រដ្ឋសភាកម្ពុជាបានអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» នៅថ្ងៃពុធនេះដោយសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនិងគណបក្សជំទាស់ចំនួន៩៣រូបក្នុងចំណោម៩៨រូបដែលមានវត្តមាន។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ( Asian Infrastructure Investment Bank ) គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគីរបស់ប្រទេសចិនមានគោលដៅគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ធនាគារនេះ មានទីស្នាក់ការកណ្តាលនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងបានបើកសម្ពោធជាផ្លូវការកាលពីខែធ្នូ ឆ្នាំ២០១៥។
លោកចាន់ សុផលអ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ឲ្យដឹងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះនៅត្រូវការវិនិយោគទុនច្រើនទៀតចំពោះកិច្ចអភិវឌ្ឍនានាដោយចំពោះគឺវិស័យហេដ្ឋារចនាសម្ព័ន្ធនេះហើយផលចំណេញដែលផ្តល់ដោយធនាគារថ្មីនេះ មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងតំបន់អាស៊ីទាំងមូលផងដែរ។
«បើសិនជាក្នុងទ្វីបអាស៊ីយើងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន មានការផ្សារភ្ជាប់គ្នាតាមផ្លូវថ្នល់ និងរទេះភ្លើង កំពង់ផែច្រើន នៅក្នុងវិស័យសេដ្ឋកិច្ចនឹងមានភាពងាយស្រួលក្នុងការចរាចរណ៍ទំនិញ សេវាកម្ម ហើយវានឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងទ្វីបអាស៊ី ហើយវានឹងជួយដល់កម្ពុជាផងដែរ។ ក្នុងទ្រឹស្តីសេដ្ឋកិច្ច យើងចង់ឲ្យប្រទេសជុំវិញខ្លួនយើងជឿនលឿន។ យើងក៏ងាយស្រួលក្នុងប្រតិបត្តិការដែរ »។
ទន្ទឹមនឹងផលចំណេញនៅចំពោះមុខដែលកម្ពុជាទទួលបាន លោក ចាន់ សុផលក៏មើលឃើញពីក្តីបារម្ភអំពីស្តង់ដានៃការផ្តល់ប្រាក់កម្ចីដែលលោកមើលឃើញថាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីមានភាពធូររលុងបើប្រៀបធៀបទៅធនាគារផ្សេង។
«ជាទូទៅអ្នកផ្តល់ប្រាក់កម្ចីគេមានលក្ខខណ្ឌយ៉ាងហោចក៏ត្រូវបំពេញតម្រូវការមួយចំនួន។ បើសិនជាធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ច្រើនតែមានលក្ខខណ្ឌតឹងតែងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស គិតគូរពីផលប៉ះពាល់បរិស្ថាន។ ហើយធនាគារ ហេដ្ឋារចនាសម្ព័ន្ធនេះដឹកនាំដោយចិននេះ អាចថាមានភាពងាយស្រួលជាង អីចឹងអាចថាមានភាពចន្លោះប្រហោងខ្លះដោយខ្វះការគិតគូរពីសុវត្ថិភាពដល់គ្រប់វិស័យ»។
ធនាគារនេះ មានដើមទុនសរុបចំនួន១០០ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តដាក់ទុនវិនិយោគចំនួន៦២,៣លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង០,០៦៣៥%នៃដើមទុនសរុប។
កម្ពុជាចាត់ទុក AIIB ជាប្រភពហិរញ្ញប្បទានសំខាន់ថ្មីមួយទៀត ដូចគ្នាទៅនឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីដែរ សម្រាប់បំពេញបន្ថែមតម្រូវការសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍរបស់កម្ពុជា។
ការចូលជាសមាជិករបស់កម្ពុជានេះ បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិខាងវិស័យធនាគារ និងកិច្ចអភិវឌ្ឍនានា។ នេះបើយោងតាមរបាយការណ៍មួយចេញដោយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០១៥។
លោកសុន ឆ័យសមាជិករដ្ឋសភាពីគណបក្សសង្គ្រោះជាតិលើកឡើងថា តាមការបញ្ជាក់របស់រដ្ឋាភិបាល សមាជិកភាពនៃធនាគារនេះផ្តល់ជាផលវិជ្ជមានច្រើន ជាពិសេសនៅពេលដែលកម្ចីពីបរទេសនៅតែចាំបាច់សម្រាប់កម្ពុជា។ មួយវិញទៀតកម្ចីពីធនាគារហេដ្ឋារចនាសម្ព័ន្ធនេះ នឹងអនុញ្ញតឲ្យកម្ពុជាទទួលបានសាច់ប្រាក់មកធ្វើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ ទាមទារឲ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនិងតម្លាភាព។
«ការយកលុយគេមកសង់ដោយខ្លួនយើងមួយចំនួននោះក៏គ្មានគុណភាពដែរ។ ថ្នល់នៅកម្ពុជា ប្រជាពលរដ្ឋខ្មែរនិយាយរត់មាត់ហើយថា ថ្នល់ដដែលហ្នឹងសាងសង់ជាប់ៗជានិច្ច។ ចឹងបានយើងសំណូមពរឲ្យរដ្ឋាភិបាលធ្វើម៉េច ឲ្យធានាគុណភាព ឲ្យមានតម្លាភាព»។
លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ឲ្យដឹងថាការចូលជាសមាជិកក្នុងធនាគារហេដ្ឋារចនាសម្ព័ន្ធនេះនឹងផ្តល់ជាផលចំណេញដោយផ្ទាល់ដល់ប្រទេសកម្ពុជា និងអាចមានជាផលវិជ្ជមានដោយប្រយោលចំពោះវិស័យធនាគារក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
«កាលណាមានប្រយោជន៍ទៅដល់ប្រទេសទៅ គឺធនាគារក្នុងស្រុកអាចមានអត្ថប្រយោជន៍ពីលំដាប់ប្រទេសហ្នឹង។ ឧទាហរណ៍ដូចធនាគារពិភពលោក មានតែប្រទេសទេដែលអាចខ្ចីបុលពីធនាគារពិភពលោកបាន។ ប៉ុន្តែថ្មីៗនេះ ធនាគារពិភពលោកមានPrivate Sector Arm [ផ្នែកវិស័យឯកជន] ដែលជាចំណែកមួយគាំទ្រវិស័យឯកជន។ ហើយខ្ញុំគិតថា ទៅមុខទៀតធនាគារAIIB ក៏អាចបើកច្រកសម្រាប់ធនាគារឯកជនបានទទួលអត្ថប្រយោជន៍»។
នេះគឺជាកិច្ចសហប្រតិបត្តិការទី២របស់ប្រទេសកម្ពុជាដែលបានចូលរួមបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី បន្ទាប់ពីចូលជាសមាជិកស្ថាបនិកនៃធនាគារអភិវឌ្ឍន៍អាស៊ី តាំងពីឆ្នាំ១៩៦៦។
យ៉ាងណាក៏ដោយ ប្រទេសចិនដែលមានភាពស្និទ្ធស្នាលនឹងកម្ពុជាបានផ្តល់កម្ចីទាំងឥតសំណង និងការប្រាក់ទាបជាច្រើនមកកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកជំនាញបានព្រមានរដ្ឋាភិបាលថាគួរតែមានការប្រយ័ត្នប្រយែងចំពោះកម្ចីពីប្រទេសចិន៕