មនុស្ស​យ៉ាង​ហោច​ណាស់​៦១​នាក់​ស្លាប់​នៅ​ក្នុង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​ព័រទុយហ្កាល់

ភ្លើង​ព្រៃ​ដែល​កំពុង​ឆេះ​នៅ​ជិត​​ក្រុង Tojeira តំបន់​ភ្នំ Pedrogao Grande នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​ព័រទុយហ្កាល់ កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្កាល់​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​៦១​នាក់ ដែល​ភាគច្រើន​នៃ​ជនរងគ្រោះ​ត្រូវ​បាន​ឆេះ​ស្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៥៩​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​កើតឡើង ខណៈ​ពេល​ដែល​មាន​រលកកម្តៅ​ខ្លាំង​និង​មាន​ព្យុះ​ផ្គរ​រន្ទះ។ ​

លោក​នាយករដ្ឋមន្ត្រី ​Antonio Costa​ បាន​ប្រកាស​កាន់​ទុក្ខ​ទូទាំង​ប្រទេស​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ទៅ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ជា​សំណាង​អាក្រក់ នេះ​ហាក់​ដូចជា​ជា​សោកនាដកម្ម​ដ៏​ធំ​បំផុត​ដែល​យើង​បាន​ឃើញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពាក់​ព័ន្ធ​នឹង​គ្រោះ​ឆេះ​ព្រៃ។ អាទិភាព​នៅ​ពេល​នេះ​គឺ​ត្រូវ​ជួយ​ដល់​អ្នក​ដែល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​បន្ត​ទៀត‍»។

ក្រុម​មន្ត្រី​និយាយ​ថា​ អ្នក​ពន្លត់​អគ្គិភ័យ​រាប់រយ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្លត់​អគ្គិភ័យ​នេះ ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ Pedrogao Grande ដែល​មាន​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ ប៉ែក​ឥសាន្ត​នៃ​រដ្ឋធានី​លីសបោន។ ប្រទេស​អេស៉្បាញ​និង​បារាំង​កំពុង​តែ​បញ្ជូន​យន្តហោះ​ដើម្បី​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​សម្តី​របស់​អាជ្ញាធរ។ សហភាព​អឺរ៉ុប​ក៏​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ជួយ​សង្គ្រោះ​បន្ទាន់​មួយដែរ៕