក៏​បាន​ឡើង​តុលាការផង​ដែរ​កាលពី​ថ្ងៃ​អង្គារ​លើ​បទ​បង្ក​ឲ្យ​មាន​ការបះបោរ​ហើយ​បាន​បង្ហាញ​ខ្លួនក្នុង​តុលាការ​ដោយ​ឈរទន្ទឹម​នឹង​លោកស្រី Suu Kyi ផង​ដែរ។

បើ​យោងទៅ​លើ​ក្រុមតាម​ដាន​ស្ថាន​ភាព​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ប្រមាណ​ជាង​៨៨០​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​អាជ្ញាធរ​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ការ​បង្ក្រាបដ៏​ឃោរឃៅ​របស់​ពួក​គេ៕