ក្រុមមន្ត្រីកាហ្សាក់ស្ថាននិយាយថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ស្ថិតនៅក្នុងចំណោមមនុស្ស ១៦៤នាក់ដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងកាលពីសប្តាហ៍មុន។ អាជ្ញាធរ និយាយថា មនុស្ស៥ពាន់៨រយនាក់ បានត្រូវឃុំខ្លួន។
នៅក្នុងការប្រឹងប្រែងដើម្បីបញ្ឈប់ការតវ៉ាប្រឆាំង ប្រធានាធិបតី Kassym-Jomart Tokayev បានចេញបទបញ្ជាឲ្យបាញ់សម្លាប់ដែលអនុញ្ញាតឲ្យកងកម្លាំងសន្តិសុខបាញ់ពួកបាតុករដោយគ្មានការព្រមានជាមុន។
មេដឹកនាំរបស់អតីតសាធារណរដ្ឋសូវៀតនេះ ក៏បានសុំឲ្យប្រទេសរុស្ស៊ីនិងប្រធានាធិបតីរុស្ស៊ី Vladimir Putin ជួយនៅក្នុងការកម្ទេចបាតុកម្មផងដែរ។ រុស្ស៊ីនិងសមាជិកមួយចំនួនរបស់អង្គការសន្ធិសញ្ញាសន្តិសុខរួមដែលជាសម្ព័ន្ធភាពយោធាអន្តរដ្ឋាភិបាលអឺរ៉ុបអាស៊ី បានឆ្លើយតបដោយការបញ្ជូនកងទ័ព។
ការតវ៉ាប្រឆាំង បានបណ្តាលមកពីការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងខ្លាំង ក៏ប៉ុន្តែ មានការកើន ឡើងដោយសារការមិនពេញចិត្តចំពោះដឹកនាំប្រទេសបែបផ្តាច់ការ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធី This Week នៃបណ្តាញទូរទស្សន៍ ABC-TV ថា កាហ្សាក់ស្ថាន «មានសមត្ថភាពដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងការពារស្ថាប័នរបស់រដ្ឋ ក៏ប៉ុន្តែ ត្រូវធ្វើក្នុងរបៀបមួយដែលគោរពសិទ្ធិរបស់បាតុករដោយសន្តិវិធីហើយក៏ដោះស្រាយការព្រួយកង្វល់ដែលពួកគេបានលើកឡើងអំពីសេដ្ឋកិច្ចនិងការព្រួយកង្វល់អំពីនយោបាយខ្លះដែរ»។
បាតុកម្មបានបណ្តាលឲ្យប្រធានាធិបតី Tokayev បណ្តេញគណៈរដ្ឋមន្ត្រីនិងទីប្រឹក្សារបស់លោកគឺអតីតប្រធានាធិបតី Nursultan Nazarbayev ចេញពីតំណែងរបស់លោកជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសនោះ។ លោក Nazarbayev បានដឹកនាំប្រទេសចាប់តាំងពីបានទទួលឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩០រហូតដល់ឆ្នាំ២០១៩។
អាជ្ញាធរ ក៏បានប្រកាសពីការចាប់ខ្លួនលោក Karim Massimov អតីតប្រធានគណៈកម្មា ធិការសន្តិសុខជាតិលើបទសង្ស័យពីការក្បត់ជាតិ។ លោក Massimov អាយុ៥៦ឆ្នាំបានដឹកនាំគណៈកម្មាធិការនោះដែលទទួលខុសត្រូវចំពោះការស៊ើការណ៍សម្ងាត់ រហូតដល់ពេលប្រធានាធិបតី Tokayev ដកលោកចេញពីតំណែងកាលពីសប្តាហ៍មុន។
លោកស្រី Erica Marat ជាសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យការពារជាតិនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់កាសែត The New York Times ថា ប្រធានាធិបតី Tokayev «បានលក់អធិបតេយ្យភាពរបស់ប្រទេសទៅឲ្យរុស្ស៊ីដើម្បីអំណាចផ្ទាល់ខ្លួន និងផលប្រយោជន៍របស់ក្រុមវរៈជនពុករលួយ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press។