មនុស្ស​យ៉ាង​តិច​៦​នាក់​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​គូស​សន្លឹក​ឆ្នោត​

ប៉ូលិស​អង្គុយលើរថយន្តល្បាត​នៅខាងមុខសាលាដំបូង​រាជធានីភ្នំពេញកាលពីថ្ងៃទី០៣ មីនា ឆ្នាំ២០២៣។

អាជ្ញាធរ​ពាក់ព័ន្ធ​បានឃាត់ខ្លួន​ប្រជាពលរដ្ឋ​យ៉ាង​តិច​ ៦ ​នាក់ ក្នុងនោះ​មាន​សមាជិក​គណបក្ស​ភ្លើងទៀន​ចំនួន​ ៣​ នាក់​ពាក់ព័ន្ធ​នឹង​ការ​គូស​សន្លឹកឆ្នោត​ចោល នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​សាច់​ញាតិ​របស់​ពួកគេ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកស្រី​ ចៅ រតនៈ​ ចៅ​សង្កាត់​រង​ទី ២​ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រាប់វីអូអេ​ថា ​ឪពុក​របស់​លោក គឺ​លោក​ ចៅ វាសនា ដែល​ជាគណៈកម្មការ​នាយក​ថ្នាក់​ជាតិ​នៃ​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​អ្នកស្រី​មិន​ដឹង​អង្គហេតុ​អ្វី​ឱ្យ​ច្បាស់​នោះ​ទេ។ អ្នកស្រី​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​អយុត្តិធម៌ ហើយ​ជា​រឿង​នយោបាយ​ច្រើន​ជាង។

អ្នកស្រី​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំសូម​សំណូមពរ​សូម​ឱ្យដោះ​លែង​គាត់ ដោយ​គ្មាន​លក្ខខណ្ឌ»។

ប្រធាន​គណៈកម្មាធិការ​ប្រតិបតិ្ត​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន​ លោក ខឹម​ មុនីកុសល ប្រាប់​វីអូអេ​ថា​ អនុប្រធាន​របស់​លោក គឺ​លោក​ ឡោ ធន ត្រូវ​បានប៉ូលិស​ប្រមាណ​ ១០​ នាក់​ ចាប់​ខ្លួន​នៅ​ម៉ោង​ ៩ព្រឹក​ថ្ងៃ​ចន្ទ​ ដោយ​មិន​មាន​ដីកា​ និង​មិន​ប្រាប់​ពី​មូល​ហេតុ។ លោក​បន្ថែម​ថា​ ក្រោយ​ការ​ធ្វើកិច្ច​សន្យា​ណែនាំ លោក ឡោ ធន ត្រូវ​បាន​សមត្ថ​កិច្ច​ដោះលែង​ត្រឡប់​មក​ផ្ទះ​ដោយ​សុវត្ថិភាព។

លោក​យល់​ឃើញ​ថា​ ការ​ឃាត់ខ្លួន​សមាជិក​គណបក្ស​ភ្លើងទៀន​ជា​ហូរហែ​នេះ​ជា​ការ​គំរាម​កំហែង​ និង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ។

មន្ត្រីរៀបចំការបោះឆ្នោត ក្នុងមណ្ឌលមួយក្នុងរាជធានីភ្នំពេញ លើកបង្ហាញ​សន្លឹកឆ្នោត​ដែល​ត្រូវបាន​គូស​ចោល និងរាប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​បន្ត​ថា៖ «វា​ជា​ការ​គំរាម​កំហែង​ ហើយ​និង​រឹតត្បិត​នយោបាយ​ដល់​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ប៉ៃ​លិន​ ជាពិសេស​គឺ​សំដៅ​មក​លើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខេត្ត​ ដំបូង​ គឺ​ខ្ញុំ។ ទី ២ គឺប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​សាលា​ក្រៅ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ ​ឥឡូវ​នេះទី ៣ ​គឺ​លោក​អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ចាប់​យក​ទៅ​ស្នងការ​ ហើយ​ឱ្យ​ធ្វើកិច្ច​សន្យាប្រលែង​មក​វិញ។ នេះជា​រូបភាព​មួយ​គំរាម​កំហែង​ទៅ​ដល់​រចនា​សម្ព័ន្ធ​គណបក្ស​ភ្លើង​ទៀន​របស់​ខ្ញុំបាទ។ នេះ​ជារឿង​ដែល​គួរ​ឱ្យ​គ្រោះ​ថ្នាក់​ណាស់»។

វីអូអេ​មិន​ទាន់​អាចសុំ​ការ​អត្ថាធិប្បាយ​ពីលោក សេង សុគន្ធ ស្នង​ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​ភ្លើង​ទៀន​ លោក ជឹម សុជាតិ ស្ថិត​ក្នុង​ឃុំស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ប្រាប់​វីអូអេ​ថា​ លោក​ត្រូវ​បាន​ស្នង​ការ​ស្រុក​ឃាត់​ខ្លួន ខណៈ​កំពុង​ឈរ​ថត​រូបភាព​នៃ​ការ​រាប់​សន្លឹកឆ្នោត​ កាល​ពី​ម៉ោង​ ៣ រសៀល ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា។ លោក​បញ្ជាក់​ថា ​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ឃាត់​ខ្លួន​លោក​ គឺ​ដោយ​សារ​លោក​ថត​រូបភាព​ការ​រាប់​សន្លឹក​ឆ្នោត ដែល​លោក​ថា​ត្រូវបាន​សមត្ថកិច្ចកំណត់​ថា​ជា​សកម្មភាព​ខុស​ច្បាប់។

លោក​ថ្លែង​ថា៖ «ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំក៏​ទាញ​ទូរសព្ទ​ថត​ទៅ ថត​ទៅ​ប្រហែល​ជា​១០​នាទី ១៥​នាទី ក៏មាន​ប៉ូលិស​គាត់​មក​ឃាត់​ខ្លួន​ខ្ញុំ យក​ទៅ​សាក​សួរ»។

ក្រុម​ប្រឹក្សា​ឃុំ​រូបនេះ​អះអាង​ថា​ លោក​មិន​បាន​ទទួល​បាន​ការ​បង្គាប់​បញ្ជា​ពី​អ្នកណា​ម្នាក់​ឡើយ ប៉ុន្ដែ​លោក​បារម្ភ​ពី​សុវត្ថិភាព​របស់​លោកថា​អាច​នឹង​ទទួល​រងការ​ចោទ​ប្រកាន់​ណា​មួយ​បន្ត​បន្ទាប់​ទៀត។

លោក​បន្ត​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ព្រួយ​បារម្ភ​ថា ពេល​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ខ្ញុំ​មិន​ដឹង​ទៅ​អាង​អីទេ។ អ្វី​ដែល​ខ្ញុំធ្វើ​នេះ អត់​មាន​អ្នកណា​បង្គាប់​បញ្ជា​ខ្ញុំទេ​ ហើយ​ខ្ញុំកំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​តែ​គេ​ចោទ​ប្រកាន់​ខ្ញុំ យក​ខ្ញុំ​ទៅ​ដាក់​ពន្ធនាគារ ដាក់​អី​អ៊ីចឹង»។

ក្រោយ​ការ​សាកសួរ និង​កសាង​កំណត់​ហេតុ​ពី​អាជ្ញាធរ​ក្នុង​ស្រុក លោក​ត្រូវ​បាន​ដោះលែង​ត្រឡប់​មក​ផ្ទះ​វិញ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

លោក ហង្ស ពុទ្ធា​ អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លើក​ឡើង​ថា ជនណា​ដែល​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដែល​បំពាន​ច្បាប់​អំឡុង​ដំណើរ​ការ​បោះឆ្នោត​ ជន​នោះ​នឹង​ត្រូវ​ឃាត់​ខ្លួន​ ដើម្បី​សាកសួរ។

លោក​បញ្ជាក់​ថា​ មកដល់​ពេលនេះ​ លោក​ទទួល​ព័ត៌មាន​អំពី​ការ​ឃាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ចំនួន​ ៣ ​ករណី ដោយ​ស្ថិតនៅ​សង្កាត់​អូឡាំពិក​ម្នាក់ ជា​ករណី​មិន​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត។ ករណីទី ២ ​នៅ​សង្កាត់​ស្ទឹងមានជ័យ ក្នុង​ករណី​លួច​ថត​សន្លឹកឆ្នោត និង​ករណី​មួយ​ទៀត​នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ដែល​ពលរដ្ឋ​ម្នាក់​បោះឆ្នោត​ហើយ ប៉ុន្តែ​មិន​ជ្រលក់​ដៃ។

លោក ខៀវ សុភ័គ រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​ថា មក​ពេល​នេះ ​លោក​មិនទាន់​ទទួល​បាន​របាយ​ការណ៍​ជាក់លាក់​ណា​មួយ​អំពី​ការឃាត់​ខ្លួន​ជន​ដែល​បាន​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ឡើយ​ទេ។ ប៉ុន្ដែលោក​បញ្ជាក់​ថា​ មាន​សកម្មជន​ចំនួន​ ៤៤ ​នាក់ ដែល​លោកថា​ បាន​ចូលរួម​ធ្វើ​សកម្មភាព​ញុះញង់​បំផ្លាញ​ការ​បោះឆ្នោត ដែល​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី​ តាម​រយៈ​ក្រុម​តេឡេក្រាម​ឈ្មោះ​ «Sabai សប្បាយ» ដែល​កំពុង​ស្ថិត​ក្រោម​ការ​កំណត់​មុខ​សញ្ញា​របស់​សមត្ថកិច្ច។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​ជា​សំឡេង​មួយ ដោយព្រមាន​ចាប់​ខ្លួន​អ្នក​ដែល​ញុះញង់​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល បើ​មិន​ចេញ​មុខ​សារភាព​ឱ្យ​បាន​ឆាប់។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ស្ថាប័ន​ គ.ជ.ប ពុំ​មាន​វិធី​ណា​រក​ឃើញថា​ តើ​អ្នក​ណា​គូស​សន្លឹក​ឆ្នោត​ចោល​ទេ។ ប៉ុន្តែ​លោក​ថា អ្នក​គូស​សន្លឹក​ឆ្នោត​ចោល ហើយ​បង្ហោះ គេ​អាច​ដឹង។

លោក​បន្ថែម​ថា​ ការ​គូស​សន្លឹក​ឆ្នោត​មិន​មែន​ជា​កំហុស តែ​ការ​បង្ហោះ​ជា​សាធារណៈ​ប៉ះពាល់​ដល់​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​ទើប​ជា​បញ្ហា។

បើ​តាម​លោក ហង្ស ពុទ្ធា គិតត្រឹម​ថ្ងៃទី ២៤ ខែកក្កដានេះ ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ចំនួន​ជាង​ ៤៤​ម៉ឺន​សន្លឹក ដែល​តិច​ជាង​ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី ៦ ឆ្នាំ ២០១៨ ដែល​មាន​ប្រមាណ​ ៦០​ម៉ឺន​សន្លឹក៕