AstraZeneca ថា ​មិន​មាន​ភស្តុតាង​ថា​វ៉ាក់សាំង​​ខ្លួន​បណ្តាល​ឲ្យ​​កក​ឈាម​ក្នុង​សរសៃ ខណៈ​ថៃ​សម្រេច​ចាក់​វ៉ាក់សាំង​​នេះ​វិញ

រូបឯកសារ៖ ដប​តូចៗ​មួយ​ចំនួន​មាន​ស្លាក​សរសេរ​ថា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca ដែល​ត្រូវ​បាន​ដាក់​នៅ​ពី​មុខ​ស្លាកសញ្ញា​ក្រុមហ៊ុន AstraZeneca ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២១។

ក្រុមហ៊ុន AstraZeneca បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទិន្នន័យ​របស់​ខ្លួន​មិន​បាន​រកឃើញ​ភស្តុតាងថា វ៉ាក់សាំង​របស់​ខ្លួន​ដែល​បង្ការជំងឺ​កូវីដ១៩ បណ្តាល​ឲ្យ​មាន​ជំងឺ​កក​ឈាម​ក្នុង​សរសៃ​ទេ។ នៅ​ថ្ងៃដដែល​នោះ ប្រទេស​អៀរឡង់​និង​ហូឡង់ ​ជា​ប្រទេស​ថ្មី​ចុងក្រោយ​ដែល​បានផ្អាក​ការ​ចាក់​វ៉ាក់សាំង​នោះ។

ក្រុមហ៊ុន​នោះ​បាន​បញ្ជាក់​ថា៖ «ការ​ពិនិត្យ​មើល​ឡើង​វិញ​ដ៏​ហ្មត់ចត់​នូវ​ទិន្នន័យ​សុវត្ថិភាព​ទាំង​អស់ មិន​បាន​បង្ហាញ​ភស្តុតាង​នៃ​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃ​ឈាម​ក្នុង​សួត​ ឬ​ការ​កក​ឈាម​ក្នុង​សរសៃ​ឈាម​ក្នុង​ក្រុម​មនុស្សអាយុ​ណា​មួយ យេនឌ័រ ឬ​នៅ​ក្នុង​ប្រទេស​ជាក់​លាក់​ណា​មួយ​ទេ»។

ការ​ពិនិត្យ​មើល​ឡើង​វិញ​នេះពី​ទិន្នន័យ​មនុស្ស​ជាង​ ១៧​លាន​នាក់​ដែល​បាន​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​ក្នុង​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែលប្រទេស​អៀរឡង់​បាន​ចូលរួម​ជាមួយ​ប្រទេស​ដាណឺម៉ាក ន័រវែស​ និង​អ៊ីស្លង់​ នៅ​ក្នុង​ការ​ផ្អាក​ការ​ប្រើ​វ៉ាក់សាំង​នេះ ពីព្រោះ​តែ​បញ្ហា​កក​ឈាម​ក្នុង​សរសៃ។ ប្រទេស​អូទ្រីស​បាន​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​កាល​ពី​សប្តាហ៍​មុន​ខណៈ​ស៊ើប​អង្កេត​ការ​ស្លាប់​ពី​ការកក​ឈាម​ក្នុង​សរសៃ​នេះ។

វេជ្ជបណ្ឌិត Ronan Glynn អនុប្រធាន​ការិយាល័យ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​អៀរឡង់ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យថា ថ្វី​បើ​មិន​អាច​សន្និដ្ឋានថា​មាន​ការ​ជាប់​ទាក់ទិន​រវាង​វ៉ាក់សាំង​ និង​ឧបទ្ទវហេតុ​នៃ​ការ​កក​ឈាម​ក្នុង​សរសៃ​ក៏​ដោយ លោក​នឹង​ស្នើ​ឲ្យ​ផ្អាក​ការប្រើ​វ៉ាក់សាំង​នេះ​ដែល​ជាវិធានការ​ប្រុងប្រយ័ត្ន​ជាមុន។

ក្នុង​ព្រិត្តិការណ៍​ទាក់ទង​មួយ​ទៀត ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ បន្ទាប់​ពី​ផ្អាក​មួយ​រយៈខ្លី​ បណ្តាល​មក​ពី​ការ​ព្រួយ​កង្វល់​អំពី​សុវត្ថិភាព​នេះ។ ​ក្រុមមន្ត្រី​ថៃបាន​និយាយ​ថា នាយករដ្ឋមន្ត្រី​ថៃ និង​គណៈរដ្ឋមន្ត្រី​របស់​លោក​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ៕