មន្ត្រី​ស.រ.អា.អំពាវ​នាវឱ្យ​មានការ​ប្រគល់​តំបន់គ្រីម៉េ​ទៅឱ្យ​ប្រទេស​អ៊ុយក្រែនវិញ

រដ្ឋ​លេខាធិការក្រសួងការបរទេស​សហរដ្ឋអាមេរិក Mike Pompeo (ឆ្វេង)​រង់ចាំ​​ការ​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹិក្សាអាត្លង់ទិកខាងជើង​នៅ​ទីស្នាក់ការកណ្តាល​របស់អង្គការ​អូតង់ កាលពី​ថ្ងៃទី​២៧ មេសា ២០១៨។

មន្ត្រី​ជាន់ខ្ពស់​ស.រ.អា.ម្នាក់​បាននិយាយ​ថា​រដ្ឋមន្ត្រី​ការបរទេស​នៃអង្គការ​អូតង់​បាន​និយាយ​ថា​ពួក​គេ​នឹង​ប្រកែក​មិនព្រម​ «ទាក់ទង​ដូចធម្មតា​ជាមួយ​ប្រទេស​រុស្សីទេ» រហូត​ដល់ពេល​ណា​ដែលរដ្ឋាភិបាល​ក្រុង​មូស្គូ «ដក​កងកម្លាំង​និង​ការ​គាំទ្រ​របស់​ខ្លួន​ដល់ពួក​រណបនៅ​ក្នុង​តំបន់ Donbas ហើយ​ប្រគល់​ការ​ត្រួតត្រា​តំបន់គ្រីម៉េ​ទៅ​ឱ្យ​ប្រទេសអ៊ុយក្រែនវិញ»។

ការ​ទាមទារនេះ​ដែល​បានត្រូវ​ tweet ដោយ​លោកស្រី​ Heather Nauert អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.ត្រូវ​ចំពេលគ្នា​ជាមួយ​ការ​អញ្ជើញទៅ​ដល់ក្រុង​ Bruxelles នៃ​លោក Mike Pompeo ដែល​បានទទួល​ការ​អនុម័ត​កាលពី​ពេល​ថ្មីៗនេះ​ឱ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រជុំ​ពួក​រដ្ឋមន្ត្រីកាលពី​ថ្ងៃ​សុក្រ​ហើយនេះ​ជា​សារ​ខ្លាំង​មួយ​ដល់​ពួក​សម្ព័ន្ធមិត្ត​ក្នុង​អង្គការអូតង់នៅ​ថ្ងៃ​ទីមួយ​ដែលលោក​ចូលកាន់តំណែងនេះ។​

លោក​ Pompeo បានមានប្រសាសន៍​ប្រាប់​ការ​ប្រជុំ​រដ្ឋមន្ត្រី​នេះ​ថា «ខ្ញុំ​បាន​ឡើង​ជិះ​យន្តហោះ​ហើយ​ធ្វើដំណើរ​ជា​បន្ទាន់មក​កាន់ទីនេះ។ មាន​ហេតុផល​ល្អ​ដើម្បី​មកទីនេះ។​ កិច្ចការ​ដែលកំពុង​ត្រូវ​ធ្វើនៅទីនេះនៅ​ថ្ងៃ​នេះ មិន​អាចកាត់ថ្លៃ​បានទេ​ហើយ​គោលដៅ​របស់យើងមាន​សារៈសំខាន់​ហើយ​បេសកកម្មនេះ​មានន័យ​ខ្លាំងណាស់​ដល់ស.រ.អា.»។

ដោយ​ tweet ក្នុង​ដំណាក់​ការដំបូង​នៃ​ទស្សនកិច្ច​ក្នុង​ក្រុង Bruxelles លោកស្រី Nauert បាន​និយាយ​ជា​ថ្មី​ទៀត​អំពី​ចំណុច​សំខាន់ៗ​ដោយ​លោកស្រី​បានថ្លែងថា​អង្គការអូតង់ «មាន​សារៈសំខាន់ជាង​ពេលណាៗទាំង​អស់​ចាប់តាំង​ពី​សង្គ្រាម​ត្រជាក់»​ ហើយ​ថា​ការផ្តោត​ការយក​ចិត្តទុក​ដាក់នៅ​ពេល​សព្វថ្ងៃ​នេះគឺ​មាន​ទៅលើ» ការឈ្លានពាន​បន្តទៅ​ទៀត​របស់​ប្រទេស​រុស្សីនិង​សមត្ថភាព​របស់​ប្រទេស​នេះក្នុងការ​គំរាមកំហែង បង្ខិតបង្ខំ ធ្វើឱ្យ​អន្តរាយ​និងលុក​លុយ​ប្រទេស​ជិតខាង»។

លោកស្រី​ Nauert ក៏​បាន tweet ដែរ​ថា​ទាហានអ៊ុយក្រែន​២២នាក់​បានត្រូវ​របួសកាល​ពី​៤៨​ម៉ោងមុននេះ​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន​ ដែល​ជា​ចំនួន​ច្រើន​បំផុតចាប់តាំង​ពី​ខែ​កក្កដា​មក ដោយ​លោក​ស្រី​បានបន្ថែម​សេចក្តី​ថា​ «កងកម្លាំង​ដឹកនាំ​ដោយ​រុស្សីបាន​បង្កើន​ការ​វាយ​ប្រហារ​តាមកាំភ្លើងធំ​លើ​ជនជាតិ​អ៊ុយក្រែនដែលការពារ​ប្រទេស​របស់ពួក​គេ។ ​ប្រទេស​រុស្សីត្រូវ​តែ​បញ្ឈប់​ការ​ឈ្លានពាន​នេះ​ហើយអនុវត្ត​កិច្ចព្រម​ព្រៀង​ក្រុង Minsk ឱ្យ​បានពេញ​លេញ»៕