ក្រុមមន្ត្រីនៅក្នុងតំបន់នៅប៉ែកឦសាននៃកោះ Madura ក្នុងប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃសុក្រទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះថា ត្រីបាឡែនប្រភេទ pilot whale យ៉ាងហោចតិចណាស់៤៥ក្បាល ដែលបានជាប់នៅលើឆ្នេរបានងាប់នៅទីនោះ ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះព្យាយាមរុញត្រីបាឡែនបីក្បាលចូលទៅក្នុងសមុទ្រវិញ។
អ្នកស្រី Khofifah Indar Parawansa អភិបាលខេត្ត East Java ដែលមានវត្តមាននៅកន្លែងកើតហេតុ បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្ម័គ្រចិត្តបានមកដល់ឆ្នេរនេះ នៅថ្ងៃព្រហស្បតិ៍នៅពេលដែលព័ត៌មានពីការជាប់នៅលើឆ្នេររបស់ត្រីបាឡែនទាំងនោះ ត្រូវបានផ្សព្វផ្សាយជាលើកដំបូង។ អ្នកស្រីបាននិយាយថា ពីដំបូងពួកគេអាចរុញត្រីបាឡែនមួយចំនួនចូលទៅក្នុងសមុទ្រវិញ ប៉ុន្តែត្រីបាឡែនទាំងនោះ បានត្រឡប់មកវិញម្តងទៀត។
អ្នកស្រីអភិបាលខេត្តបាននិយាយបន្ថែមទៀតថា នឹងមានការស៊ើបអង្កេតចំពោះការជាប់នៅលើឆ្នេររបស់ត្រីបាឡែនទាំងនោះ ហើយសំណាកពីត្រីបាឡែនដែលបានងាប់នឹងត្រូវផ្ញើទៅសាកលវិទ្យាល័យក្នុងតំបន់ដើម្បីសិក្សាស្រាវជា្រវ។ អ្នកស្រីបាននិយាយទៀតថា ចំពោះត្រីបាឡែនដែលនៅសល់ ត្រូវបានកប់នៅថ្ងៃសៅរ៍ នៅពេលដែលទឹកសមុទ្រស្រកទៅវិញ និងនៅពេលគេអាចប្រើប្រាស់ម៉ាស៊ីនកាយដីបាន។
កាលពីឆ្នាំមុន ត្រីបាឡែនប្រភេទ pilot whale ដែលគេស្គាល់ច្រើនជាច្រើនក្បាល បានជាប់នៅលើឆ្នេរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដូចជានៅក្នុងប្រទេសនូវែលសេឡង់ និងកោះ Tasmania នៃប្រទេសអូស្ត្រាលី ដែលត្រីបាឡែនរាប់រយក្បាល បានងាប់នៅទីនោះ។
គេមិនទាន់អាចរកឃើញថាតើហេតុអ្វីបានជាត្រីបាឡែនឡើងទៅលើឆ្នេរដោយខ្លួនឯង ប៉ុន្តែគេដឹងថា វាធ្វើដំណើរជាហ្វូង។ ពួកវាជារឿយៗហែលតាមមេដឹកនាំមួយ ហើយជួនកាលមកជួយគ្នាវាដែលរងរបួស ឬជួបបញ្ហា។
អង្គការ Whale Stranding Indonesia ដែលជាអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ ថនិកសត្វក្នុងសមុទ្រជាង៧០ប្រភេទ ត្រូវបានរកឃើញថា ជាប់នៅលើឆ្នេរ ដែលក្នុងមានរួមទាំងសត្វសមុទ្រ dugong ដែលជាប្រភេទថនិកសត្វមានទំហំធំមធ្យម និងមានសែស្រឡាយជាមួយនឹងសត្វអំបូរ manatee ផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់