មនុស្សយ៉ាងតិច១៧​នាក់ស្លាប់ និងរបួសរាប់សិប ដោយសារបាក់សំណង់អគារនៅខេត្តព្រះសីហនុ

បុគ្គលិកសង្រ្គោះយកសាកសព​ចេញពី​គំនបាក់បែករបស់​អគារ​ដែល​រលំនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

មនុស្ស​យ៉ាង​តិច​មនុស្ស​១៧នាក់បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​កំពុង​សាង​សង់​មួយ​​ក្នុង​ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ម៉ោង​៤​​ភ្លឺ​ថ្ងៃ​សៅរ៍​នេះ​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។

​មនុស្ស​យ៉ាង​តិច​មនុស្ស​១៧​នាក់​ បាន​ស្លាប់ និង២៤​នាក់​ រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​កំពុង​សាង​សង់​មួយក្នុង​ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ម៉ោង​៤ភ្លឺ​ថ្ងៃ​សៅរ៍​នេះ​។ នេះ​បើ​យោង​តាមអាជ្ញាធរ​ខេត្ត​ព្រះសីហនុនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ តួលេខ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​ទៀត។

យោង​តាមសេចក្តី​ប្រកាស​ព័ត៌មានមួយ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​ ​ក្រុម​ជួយ​សង្រ្គោះ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​ចំនួន​១៥នាក់​ ហើយ​អាជ្ញាធរ​ ​កំពុង​បន្តប្រតិបត្តិការ​ជួយ​សង្រ្គោះ។

អគារ​បាក់​នេះ​ មាន​កម្ពស់​៧​ជាន់​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ការ​កើនឡើង​យ៉ាងគំហុក​នូវ​សំណង់​ ខណ:មាន​កំណើន​ជនជាតិចិន​មក​រស់​នៅ ​និង​រក​ស៊ី​ក្នុង​ខេត្ត​មួយ​នេះ។

សំណង់ដែល​បាក់នេះ ​មាន​ទទឹង​១៥ម៉ែត្រ បណ្តោយ​៣០​ម៉ែត្រ និង​កំពុង​ដំណើរ​ការ​សាងសង់​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខេត្ត​ព្រះសីហនុ។ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​រកមូលហេតុ​នៃ​ការ​បាក់​អគារ​នេះ។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​បាក់​សំណង់​អគារ​ថា អាជ្ញាធរ​បាន​ឃាត់​សំណង់​នេះ​ ចំនួន​២​ដង​រួច​មក​ហើយ ដោយ​លោក​ថាការ​ធ្វើសំណង់​នេះ​មិន​អនុវត្ត​តាម​បច្ចេកទេស។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​មូលហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​បញ្ឈប់ការដ្ឋាន​សំណង់ រហូត​មក​ដល់​ថ្ងៃ​គ្រោះ​ថ្នាក់​។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​កន្លង​ទៅ ខេត្ត​ធ្លាប់​ឃាត់​ញឹកណាស់​សំណង់​ដទៃ។ ខ្លះ​គាត់ស្តាប់​ទៅ ខ្លះ​គាត់​លួច។ ​អញ្ចឹង​អានេះ ខ្ញុំ​ឃាត់​ពីរ​ដង​ហើយ»។

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស៤នាក់ រហូត​មក​ដល់​ពេល​នេះ ក្នុង​នោះ​មាន​ជនជាតិ​ចិន​៣នាក់ ដែល​ជា​ម្ចាស់​ការ​ដ្ឋានសំណង់​ អ្នក​ម៉ៅការ​សាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​ម្ចាស់​ដី។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ខេត្ត។

ក្រុង​ព្រះសីហនុ ​កំពុង​រីកដុះដាល​សំណង់​យ៉ាងគំហុក ​ក្នុង​រយ:ពេល​ពីរបីឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​មាន​កំណើន​ជនជាតិ​ចិន​យ៉ាងគំហុក​មក​ក្នុង​ខេត្ត​មួយ​នេះ។ សំណង់​ទាំង​នេះ​មាន​ដូច​ជា​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ​កន្លែង​ស្នាក់​សម្រាប់​ជួល​ និង​សំណង់​ផ្សេងៗ៕