មនុស្ស​យ៉ាង​តិច​២០នាក់​ស្លាប់​នៅពេល​ដែល​ទូក​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​មក​ដល់​ឥណ្ឌូណេស៊ី

  • ​Reuters

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទទួលការព្យាបាល ពេលបានធ្វើដំណើរទៅដល់ភូមិ Meunasah Ujong Pie ក្នុងស្រុក Pidie ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​យ៉ាងតិចណាស់​ក៏២០នាក់​ដែរ​បាន​ស្លាប់​នៅឯ​សមុទ្រ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR)នៅ​ថ្ងៃ​អង្គារ​នេះ។

ទូក​ដឹកអ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុកបុកម្នេញ​រាប់រយ​នាក់នេះ​បានមក​ដល់ប្រទេស​ឥណ្ឌូណេស៊ី​ ខណៈ​ដែល​ទូក​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ជឿ​ថា​បានរសាត់​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ទូក​មួយ​គ្រឿង​បាន​រសាត់​មកដល់​ឆ្នេរ​សមុទ្រ​ខេត្ត Aceh នៃ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​មាន​ដឹក​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ១៧៤ នាក់ ភាគច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​ខ្សោះ​ជាតិ​ទឹក អស់​កម្លាំង​ហើយ​ត្រូវការ​ការថែទាំ​សុខភាព​ជា​បន្ទាន់ បន្ទាប់ពី​បាន​ស្ថិត​នៅ​ក្នុង​សមុទ្រ​រាប់​សប្តាហ៍។ នេះ​បើ​តាម​ពួក​មន្ត្រី​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ក្នុង​មូលដ្ឋាន។

លោក Chris Lewa នៃ​គម្រោង Arakan ដែល​ផ្តល់​ការជួយ​ឧបត្ថម្ភ​ដល់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ បាន​និយាយ​ថា ទូកនោះ​ដូច​គ្នា​នឹង​ទូក​មួយ​គ្រឿង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​កាលពី​ដំបូង​ថា​បាន​បាត់​ ហើយ​ត្រូវ​បាន​គេ​ភ័យខ្លាច​ថា​បាន​លិច។

ទីភ្នាក់ងារ UNHCR បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ឆ្នាំ ២០២២ នេះ​ អាច​ជា​ឆ្នាំ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅឯ​សមុទ្រ​នៅ​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍ សម្រាប់​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ នៅពេល​ដែល​ចំនួន​របស់​ពួកគេ​បាន​កើនឡើង ​ដើម្បី​គេចចេញ​ពី​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​បាន​ត្រូវ​គេ​ធ្វើ​ទុកបុកម្នេញ​ជាយូរយារ​ណាស់​មកហើយ ​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​មាន​អ្នកកាន់​ព្រះពុទ្ធសាសនា​ភាគ​ច្រើន និង​មាន​ព្រំដែន​ជាមួយ​ប្រទេស​បង់ក្លាដែស។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាច្រើន​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​នានា​ដូចជា​ថៃ ​និង​ប្រទេស​ម៉ាឡេស៊ីនិង​ឥណ្ឌូណេស៊ី​ ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​ នៅ​រវាង​ខែ​វិច្ឆិកា​និង​មេសា​នៅពេល​ដែល​សមុទ្រ​មាន​ភាព​ស្ងប់ស្ងាត់។

ជនភៀសខ្លួន​ជិត ១ លាន​នាក់​បាន​រស់នៅ​ពពាក់ពពួន​គ្នា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​រួមទាំង​ជនភៀស​ខ្លួន​រាប់​សែន​នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន​ពី​ការបង្ក្រាប​ដ៏​ប្រល័យ​ដោយ​ពួក​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ឆ្នាំ ២០១៧៕