មនុស្ស​យ៉ាង​ហោច​ណាស់​១២​នាក់​បាន​ស្លាប់​និង​ជាង​ម្ភៃ​នាក់​ទៀត​​រង​របួស​ក្នុង​ការ​ធ្លាក់​យន្តហោះ​នៅ​កាហ្សាក់ស្ថាន

ប៉ូលិស​និង​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្ថិត​នៅ​កន្លែង​ធ្លាក់​យន្ត​ហោះ​ នៅ​ជិត​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Almaty នៅ​ខាង​ក្រៅ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ២០១៩។

យន្ត​ហោះ​កាហ្សាក់ស្ថាន​មួយ​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​ជាង​៩០​នាក់​ បាន​ធ្លាក់ក្រោយ​ពីទើប​បាន​ហោះ​ហើរ ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ នាំ​ឲ្យ​មនុស្សយ៉ាង​តិច​១២​នាក់​ស្លាប់ ​និង ធ្វើ​ឲ្យ​មនុស្ស​ជាង​ម្ភៃ​នាក់​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នេះ​បើ​តាម​កា​រ​ឲ្យ​ដឹង​ពី​សំណាក់​អាជ្ញាធរ។

គណៈ​កម្មាធិការត្រួត​ពិនិត្យ​យន្តហោះស៊ីវិល​នៃ​ប្រទេស​កាហ្សាក់ស្ថាន ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា យន្តហោះ​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Bek Air ​បាន​បុកជញ្ជាំង​ស៊ីម៉ង់ត៍​មួយ និង អាគារ​កម្ពស់​២​ជាន់​មួយ​ខ្នង ​ក្រោយ​ពី​បាន​ហោះ​ចេញ​ពីអាកាស​យានដ្ឋាន ​Almaty។

ដើម​ដំបូង​ អាជ្ញាធរ​ស្រុក​បាន​និយាយ​ថា​ មាន​អ្នក​ស្លាប់​១៥​នាក់ ប៉ុន្តែ​ក្រោយ​មក​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​អាស៊ី​កណ្តាល​នេះ​ បាន​បន្ថយ​ចំនួន​អ្នក​ស្លាប់​វិញ ដោយ​មិន​បាន​ផ្តល់​មូល​ហេតុ​អ្វី​ឡើយ៕