របាយការណ៍មួយរបស់ទីភ្នាក់ងារ NASA ដែលចេញផ្សាយកាលពីថ្ងៃអង្គារទី ៣១ ខែមីនា នៅក្នុងព្រឹត្តិបត្រតារារូបវិទ្យាសាស្ត្រ Astrophysical Journal បានពន្យល់ថា រន្ធខ្មៅ intermediate-mass លើដែនអវកាស មានទំហំធំជាងម៉ាសព្រះអាទិត្យប្រហែល ៥ ម៉ឺនដង។
រន្ធខ្មៅ Intermediate-mass នោះមានទំហំតូចជាងរន្ធខ្មៅ supermassive ដែលស្ថិតនៅក្នុងស្នូលនៃកាឡាក់ស៊ីធំៗ ប៉ុន្តែវាធំជាងរន្ធខ្មៅ Stellar-mass ដែលបង្កើតឡើងដោយការរំលំរលាយនៃផ្កាយដ៏ធំមួយ។
រន្ធខ្មៅ intermediate-mass គឺជា «តំណភ្ជាប់ដែលបាត់» ដែលត្រូវបានស្វែងរកជាយូរមកហើយនៅក្នុងការវិវត្តនៃរន្ធខ្មៅលើដែនអវកាស។ តារាវិទូមានការលំបាកក្នុងការស្វែងរករន្ធខ្មៅទាំងនេះ ពីព្រោះពួកវាមានទំហំតូចជាង និងមិនសូវមានសកម្មភាពដូចរន្ធខ្មៅ supermassive នោះទេ។
តារាវិទូនៃសាកលវិទ្យាល័យ University of New Hampshire លោក Dacheng Lin ដែលជាអ្នកចេញផ្សាយរបាយការណ៍នេះ បានប្រាប់ទីភ្នាក់ងារ NASA ថា លោក និងក្រុមការងាររបស់លោក ចាប់បានរន្ធខ្មៅ Intermediate-mass មួយ នៅពេលវាកំពុងលេបត្របាក់ផ្កាយមួយដែលបានមកជិតទំនាញរបស់រន្ធខ្មៅនេះនៅលើដែនអវកាស។
លោក Lin បាននិយាយថា ក្រុមការងាររបស់លោកបានប្រើកែវពង្រីកមើលគន្លងតារា Hubble ដើម្បីសិក្សាទិន្នន័យដែលប្រមូលបានពីទីភ្នាក់ងារ NASA និងទីភ្នាក់ងារផ្កាយរណបកាំរស្មីអ៊ិចរបស់ទីភ្នាក់ងារដែនអវកាសអឺរ៉ុប ដើម្បីកំណត់ទីតាំងពិតប្រាកដរបស់រន្ធខ្មៅនេះ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញរន្ធខ្មៅទំហំធម្យមនេះ មានន័យថា អាចមានរន្ធខ្មៅប្រភេទនេះមួយចំនួនទៀតនៅក្នុងទីអវកាស ហើយការណ៍នេះបានចោទជាសំណួរថាតើរន្ធខ្មៅទាំងនេះនឹងវិវឌ្ឍន៍ខ្លួនទៅជារន្ធខ្មៅ supermassitve ឬក៏យ៉ាងណានោះ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា