សមាគមអាស៊ានដែលបង្កើតឡើងក្នុងបំណងដើម្បីពង្រឹងសក្ដានុពលសេដ្ឋកិច្ចនិងស្ថិរភាពក្នុងតំបន់នោះ មានអាយុកាល៤៩ឆ្នាំហើយ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ។ អ្នកជំនាញមើលឃើញថា អាស៊ាន ផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចច្រើនដល់ប្រទេសជាសមាជិក។ ក៏ប៉ុន្តែអាស៊ានក៏មានភាពចម្រូងចម្រាសកើតឡើងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
ផ្តើមចេញពីប្រទេសសហស្ថាបនិកចំនួន៥ គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងឥណ្ឌូណេស៊ី នៅឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកទី១០នៃសមាគមអាស៊ាន បន្ទាប់ពីប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ សហគមន៍សន្តិសុខនយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន គឺជាសសរស្ដម្ភសំខាន់ទាំង៣របស់អាស៊ាន។
ក្នុងនោះសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានគេមើលឃើញថា មានការវិវត្តន៍ទៅមុខលឿនជាងគេ។ ជាក់ស្តែង នៅចុងឆ្នាំ២០១៥ អាស៊ាន បានធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានរួមគ្នាមួយ ដែលធ្វើឲ្យទីផ្សារអាស៊ានមានទំហំដល់ជាង២០០.០០០លានដុល្លារសហរដ្ឋអាមេរិក និងមានចំនួនប្រជាជនសរុបរបស់សហគមន៍ជាង៦០០លាននាក់។
អ្នកឃ្លាំមើលស្ថានការណ៍វិវត្តន៍ក្នុងតំបន់អាស៊ាន លើកឡើងថា សមាហរណកម្មសេដ្ឋកិច្ចបានជំរុញពាណិជ្ជកម្មឆ្លងប្រទេស និងបង្កើនការប្រកួតប្រជែងក្នុងតំបន់។
ក៏ប៉ុន្តែ អ្នកជំនាញ យល់ថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ានដែលមានអាយុកាលជិតមួយឆ្នាំនេះ នៅត្រូវការពេលយូរទៀតដើម្បីមើលពីសក្ដានុពលជាក់ស្ដែង។
លោកសាស្ត្រាចារ្យ John Ciorciari (ចន ស៊ៀអ័រស៊ៀរី) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan នៃសហរដ្ឋអាមេរិក ឲ្យដឹងថា ទីផ្សាររួមនៃតំបន់អាស៊ាន បានធ្វើឲ្យពាណិជ្ជកម្មក្នុងតំបន់មានភាពងាយស្រួល ហើយទីផ្សារអាស៊ានមានភាពទាក់ទាញសម្រាប់វិនិយោគិនច្រើនជាងមុន។ ក៏ប៉ុន្តែ លោកថា ដំណើរការសេដ្ឋកិច្ចអាស៊ាននេះនៅមានភាពយឺតយ៉ាវ។
ក្នុងការឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិកជាមួយ VOA លោក John Ciorciari បានសរសេរថា៖ «ក៏ប៉ុន្តែ ដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅមានលក្ខណៈយឺតយ៉ាវ ដោយសារតែសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាននៅមានគម្លាតគ្នាច្រើន ព្រមទាំងមានគំនាបនយោបាយ និងឧបសគ្គជាច្រើនដែលមាន នៅលើលំហូរទំនិញ ដើមទុន និងកម្លាំងពលកម្ម។ សហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាគម្រោងរយៈពេលវែងមួយ»។
លោក ឡាក់ ចាន់សុខ សាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព CICP ឲ្យដឹងថា សមាជិកអាស៊ានអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើនពីទីផ្សាររួមរបស់អាស៊ាន ជាពិសេសនៅពេលចរចាជាមួយប្រទេសមហាអំណាច។
លោក ចាន់សុខ បញ្ជាក់ប្រាប់ VOA ថា៖
«អាស៊ាន វាល្អ ល្អត្រង់វាធ្វើឲ្យប្រទេសទាំង១០ មានទឹកមាត់ប្រៃក្នុងការជជែកជាមួយមហាអំណាច។ បើសិនត្រឡប់ទៅក្រោយវិញ មុនពេលកម្ពុជា និងប្រទេសផ្សេងទៀតមិនទាន់ចូលជាសមាជិកអាស៊ាន យើងពិបាកនិយាយរកមហាអំណាចមែនទែនដោយសារប្រទេសយើងតូច»។
ទោះជាអាស៊ានបានបង្កើតតាំងពីឆ្នាំ១៩៦៧ ក៏ប៉ុន្តែអាស៊ានទើបតែបង្កើតធម្មនុញ្ញអាស៊ាននៅដើមឆ្នាំ២០០៨ប៉ុណ្ណោះ។ ពេលនោះហើយ ដែលគេលែងចាត់ទុកអាស៊ានថាជាស្ថាប័នដែលទន់ខ្សោយ និងគ្មានរចនាសម្ព័ន្ធច្បាស់លាស់ទៀតនោះទេ។ បន្ថែមពីលើនេះ អាស៊ានក៏កំណត់យកផងដែរ នូវគោលការណ៍សំឡេងឯកច្ឆន្ទ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកដទៃ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះសមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញថា ជាបញ្ហាចម្រូងចម្រាសសម្រាប់តំបន់អាស៊ាន។ ហើយបញ្ហាសមុទ្រចិនខាងត្បូងនេះ នៅតែស្ថិតក្រោមការពិភាក្សាថាតើវាជាជម្លោះទ្វេភាគី ឬរបស់អាស៊ានទាំងមូល។
លោកបណ្ឌិត John Ciorciari សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ដែលសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍ ឲ្យដឹងថា ភាពបត់បែននៃរបៀបរបបការទូតអាស៊ានបានជួយឲ្យអាស៊ានរួមគ្នានៅពេលមានភាពតានតឹង។ ក៏ប៉ុន្តែលោកថា គោលការណ៍អាស៊ាននេះ ក៏បានរឹតត្បិតលទ្ធភាពអាស៊ានក្នុងការដោះស្រាយបញ្ហាធំៗក្នុងតំបន់ផងដែរ ជាឧទាហរណ៍បញ្ហាសមុទ្រចិនខាងត្បូង។
លោក John Ciorciar បានសរសេរក្នុងសារអេឡិចត្រូនិកថា៖
«កម្ពុជាជាញឹកញាប់ បានស្ថិតនៅកណ្តាលនៃជម្លោះក្នុងតំបន់។ ហើយនាពេលចុងក្រោយនេះ កម្ពុជាបានក្លាយជាចំណាប់អារម្មណ៍របស់អាស៊ានជាថ្មីម្តងទៀត ទាក់ទងនឹងជំហរកម្ពុជាចំពោះជម្លោះសមុទ្រចិនខាងត្បូង ខណៈដែលសមាជិកខ្លះនៃអាស៊ានចាត់ទុកជម្លោះសមុទ្រចិនខាងត្បូង ថាជាជម្លោះរវាងប្រទេសចិននិងអាស៊ាននោះ»។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យមួយរូបនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិកលើកឡើងថា វាជារឿងមិនអាចបដិសេធបានដែលថា ប្រទេសចិនមានឥទ្ធិពលមកលើប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ជាពិសេសគឺ ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ានោះ។ ហើយឥទ្ធិពលរបស់ប្រទេសចិននេះ បានរំខានដល់សំឡេងឯកច្ឆន្ទរបស់អាស៊ាន ចំពោះបញ្ហាសមុទ្រចិនខាងត្បូង។
ក្នុងការឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិចជាមួយ VOA លោកបណ្ឌិត អៀ សុផល បញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ២០១២មក អាស៊ានបានប្រឈមមុខនឹងបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ដោយសារតែការសម្រេចរបស់អាស៊ាន គឺផ្អែកទៅលើការសម្រេចរួមគ្នាតែមួយ (Consensus)។
ដូចគ្នាដែរ លោក ឡាក់ ចាន់សុខ សាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិលើកឡើងថា យន្តការសំឡេងតែមួយរបស់អាស៊ានគឺដូចជាកាំបិតមុខ២៖
«យន្តការ Consensus ដូចជាកាំបិតមុខ២អីចឹង។ វាមានផលប្រយោជន៍ផង និងផលវិបាកផង។ ផលប្រយោជន៍ហ្នឹងគឺអាស៊ានមកដល់ឆ្នាំ២០១៦ហ្នឹង បាន៤៩ឆ្នាំហ្នឹង គឺដោយសារ Consensus ហ្នឹងផងដែរ ដោយសារតែប្រទេសនីមួយៗត្រូវតែគោរពតាមហ្នឹង។ ហើយផលវិបាកហ្នឹង គឺដោយសារភាគច្រើនពិបាកជជែក។ អីចឹងពេលគាត់ចង់ធ្វើអីមួយ ត្រូវការសំឡេងឯកច្ឆន្ទពីប្រទេសទាំង១០»។
លោក ឡាក់ ចាន់សុខ យល់ថា ជម្លោះដែនសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស និងជម្លោះព្រំដែននៃប្រទេសជាសមាជិកអាស៊ានដែលមានព្រំប្រទល់ជាប់គ្នា គឺបញ្ហាប្រឈម២សំខាន់របស់អាស៊ាន។ សម្រាប់លោក ឡាក់ ចាន់សុខ ជម្លោះសមុទ្រចិនខាងត្បូង គឺដូចជាវិញ្ញាសាសាកល្បងមួយថា តើអាស៊ានមានភាពរឹងមាំ និងសាមគ្គីភាពគ្នាដល់កម្រិតណា។
សាស្ត្រាចារ្យរូបនេះ លើកឡើងថា ភាពស្និទ្ធស្នាលរវាងកម្ពុជា និងចិន អាចផ្តល់ផលវិជ្ជមានដល់ទំនាក់ទំនងអាស៊ាននិងប្រទេសចិន ចំពោះកិច្ចសហប្រតិបត្តិការនានា និងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនោះ។
លោកបន្ថែមថា ទោះជាអាស៊ានបង្កើតបាន៤៩ឆ្នាំហើយក៏ដោយ ក៏ប្រទេសក្នុងអាស៊ាននៅមានគម្លាតគ្នាចំពោះវិស័យខ្លះដែរ ជាអាទិ៍ ភាពក្រីក្រ បច្ចេកវិទ្យា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍វិវត្តន៍ក្នុងតំបន់អាស៊ានទាំងនេះ យល់ថា អាស៊ានទំនងជាមិនអាចឈានដល់ដំណាក់កាលមួយដែលនឹងកាត់ប្រទេសណាមួយចេញពីសមាជិកភាពអាស៊ាននោះទេ។ ពួកគេយល់ថា ការដកសមាជិកភាពពីប្រទេសណាមួយនោះអាចបង្កើតជាគំរូមិនល្អ បង្កអស្ថិរភាពក្នុងតំបន់ ព្រមទាំងផ្ទុយពីធម្មនុញ្ញអាស៊ានដែលភាពរួបរួមគ្នាគឺជាស្មារតីមូលដ្ឋានដ៏សំខាន់អាស៊ាននោះ៕