មនុស្សយ៉ាងតិច១៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារមួយក្នុងសាកលវិទ្យាល័យ Prague ប្រទេសឆែក

មនុស្សដើរកាត់​មន្ត្រីប៉ូលិស​ដែល​ឈរ​ល្បាត​ក្បែរ​អគារ​មួយ​នៃ​សាកល​វិទ្យាល័យ Charles ក្នុង​ទីក្រុង Prague នៃសាធារណរដ្ឋឆែក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់​ពី​មាន​ករណី​បាញ់​ប្រហារមួយ។

និស្សិត​ម្នាក់​ក្នុងប្រទេស​ឆែក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បាញ់​សម្លាប់​ឪពុក​របស់​ខ្លួន ហើយ​បន្ទាប់​មក​ក៏បាញ់​សម្លាប់​មនុស្ស​ផ្សេង​ទៀតយ៉ាង​ហោច​ណាស់​ក៏​ ១៤ ​នាក់​ដែរ​ និង​មាន​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​ ២៥ ​នាក់​ទៀត​ បាន​រងរបួស​ពី​ការបាញ់​ប្រហារ​របស់​ជនដៃ​ដល់​រូប​នេះ​ នៅ​ក្នុងសាកលវិទ្យាល័យ​ទីក្រុង ​Prague​ សាធារណរដ្ឋ​ឆែក។ ​នេះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុតនៅ​ក្នុង​ប្រទេស​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប៉ូលិស។​

ស្នងការ​ប៉ូលិស​លោក​ Martin Vondrasek​ និង​រដ្ឋមន្ត្រី​មហាផ្ទៃ​ឆែក​លោក​ Vit Rakusan បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ដូចនេះ​ នៅ​ជិត​កន្លែង​កើត​ហេតុ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​បរិវេណ​សាកល​ Prague's Charles University នៅ​ទីលាន​ Jan Palach ដែលស្ថិត​នៅ​ជាប់នឹង​ស្ពាន Charles ដែល​ជា​ទីតាំង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ។​

ស្នង​ការ​ប៉ូលិស​លោក Vondrasek និយាយ​ថា​ ខ្មាន់កាំភ្លើងអាយុ ២៤ ​ឆ្នាំ​ ជា​និស្សិត​នៅ​ក្នុង​សាលវិទ្យាល័យ​នោះ។ ស្នងការ​ប៉ូលិស​រូប​នេះ​និយាយ​ថា​ ប៉ូលិស​បាន​ចាប់​ផ្តើមស្វែង​រក​ជន​នេះ មុន​ពេល​ដែល​ការ​បាញ់​ប្រហារទៅ​លើ​មនុស្ស​ដទៃ​ទៀត​បាន​កើត​ឡើង​ បន្ទាប់​ពី​ឪពុក​ជន​ល្មើស​ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់​នៅ​ក្នុង​ភូមិ​មួយ​ នៅ​ភាគ​ខាង​លិចទី​ក្រុង ​Prague។ មេប៉ូលិស​រូប​នេះ​ថា ជន​ល្មើស​រូប​នេះ​បានស្លាប់ក្នុង​កន្លែង​កើតហេតុ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ។​

រដ្ឋមន្ត្រី​មហាផ្ទៃប្រទេស​ឆែក​លោក Rakusan ​និយាយ​ថា​ មិន​មាន​ការ​ពាក់ព័ន្ធ​រវាង​ការ​បាញ់​ប្រហារ​នេះ​ទៅ​នឹងភេរវកម្ម​អន្តរជាតិនោះ​ឡើយ»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP, AFP និង Reuters។