កញ្ញា​សាសា​ប្តេជ្ញា​រក​យុត្តិធម៌​ស្រប​ពេល​អ្នក​ឯកទេស​សុំ​ជនរងគ្រោះ​ផ្សេង​ទៀត​កុំ​លាក់លៀម

លោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ប្រធានបទ «អំពើហិង្សាលើស្រ្តីនិងកុមារ៖ ការផ្លាស់ប្តូរឥរិយាបទចំពោះអំពើហិង្សា» នៅ​ក្នុង​​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​​ច័ន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)​

អ្នក​ឯកទេស​ខាង​ផ្នែក​យេនឌ័រលើក​ទឹក​ចិត្ត​ឱ្យ​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ត្រូវ​ហ៊ាន​និយាយ​ចេញ​ដោយ​ចំហ​ដើម្បី​ចូលរួម​ទប់​ស្កាត់​អំពើ​នេះ​មិន​ឱ្យ​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា។

ការ​អំពាវនាវ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ករណី​ហិង្សា​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ក្នុង​នោះ​ មាន​ដូច​ជា​ករណី​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចូល​វាយ​យុវតី​សិស្ស​វិទ្យាល័យ​មួយ​ក្នុង​សាលារៀន​នៅ​រាជធានី​ភ្នំពេញ​និង​ករណីវាយ​តប់​ទាត់​ធាក់​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​គឺ កញ្ញា​ ឯក សុជាតា​ (ហៅ​សាសា) ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ឧកញ៉ា​ សុខ ប៊ុន និង​អង្គរក្ស​កាល​ពី​ដើម​ខែ​កក្កដា​នេះ។ ​

លោកស្រី​ រស់ សុភាព នាយកា​ អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​បញ្ជាក់នៅ​ក្នុង​កម្មវិធី​Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖

«យើង​បាន​គិត​ថា​យើង​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​ថា​អំពើ​ទាំងអស់​នេះ​មិន​គួរ​ណា​ឱ្យ​កើត​មាន​ឡើង​តទៅ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​ប្រទេស​កម្ពុជា​បាន​ចំណាយ​ពេល​វេលាយ៉ាង​ច្រើន​និង​ធនធាន​យ៉ាង​ច្រើន​ទាំង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​ស្ត្រី​ជាច្រើន​បាន​ធ្វើ​ការងារ​នេះ​រហូតដល់​យើង​ធ្វើ​ការ​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់​ព្រម​ទាំង​យើង​បាន​លើក​យក​បញ្ហា​នេះ​រហូតដល់​ថ្នាក់​អន្តរជាតិ​ដែល​នៅ ថ្នាក់​អង្គការ​សហប្រជាជាតិ​ពេល​ថ្មីៗនេះ​ជាដើម‍»។​

Your browser doesn’t support HTML5

អំពើហិង្សាលើស្រ្តីនិងកុមារ៖ ការផ្លាស់ប្តូរឥរិយាបទចំពោះអំពើហិង្សា

លោកស្រី​បន្ថែម​ថា​ហេតុការណ៍​ដែល​បាន​កើត​មាន​ឡើង​លើ​ពិធីការិនី​រូប​នេះ​ធ្វើ​ឱ្យ​សកម្មជន​ខាងយេនឌ័រ​មិន​អាច​នៅ​ស្ងៀម​បាន​ទេហើយកំពុង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ជន​រងគ្រោះ។

លោកស្រី រស់ សុភាព​ពន្យល់​ថា​គ្មាន​ហេតុ​ផល​និង​សិទ្ធិ​អ្វី​ដែល​ផ្តល់​ឱ្យ​បុរសយក​ជា​លេស​ដើម្បី​មក​វាយ​ដំច្រំ​ធាក់​ស្ត្រី​បាន​ឡើយ៖ «ទោះ​ជា​មូលហេតុ​យ៉ាង​ណា​ក៏ដោយ​មិន​អាច​យក​មក​ធ្វើ​ជា​ការ​វាយដំ​ហើយ​នឹង​រហូតដល់​ធ្វើ​ឱ្យ​បកអាក្រាត​ទៅលើ​ស្រ្តី​បាន​ទេ​»។​

កញ្ញា​ឯក សុជាតា​ត្រូវ​បាន​ជនសង្ស័យ​ សុខ ប៊ុន និង​អង្គរក្ស​ដែល​មាន​ប្រដាប់​ដោយ​អាវុធ​ខ្លី​បាន​វាយ​តប់​ទាត់​ធាក់​សម្រាត​ខោអាវ​នៅ​ក្លឹប​មួយ​កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១​ចូល​ថ្ងៃ​ទី​២​ខែ​កក្កដា​ដោយ​សារ​ទំនាស់​ពាក់​ព័ន្ធ​នឹង​ជនរងគ្រោះ​ព្យាយាម​ការពារ​មិត្ត​ស្រី​ជន​ជាតិ​ជប៉ុន​មិន​ឱ្យ​ក្រុម​បុរស​នេះ​យក​ទៅ​ធ្វើ​បាប​ដូច​ក្នុង​ពេល​កន្លងមក។ នេះ​បើ​តាម​រូបភាព​វីដេអូ​ដកស្រង់​ពី​កាម៉េរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​ចែកផ្សាយ​តាម​បណ្តាញ សង្គម​និង​ការ​បញ្ជាក់​របស់​ជន​រងគ្រោះ។

បន្ទាប់​ពី​ហេតុ​ការណ៍​នោះ​ក្រុមគ្រួសារ​របស់​នាង​បាន​ដាក់​ពាក្យ​ប្តឹង។នាង ​ឯក សុជាតាបាន​ប្តេជ្ញា​ថា​ហេតុការណ៍​អាក្រក់​ដែល​កើត​មក​លើ​នាង​បាន​ជួយ​ជំរុញ​ឱ្យ​នាង​មាន​ចិត្ត​ចង់​ជួយ​ដល់​ជន​រងគ្រោះ​ដទៃ​ទៀត​ដែល​មិន​មាន​ក្តី​ក្លាហាន​ហ៊ាន​បកអាក្រាត​ជន​ល្មើស​ដែល​មាន​អំណាច​និង​លុយកាក់។

នាង​ក៏​នឹង​ចូលរួម​ក្នុង​សកម្មភាព​លើក​កម្ពស់​ការ​យល់​ដឹង​ពី​អំពើ​ហិង្សា​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ៖ «ប្រសិន​បើ​ជា​ខ្ញុំ​ដោះស្រាយ​រឿង​ខ្ញុំ​ហើយ​អស់​គ្រប់​ស្ថាប័ន​អង្គការ​ណា​ក៏ដោយ​ដែល​ត្រូវ​ការ​ខ្ញុំ​ទៅ​និយាយ​ឬ​ជួយ​ការងារ​ផ្នែក​ស្រ្តី ឬ​ផ្នែក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឬ​ដំណោះស្រាយ​ផ្សេងៗ​ខ្ញុំ​រីករាយ​នឹង​ចូល​រួម‍»។​

កញ្ញា​សុជាតា​លើក​ទឹក​ចិត្ត​ជនរងគ្រោះ​ដទៃ​ទៀត​ឱ្យ​ហ៊ាន​និយាយ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​នេះ​រាល​ដាល​កាន់​តែ ច្រើន៖ «ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​យើង​មាន​ភាព​ជឿជាក់​ក្នុងស្រុក​បន្តិច​អញ្ចឹង​មាន​ភាព​យុត្តិធម៌​ហើយ​នឹង​អំពើ​ហិង្សា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​មិន​ថា​លើ​ស្រ្តី​លើ​បុរស​ទេ​គឺ​យើង​មាន​សិទ្ធិ​ស្មើគ្នា​។ អញ្ចឹង​បើ​យើង​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​អ្វីមួយ​ទាល់​តែ​យើង​បើក​ចំហ​បាន​យើង​រក​ដំណោះស្រាយ​បាន។ ប្រសិន​បើ​យើង​នៅ​តែ​លាក់​យើង​អត់​ទទួល​បាន​ដំណោះស្រាយ​អ្វី​ទាំង​អស់‍​គឺ​មាន​តែ​ភាព​ឈឺចាប់»។​

អ្នក​ឯកទេស​យល់​ថា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​នេះ​គឺជា​សំណុំរឿង​ទី​មួយ​ពាក់​ព័ន្ធ​នឹង​ហិង្សា​លើ​រាងកាយ​អ្នក​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​សង្គម​ហើយ​ត្រូវ​បាន​ជន​រងគ្រោះ​យក​មក​ប្តឹង​ផ្តល់​ទៅ​តុលាការ។ អ្នក​ឯកទេស​សង្ស័យ​ថា​មាន​ករណី​ដូច​នេះ​ជាច្រើន​ទៀត​ប៉ុន្តែ​ជន​រងគ្រោះ​សំងំ​នៅ​ស្ងៀម​ដោយ​ខ្លាច​ប៉ះពាល់​កិត្តិយស​និង​ខ្លាច​អំណាច​ជន​ល្មើស។

លោកស្រី រស់ សុភាព​បាន​កោត​សរសើរ​នាង​សុជាតាដែល​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ចេញ​មុខ​ប្តឹង​ជនសង្ស័យ​សុខ ប៊ុន។ លោកស្រី​លើក​ទឹក​ចិត្ត​ឱ្យ​ជន​រងគ្រោះ​ដទៃ​ទៀត​កុំ​រាថយ​ក្នុង​ការ​ចេញ មុខ​មក​ប្តឹង​ជន​ល្មើស​ក្នុង​ពេល​អនាគត។

«យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ក្រោក​ឡើង​ហើយ​យើង​បន្ត​ធ្វើការ​ជំរុញ​ឱ្យ​មានការ​យល់​ដឹង​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​ដើម្បី កុំ​ឱ្យ​គាត់​នៅ​ស្ងៀម​ហើយ​នៅ​ស្ងៀម​មិនមែន​មាន​ន័យ​ថា​អាច​ដោះស្រាយ​បញ្ហា​ទេ​។ បើ​យើង​នៅ​ស្ងៀម​ហាក់​ដូច​ជា​ជំរុញ​ឱ្យ​ជនល្មើស​ហ្នឹង​បន្ត​ពង្រឹង​និង​បន្ត​ប្រព្រឹត្ត​ល្មើស​តទៅ​ទៀត‍»។​

បន្ទាប់​ពី ហេតុការណ៍​ហិង្សា​នោះ ​ជន​សង្ស័យ​ទាំង​ពីរបាន​រត់​គេចខ្លួន​ដោយ​ជនសង្ស័យ​សុខ ប៊ុន ​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​នានា​រាយការណ៍​ថា​បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ប្រទេស​សិង្ហបុរី។

លោកស្រី មូរ សុខហួរ​អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ចការ​នារី​និង​កុមារ​នៃ​ការិយាល័យ​ប្រធាន​ក្រុម​សំឡេង​ភាគតិច​ក៏​បាន​សរសេរ​លិខិត​មួយ​ទៅ ឯកអគ្គរដ្ឋទូត​សិង្ហបុរី​កាល​ពី​ថ្ងៃ​ច័ន្ទដោយស្នើ​សុំ​ឱ្យ​រាយការណ៍​ពី​ករណី​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​សិង្ហបុរី​និង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ដើម្បី​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​សុខ ប៊ុន​មក​កម្ពុជា​វិញ​បើ​ជន​នោះ​ស្នាក់​នៅ ទីនោះ។

លិខិត​នោះ បាន​បន្ថែម​ថា៖​ «ការ​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហការ​យ៉ាង​ខ្លាំង​រវាង​អាជ្ញាធរមាន​សមត្ថកិច្ច​ក្នុង​ប្រទេស​កម្ពុជា​និង​សិង្ហបុរី​គឺ​ដើម្បី បញ្ជូន​សារ​ដ៏​ច្បាស់​ថា​ប្រទេស​ទាំងពីរ​មិន​អត់ឱន​ឱ្យ​រាល់​អំពើ​ហិង្សា​ប្រឆាំង​ស្រ្តី​តាម​គ្រប់​រូបភាព​ទាំងអស់‍»។​

លោក​ស្រី​មូរ សុខហួរ​ក៏​បាន​បញ្ជាក់​ក្នុង​បទ សម្ភាស​ជាមួយ​នឹង​ VOA ​ក្នុង​ពេល​កន្លង​មក​ថា​នឹង​ស្នើ​សុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​ទូល​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​ដើម្បី​ដក​យក​ងារ​«ឧកញ៉ា»ពី​ជន​សង្ស័យ​រូប​នោះ​ដែល​គេ​ដឹង​ថា​ជា​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ស្រុក​របស់​ក្រុម​ហ៊ុន​ TEHO​ ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​សិង្ហបុរី​មួយ​ដែល​មាន​ដើមទុន​វិនិយោគ​៥០០​លាន​ដុល្លារ​ក្នុង​គម្រោង​អគារ​ស្នាក់​នៅ និង​សណ្ឋាគារ​នៅ​តំបន់​ជ្រោយចង្វារ៕