នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G-20 បណ្ដា​រដ្ឋមន្ត្រី​បស្ចិម​ប្រទេស​រិះគន់​រុស្ស៊ី​រឿង​អ៊ុយក្រែន

  • ​Reuters

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង​រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសអង់ហ្គោឡា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ប្រទេស G-20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​បស្ចិម​ប្រទេស​នៃ​ក្រុម​ប្រទេស G-20 ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃ​ពុធ បាន​ថ្កោលទោស​ប្រទេស​រុស្ស៊ី​ចំពោះការ​ឈ្លានពាន​របស់​ប្រទេស​នេះ​លើ​អ៊ុយក្រែន នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov អង្គុយ​ស្ដាប់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​ការទូត​នានា។

រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក David Cameron បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​នេះ​ថា៖ «គេ​ត្រូវតែ​ធ្វើ​ឱ្យ​រុស្ស៊ី​ចំណាយ​លើ​ការ​ខូចខាត​ដែល​បណ្ដាល​មកពី​ការ​ឈ្លានពាន​របស់​ខ្លួន»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​របស់​លោក។

មន្ត្រី​ការទូត​កំពូលៗ​មកពី​សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​ន័រវែស បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ន័រវែស​លោក Espen Barth Eide បាន​ប្រាប់​អ្នក​កាសែត​ថា លោក Lavrov បាន​ឆ្លើយតប​ដោយ​សុភាព​មួយៗ​ចំពោះ​ការ​លើកឡើង​របស់​លោក Cameron ដោយ​បញ្ជាក់​អំពី «ការពិត​បែប​ផ្សេង​ជាច្រើន» អំពី​ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន។

លោក Lavrov មិន​បាន​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ទេ។ រុស្ស៊ី​ធ្លាប់​បាន​បញ្ជាក់​អះអាង​កាលពី​លើក​ដំបូង​អំពី «ប្រតិបត្តិការ​យោធា​ពិសេស» របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ចាប់ផ្ដើម​កាលពី​ពីរ​ឆ្នាំ​មុន​ថា​ដើម្បី «កម្ចាត់​ឥទ្ធិពល​ណាហ្ស៊ី» នៅ​អ៊ុយក្រែន។ កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​រុស្ស៊ី​បាន​សង្កត់ធ្ងន់​ថា ខ្លួន​ចាំបាច់​ត្រូវ​ការពារ​ប្រឆាំង​នឹង​ការឈ្លានពានរបស់​ក្រុម​បស្ចិម​ប្រទេស។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​រៀបចំ​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G-20 នៅ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​នេះ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន បណ្ដា​មេដឹកនាំ​ក្រុម​ប្រទេស G-20 បាន​អនុម័ត​សេចក្ដី​ប្រកាស​មួយ​ដែល​បញ្ចៀស​ការ​ថ្កោលទោស​រុស្ស៊ី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​កុំ​ប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​ទឹកដី​ណា​មួយ។

លោក Cameron ក៏​បាន​លើកឡើង​ផងដែរ​អំពី​ការ​ស្លាប់​របស់​មេ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexey Navalny នៅ​ក្នុង​ពន្ធនាគារ​របស់​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន។

លោក Eide បាន​និយាយ​ថា កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ទីក្រុង Rio នៃ​ប្រទេស​ប្រេស៊ីល​នេះ​បាន​ផ្ដោត​ជា​ចម្បង​លើ​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) និង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕