ក្រោយ​ឆ្លង​ឆ្នាំ​ថ្មី លោក​ហ៊ុន សែន​ ព្រមាន​អ្នក​ចង់​បង្ក​អស្ថិរភាព​នៅ​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នៅ​ក្នុង​កម្មវិធី​អង្គរសង្ក្រាន្ត​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ចាប់ពី ថ្ងៃទី១៣ រហូត​ដល់​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី)

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ថ្លែង​ដូច្នេះ​ នៅ​ពេល​ចូលរួម​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ក្នុង​ខេត្ត​សៀមរាប នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ដោយ​លោក​បាន​ថ្លែង​ថា សន្តិភាព​នៅ​កម្ពុជា​គឺ​ជា​ស្នាដៃ​របស់​លោក។

លោក ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ មិន​បំភ្លេច​ទេ​ ការ​ផ្ញើ​សារ​នយោបាយ​ព្រមាន​ការ​ចាប់​ខ្លួន​ បើ​មាន​ការ​បង្ក​អស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​ ក្នុង​ពេល​លោក​កាន់​អំណាច។​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​មិន​អត់​ឱន​ដល់​ជន​ណា ​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​តាម​សកម្មភាព​ញុះញង់។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ថ្លែង​ដូច្នេះ​ នៅ​ពេល​ចូលរួម​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ក្នុង​ខេត្ត​សៀមរាប នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ដោយ​លោក​បាន​ថ្លែង​ថា សន្តិភាព​នៅ​កម្ពុជា​គឺ​ជា​ស្នាដៃ​របស់​លោក។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​ ប្រទេស​កម្ពុជា​លែង​មាន​តំបន់​ត្រួតត្រា​ផ្សេងៗ​គ្នា ហើយ​មាន​តែ​រដ្ឋាភិបាល​តែ​មួយ​សម្រាប់​គ្រប់គ្រង​ប្រទេស​ មិន​ដូច​ពី​កាល​មុន​ឆ្នាំ​១៩៩៨​ ដែល​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​ភាគី​ជាច្រើន ក្នុង​នោះ​មាន​ក្រុម​កុម្មុយនិស្ត​ជ្រុល​និយម​ខ្មែរ​ក្រហម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​នៅ​ក្នុង​កម្មវិធី​អង្គរសង្ក្រាន្ត​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ចាប់ពី ថ្ងៃទី១៣ រហូត​ដល់​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។ (រូបថត​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី)

លោក ​ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា​មាន​ «វប្បធម៌​អត់ឱន»​ និង​ «វប្បធម៌​នៃ​សន្តិភាព»​ តែ​រដ្ឋាភិបាល​របស់​លោក​ ដែល​លោក​កាន់កាប់​ជាង​៣០​ឆ្នាំ​មក​នោះ​ នឹង​មិន​អត់ឱន​ដល់​ជន​ណា​ ដែល​ប៉ុនប៉ង​ បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ឡើយ​ បើ​ទោះ​បី​ជា​លោក​មិន​បញ្ជាក់​អ្វី​ទៅ​ជា​ចលនា ​ដែល​អាច​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ភាព​ច្របូកច្របល់។​

លោក​ ហ៊ុន សែន​ បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា៖​«យើង​មិន​អត់​ឱន​ឲ្យ​អ្នក​ណា​ក៏ដោយ​ ដែល​មាន​គំនិត ​និង​បង្ក​ការ​ញុំញង់​បំបែក​បំបាក់​ ធ្វើ​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ជាតិ​យើង​ ទោះ​ម្នាក់​ ពីរ​នាក់​ ឬ​ច្រើន​នាក់​ តែ​កុំ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ រាប់​លាន​នាក់​ ត្រូវ​ទទួល​ការ​ស្លាប់​ ដូច​កាល​ឆ្នាំ​១៩៧០​ ១៩៧៥​ ១៩៧៥​ ១៩៧៩​ និង​បន្ត​រហូត​មកដល់​ឆ្នាំ​១៩៩៨»។

សារ​នយោបាយ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កើត​មាន​ឡើង​ នៅ​ក្រោយ​ពេល​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​ បាន​ចាប់​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ គឺ​លោក​ អ៊ុំ​ សំអាន​ ដែល​រិះគន់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ផែនទី និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

កាលពី​ថ្ងៃ​អង្គារ​ ទី​១២​ ខែ​មេសា លោក ហ៊ុន សែន ​ដែល​បាន​ទៅ​សួរ​ទុក្ខ​យោធិន​ពិការ​ នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប បាន​ចាត់​ទុក​សកម្មភាព​របស់​លោក​ អ៊ុំ​ សំអាន​ ថា​ ជា​ការ​ញុះញង់ និង​អាច​បង្ក​អន្តរាយ​ដ៏​ធំធេង​ដល់​ភាព​សុខសាន្ត​នៃ​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បន្ត​ថា៖​«អ្នក​ឯង​និយាយ​ពី​ផែន​ទី​ក្លែងក្លាយ​ ខ្ញុំ​ចាប់​អ្នក​ឯង​ភ្លាម​ មិន​ថា​ អ្នក​ឯង​ជា​សមាជិក​សភា​ ឬ​ក៏​សមាជិក​ព្រឹទ្ធសភា​នោះ​ទេ។​ អា​ហ្នឹង​ជា​បទល្មើស​ជាក់​ស្តែង​ ព្រោះ​នេះ​ជា​ការ​ញុះញង់​ធំ​ណាស់​ដែល​បង្ក​មហន្ត​រាយ​ដល់​ប្រទេស​ជាតិ»។

លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា​ ដដែល​នោះ​ថា​ លោក​នឹង​ឲ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​តាម​ប្រមាញ់​ជន​ណា ​ដែល​បន្ត​និយាយ​ចោទ​រដ្ឋាភិបាល​ថា ​បាន​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ។​

លោក​ អ៊ុំ​ សំអាន ដែល​នៅ​មានអភ័យឯកសិទ្ធិ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ និង​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ» ​និង​ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង»។

VOA​ មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ គឺ​លោក​ ញ៉ែម បុញ្ញឬទ្ធិ​ និង​លោក​ យឹម សុវណ្ណ​ បាន​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​បញ្ហា​ផែនទី​នេះ។

ប៉ុន្តែ​លោក​ សុន ឆ័យ​ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA ថា​ ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​តាមដាន​មើល​ចំណុច​ខ្វះ​ខាត​ របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង ទោះបី​ជា​លោក​មិន​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ តើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ស្គាល់​ការ​ប្រើប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​ក្តី។​ លោក​មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​ អ៊ុំ​ សំអាន​ នឹង​មិន​អាច​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ការ​តាមដាន​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក សុន ឆ័យ ថ្លែង​ប្រាប់ VOA ​ថា៖​«បញ្ហា​ព្រំដែន​នេះ​ ជា​បញ្ហា​មួយ​ដែល​ប៉ះពាល់​ ជា​អាយុជីវិត​របស់​ប្រទេស​ជាតិ​ ហើយ​បើ​សិន​ណា​ជា​ យើង​មើល​ឃើញ​នូវ​ចំណុច​ខ្វះខាត​ណាមួយ ​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​ មិន​ត្រឹមត្រូវ​តាម​គោលការណ៍​នៃ​ច្បាប់​ក្នុង​ប្រទេស​យើង​ គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ និង​នីតិវិធី​អន្តរជាតិ​មួយ​ចំនួន​ហ្នឹង យើង​នឹង​លើក​បញ្ហា​ហ្នឹង​បាទ។​ យើង​មិន​អាច​នឹង​មិន​បំពេញ​តួនាទី​របស់​យើង​បាន​ទេ»។

លោក​ សុន ឆ័យ បន្ថែម​ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​អំពី​វិធានការ​ប្រឆាំង​នឹង​បុគ្គល​ដែល​មាន​ចេតនា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​នោះ​ នឹង​មិន​អាច​បន្ទន់​ជំហរ​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​រិះគន់​ដល់​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​នោះ​ទេ។

រូបឯកសារ៖ លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ច្រកចូល​ខាង​ក្រោយ​នៃ​ព្រឹទ្ធសភា​ បន្ទាប់​ពី​លោក​បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​ចម្រូងចម្រាស​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ចំពោះ​មុខ​ប្រធាន​ និង​សមាជិកនៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​១២ខែសីហាឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

​តំណាងរាស្ត្រ​រូប​នេះ​ថ្លែង​បន្ត​ថា៖​«ជា​ការងារ​របស់​ភារកិច្ច​របស់​យើង​ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​នាម​ជា​គណបក្ស​នយោបាយ​មួយ​ ដែល​ទទួល​អាសនៈ​តាម​ការ​បោះឆ្នោត​ យើង​ត្រូវ​តែ​បំពេញ​តួនាទី​របស់​យើង​បាទ​ ហើយ​ការ​មាន​ប្រសាសន៍​ណា​មួយ​របស់​នាយក​រដ្ឋមន្ត្រី​ អា​នោះ​ទុក​ឲ្យ​ប្រជារាស្ត្រ​លោក​វិនិច្ឆ័យ»។

ក្រៅ​ពី​ការ​ព្រមាន​និយាយ​អំពី​ការ​ប្រើ​ប្រាស់​ផែនទី​ក្លែងក្លាយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់​ទុក​ថា​ ជា​ការ​ញុះញង់​បង្ក​ឲ្យ​មាន​មហន្តរាយ​ រដ្ឋាភិបាល​ក៏​មិន​អត់​ឱន​ដល់​អ្នក​និយាយ​ពី​បដិវត្តន៍​ពណ៌​នោះ​ដែរ។​ និស្សិត​ម្នាក់​ឈ្មោះ​ គង់​ រ៉ៃយ៉ា​ អាយុ​២៤ឆ្នាំ​ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ។

មុន​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន ​និស្សិត​រូប​នេះ​បាន​សរសេរ​បង្ហោះ​លើ​ Facebook កាល​ពី​ថ្ងៃ​ទី៧​ខែ​សីហា​ថា៖​«តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»។ លោក​បាន​សរសេរ​បន្ត​ថា ថ្ងៃ​ណា​មួយ​នៅ​ពេល​អនាគត ​លោក​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់ប្ដូរ​របប​សម្រាប់​សង្គម​ខ្មែរ​ ហើយ​បើ​ទោះ​ជា​ត្រូវ​ជាប់​ពន្ធនាគារ ​ ឬ​ស្លាប់​ក៏​នៅតែ​ធ្វើ​វា​ដដែល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​ហៅ​ការ​ឃុំ​ខ្លួន​និស្សិត​ គង់​ រ៉ៃយ៉ា​ ថា​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​វិញ៕