យ៉ាង​តិច​មាន​មនុស្ស​៩៥នាក់​ត្រូវ​សម្លាប់​ក្នុង​អំពើ​សម្លាប់​រង្គាល​នៅ​ប្រទេស​ម៉ាលី

រូបភាព​ឯកសារ៖ កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ ដើរ​ល្បាត​នៅ​ខាង​ក្រៅ​ព្រះវិហារ​ឥស្លាម​មួយ​នៅ​ក្នុង​ក្រុង Mopti​ ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

យ៉ាងតិច​មាន​មនុស្ស​៩៥នាក់​ត្រូវ​សម្លាប់​ក្នុង​តំបន់​ភាគ​កណ្តាល​ប្រទេស​ម៉ាលី​ កាលពី​ថ្ងៃចន្ទ​ នៅពេល​ដែល​ក្រុម​ប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​ភូមិ​មួយ​នៅ​រំលង​អាធ្រាត ដោយ​បាន​បាញ់​ប្រហារ​ពលរដ្ឋ ​និង​ដុតផ្ទះ​សម្បែង​ជាច្រើន​ខ្នង។

អ្នក​សារព័ត៌មាន​ប្រចាំ​តំបន់​ម្នាក់ ​បាន​ប្រាប់​ VOA ​ភាសា​អាហ្វ្រិក​និយាយ​ភាសា​បារាំង ថា​ ការ​វាយ​ប្រហារ​នោះ​ ផ្តោត​លើភូមិ​ សូបាណេទូ ​(Sobanetou) ​នៅជិត​ទី​ប្រជុំ​ជន ទីក្រុង​ម៉បទី ​(Mopti)។​ អ្នក​កាសែត​ដដែល​បាន​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​អាច​កើន ដល់​ទៅជាង​១០០​នាក់។

របាយ​ការណ៍​បឋមៗ​ បាន​និយាយ​ថា​ ភូមិ​ដែល​ភាគ​ច្រើន​ជន​ជាតិ​ដើម​ភាគ​តិច​ ដូហ្គុង ​(Dogon) ​រស់​នៅ​នោះ ​ទំនង​ជា​ត្រូវរង​ការ​វាយ​ប្រហារ​ពីក្រុម​សកម្ម​ប្រយុទ្ធ​ជនជាតិ​ដើម ភាគតិច​ ហ្វូឡានី ​(Fulani)។

ភាព​តានតឹង​បាន​កើត​មាន​ឡើង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ​រវាង​កសិករ ដូហ្គុង​ និង​ ហ្វ៊ូឡានី​ដែល​ប្រកប​មុខរបរ​ចញ្ចឹម​សត្វ​នោះ។

កាលពី​ថ្ងៃទី​២៣ ​ខែមិនា ​មាន​ជនជាតិ​ភាគ​តិច ​ហ្វ៊ូឡានី ​ប្រមាណ​១៦០​នាក់ ​ត្រូវគេ សម្លាប់​នៅពេល​ក្រុម​ខ្មាន់​កាំភ្លើង​ជាច្រើន​ បាន​វាយ​ប្រហារ​ភូមិ​ អូហ្គុះស្សាហ្គូ (Ogossagou)​ នៅក្នុង​តំបន់​តែមួយ។​ ជនជាតិ​ដើម​ភាគតិច ​ដូហ្គុង​រងការ​ចោទ​ប្រកាន់ ពី​ការ​វាយ​ប្រហារ​នោះ៕