អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាក់អគារស្នាក់នៅមួយកន្លែងក្នុងរដ្ឋ Maharashtra នៅព្រឹកថ្ងៃចន្ទនេះ។
ក្រុមអ្នករុករកនិងជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលអាចជាប់នៅក្នុងគំនរបាក់បែកនៃអគារនោះ និងដើម្បីនាំមនុស្សរាប់សិបនាក់ទៅកាន់កន្លែងសុវត្ថិភាព។
យ៉ាងហោចណាស់មានមនុស្ស ១១ នាក់ បានរងរបួស នៅពេលដែលអគារកម្ពស់ ៤ ជាន់នេះបានដួលរលំ។ នេះបើតាមការបញ្ជាក់របស់លោក Pankaj Ashiya អភិបាលក្រុង Bhiwandi នៃស្រុក Thane ដែលស្ថិតនៅជាយក្រុង Mumbai។
លោក Ashiya បាននិយាយថា អគារនេះមានអាយុកាលជាង ៣០ ឆ្នាំ និងត្រូវបានគេគ្រោងជួសជុល និងកែលម្អ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារវិបត្តិជំងឺកូវីដ១៩៕
ក្នុងអំឡុងរដូវភ្លៀងពីខែមិថុនាដល់ខែកញ្ញា នៅពេលដែលទឹកភ្លៀងធ្វើឲ្យទន់ខ្សោយដល់គ្រឹះរបស់អាគារដែលសង់មិនបានល្អ និងដែលមានអាយុកាលច្រើនឆ្នាំនោះ ប្រទេសឥណ្ឌាតែងជួបប្រទះការបាក់អាគារជាញឹកញាប់៕