សូម​«សួរ​ឯកអគ្គរដ្ឋ​ទូត»​អាមេរិក​បើ​មាន​ចម្ងល់​នៅ​កម្ពុជា

លោក​ William Todd ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​កំពុង​​​ផ្ដល់​​​បទសម្ភាសន៍​​​ដល់​​​អ្នក​​​យក​​​ព័ត៌មាន​​​វិអូអេ​​​ខ្មែរ​​​នៅ​​​ក្នុង​​​​​​ពិធី​​​គម្រប់​​​ខួប​​​ទី​​​៣០​​​ឆ្នាំ​​​​​​នៃ​​​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​​​អាមេរិក​អាស៊ាន​(US-ASEAN Business Council) នៅ​​​ក្នុង​​​រដ្ឋធានី​​​វ៉ាស៊ីងតោន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ខែ​​​តុលា​​​ឆ្នាំ​​​២០១៤។ (VOA Khmer)

ជា​រៀងរាល់​សប្ដាហ៍​លោក​ William Todd ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកបានឆ្លើយ​នឹង​សំណួរ​ផ្ដោត​លើ​ប្រធាន​បទ​យ៉ាង​ហោច​ណាស់​មួយ​ដែល​អ្នក​អាន​កម្ពុជា​របស់​លោក​បាន​សួរ​មក។ ​

លោក​ឯកអគ្គរដ្ឋ​ទូត​ William Todd​ គឺ​ជា​អ្នកការទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ទី​មួយ​ប្រចាំ​នៅ​កម្ពុជា​ដែល​ប្រើ​ប្រាស់​វេទិកា​ស្មេរ ​ឬ​ខ្ទង់​សារព័ត៌មាន​ដែល​លោក​ដាក់​ឈ្មោះ​ថា​ «សួរ​ឯកអគ្គរដ្ឋ​ទូត» ​ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា​និង​ផ្សព្វផ្សាយ​ពី​ទស្សនៈ​របស់​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ចំពោះ​ដំណើរការកសាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​អភិវឌ្ឍប្រទេស​កម្ពុជា។

តាម​រយៈ​អ៊ីម៉េល ​AskAMBToddPP@state.gov ​គឺ​លោក​ទទួល​បាន​សំណួរ​ជាច្រើន​ដែល​លោក​ត្រូវ​ឆ្លើយ​តប។ បញ្ហា​ដែល​លោក​បាន​សរសេរ​ឆ្លើយ​តប​ផ្ដោត​លើ​បញ្ហា​ទូទៅ​ជាច្រើន​ដូច​ជា​ ការ​អប់​រំ ​សេដ្ឋកិច្ច ​នយោបាយ​ បរិស្ថាន ​សង្គម​កិច្ច ​ ​ទន្លេ​មេគង្គ ​អភិបាល​កិច្ច​ វប្បធម៌​ សុខភាព ​យុវជន ​សេរីភាព​សារព័ត៌មាន ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ​និង​ជំនួយ​របស់​អាមេរិក​ដល់​កម្ពុជា​ជាដើម។

លោក​ជេយ ​រ៉ាម៉ាន់ (Jay Raman) ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ ​កម្ពុជា​បាន​បញ្ជាក់​ថា​នេះ​ជា​វិធី​មួយ​ដែល​លោក​រក្សា​ទំនាក់​ទំនង​ជាប្រចាំ​ជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា​ជា​ការ​បន្ថែម​ទៅ​នឹង​ការ​សរសេរ​ប្លុក ​ចុះ​ជួប​ផ្ទាល់​ និង​សារ​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​៖

​«ខ្ទង់​សារព័ត៌មាន​គ្រប់​ដណ្ដប់​លើ​បញ្ហា​ជាច្រើន​ចាប់​តាំង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​រហូត​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​បញ្ហា​អភិវឌ្ឍន៍ ​ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​លោក​ឯកអគ្គរដ្ឋ​ទូត​តែងតែ​ផ្ដោត​លើ​ប្រធាន​បទ​ដែល​គេ​គិត​ថា​មាន​ការ​ជាប់​ទាក់ទង​បំផុត​នឹង​អ្នក​អាន​របស់​លោក​អញ្ចឹង​ហើយ​បាន​ជា​ខ្ទង់​នេះ​មាន​ឈ្មោះ ​ថា​«សួរ​ឯកអគ្គរដ្ឋ​ទូត»។ លោក​ចង់​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​កម្ពុជា​សាមញ្ញ​និង​ចង់​ឆ្លើយ​សំណួរ​ដែល​គេ​សួរ​មក»។​

លោក​រ៉ាម៉ាន់​ថា​ចាប់​តាំង​ពី​លោក​ឯកអគ្គរដ្ឋ​ទូត​បាន​ចាប់​ផ្ដើម​សរសេរ​ពី​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០១២​គឺ​ភ្លាម​ៗ​ក្រោយ​ពី​លោក​បាន​មក​កាន់​ការងារ​នៅ ​ប្រទេស​កម្ពុជា​គឺ​ធ្វើ​ឱ្យ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​មានអ្នក​ចូល​ទស្សនា​និង​ចូលចិត្ត​ច្រើន​ដែរ។

លោក​ជេយ ​រ៉ាម៉ាន់​បាន​បន្ថែម​ថា៖

«យើង​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែល​ពលរដ្ឋ​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​ខ្ទង់​នេះ។ ​មាន​មនុស្ស​ជាច្រើន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​លោក​ចង់​និយាយ។ ខ្ទង់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់។ វា​មាន​ប្រជាប្រិយភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។​

ខ្លឹមសារ​នៃ​សំណេរ​របស់​លោកស្រប​ជាមួយ​នឹង​ស្ថាន​ការណ៍ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដូចជា​ក្នុង​អំឡុង​ពេល​ជាប់​គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​និង​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ ​លោក​បាន​សរសេរ​អត្ថបទ​ដែល​មាន​ចំណងជើង​ថា​«ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​ដោះលែង​ ធ្វើ​កំណែទម្រង់ ​និង​ស្វែង​រក​ដំណោះស្រាយ»។ ​ក្នុង​អត្ថបទ​នោះ​លោក​យល់​ថា​មាន​តែ​ការ​ដោះលែង​អ្នក​តំណាងរាស្ត្រ​នោះ​ទេ​ទើប​ពួកគេ​អាច​ចរចា​គ្នា​បាន។​

នៅ​ក្នុង​ខ្ទង់​មួយ​កាលពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា ​ដែល​មាន​ចំណងជើង​ថា«ផ្ដល់​អំណាច​ដល់​យុវជន​កម្ពុជា​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​ផល​ប្រយោជន៍» ​លោក​ឯកអគ្គរដ្ឋ​ទូតបាន​បង្ហាញ​ថា​ក្តី​បារម្ភ​ខ្លាំង​របស់​ក្រុម​យុវជន​គឺ​ឱកាស​ការងារ​សមស្រប​ដែល​ពួកគេ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុម​មនុស្ស​ដែល​មាន​វ័យ​ច្រើន​ជាង​បើ​ទោះបី​ជា​គេ​មាន​សញ្ញាបត្រ​សាកល​វិទ្យាល័យក៏ដោយ។ លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​ធ្វើការ​រួម​គ្នា​និង​ស្ដាប់​នូវ​ក្តី​កង្វល់​និង​ទស្សនៈ​របស់​ក្រុម​យុវជន​ក្មេង​ៗ​ដើម្បី​បើក​ចំហ​នូវ​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប។

លោក​ក៏​បាន​សម្ដែង​មតិ​ភ្លាម​ៗ​ទាក់​ទង​នឹង​ការចរចា​ដែល​គណបក្ស​ធំ​ៗ​ទាំង​ពីរសម្រេច​បានបន្ទាប់​ពី​ជាប់​គាំង​នយោបាយ​អស់​ជិត​មួយ​ឆ្នាំដែល​លោក​ហៅថា​ជា​«ឆ្នាំ​ដ៏​រំជើបរំជួល»​។ ​តាម​រយៈ​អត្ថបទ​ដែល​មាន​ចំណងជើង​ថា​«ដើរ​ទៅ ​មុខ​ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ»​ចុះ​ថ្ងៃ​ទី​២៧​ខែ​កក្កដា ​ឆ្នាំ​២០១៤ ​លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​បន្ត​ធ្វើការដើម្បី​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យគង់​វង្ស​ដោយ​សន្តិភាព​និង​អហិង្សា។

នៅ​ក្នុង​ខ្ទង់​ដដែល​នេះ​លោក​ឯកអគ្គរដ្ឋ​ទូត​ក៏​បាន​បញ្ជូន​សារ​ទៅ​អ្នក​នយោបាយ​ដែរ​ថា៖

«ប្រជាជនកម្ពុជា​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា​នៅ​ពេល​គេ​និយាយ​ថា​ផ្លាស់​ប្តូរ​គឺ​គេ​ចង់​មាន​ន័យ​ថា​កំណែ​ទម្រង់​ដែល​មិន​មែន​គ្រាន់​តែ​ជា​កំណែទម្រង់​នយោបាយ​ប៉ុណ្ណោះ​ទេ​តែ​ក៏​មាន​ផង​ដែរ​នូវ​កំណែ​ទម្រង់​ដែល​កែ​លម្អ​ជីវិត​រស់​នៅ​របស់​ប្រជាជន​សាមញ្ញ»។ ​

លោក​ក៏​បាន​យក​ខ្ទង់នេះ​លើក​សរសើរ​ដល់​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ដែល​បាន​ទៅ​ផ្តល់​សក្ខី​កម្ម​នៅ​តាម​គណៈកម្មការ​ជំនាញ​របស់​រដ្ឋ​សភា​ដោយ​លោក​មើល​ឃើញ​ថា​វា​ជា​ការចូលរួម​មួយ​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​កាន់​តែ​សកម្ម​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​ខ្ទង់​អត្ថបទ​ចុះ​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤ ​លោក​ថូត​បាន​សរសេរ​ថា៖​

«ខ្ញុំ ​ជឿ​ថា ​សញ្ញា​ដំបូង​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស ​ដែល​យើង​កំពុង​ឃើញ​នៅ​ក្នុង​រដ្ឋសភា​នេះ ​កំពុងតែ​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ទំនុក​ចិត្ត​កាន់តែ​ច្រើន​ថា ​ដំណើរការ​ប្រជាធិបតេយ្យ​អាច​មាន​ប្រសិទ្ធិភាព ​និង​ផ្ដល់​ប្រយោជន៍​ឱ្យ​គេ ​នៅ​ក្នុង​ជីវិត​រស់នៅ​រាល់​ថ្ងៃ»។

ខ្ទង់​ស្មេរ​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ដែល​មាន​ជា​ភាសា​អង់គ្លេស​និង​ខ្មែរត្រូវ​បាន​ចុះ​ផ្សាយ​ជា​រៀងរាល់​សប្ដាហ៍​នៅ​លើ​ទំព័រ​សារព័ត៌មាន​រស្មី​កម្ពុជា​ Cambodia Herald ​គេហទំព័រ​Cambodian Express News ​គេហទំព័រ​របស់​ស្ថានទូត​និង​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ហើយ​ត្រូវ​បាន​អ្នក​អាន​ចែក​រំលែក​បន្តតាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

រីឯ​ប្រសិទ្ធភាព​លើ​អ្នក​នយោបាយ​វិញ​ត្រូវ​បាន​លោក Jay Raman ​បញ្ជាក់​ថា៖

«ខ្ញុំ​សូម​ទុក​ឱ្យ​អ្នក​នយោបាយ​វាយ​តម្លៃ​ចុះ។ ខ្ញុំ​ពិតជា​គិត​ថា​អ្នក​នយោបាយ​ជាច្រើន​បាន​អាន​អត្ថបទ​របស់​លោក។ ខ្ញុំ​គិត​ថា​អ្នក​អាន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ​អ្នកជំនួញ ​អ្នក​មក​ពី​សហគមន៍​អភិវឌ្ឍន៍​ និង​រដ្ឋាភិបាល។ ពួកគេ​អាន​សារព័ត៌មាន​ដោយ​សារ​គេ​ចង់​ដឹង​ថា​តើ​លោក​ឯកអគ្គរដ្ឋ​ទូត​ចង់​និយាយ​យ៉ាង​ណាលើ​បញ្ហា​ទាំង​អស់​នោះ»។​

ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ដែល​អាន​ខ្ទង់​សំណេរ​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​ជាប្រចាំ​គឺ​មាន​លោក​ផៃ ស៊ីផាន​ រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី។

លោក​ផៃ ស៊ីផាន ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​មាន​សារខ្លះ​ដែល​កម្ពុជា​យក​មក​ពិចារណា​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ជារដ្ឋ​ឯករាជ្យ​ដែល​មាន​អធិបតេយ្យ​ភាព​ដោយ​ខ្លួន​ឯង​ដោយ​មិន​រង​សម្ពាធ​ពី​ប្រទេស​ក្រៅ​ទេ។ លោក​បាន​ចោទ​ជា​សំណួរ​ថា​ស្ថានទូត​ដទៃ​ទៀត​ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ដែរ​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដល់​កម្រិត​នេះ​ទេ។

លោក​បន្ថែម​ថា៖

«យើង​មាន​ពេល​ខ្លះ​យើង​ភ្ញាក់ផ្អើល​ដែរ​ក្នុង​ការ​លើក​ឡើង​ហាក់​បី​ដូចជា​មិន​លើក​ឡើង​ក្នុង​ន័យ​អ្វី ​ដែល​ជា​នយោបាយ​របស់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​គឺ​ហាក់​បី​ដូច​ជា​ការងារ​ផ្ទាល់​របស់​លោក​ដែល​វា​មិន​ប្រក្រតី​ដែល​អាច​ប្រៀបធៀប​ជាមួយ​នឹង​បណ្ដា​ទូត​នានា​ដែល​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក​ផៃ​ ស៊ីផាន ​បន្ថែម​ទៀត​ថា​លោកចង់​ឃើញ​ឯកអគ្គរដ្ឋ​ទូត​ William Todd ​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ការ​ធ្វើ​ឱ្យពលរដ្ឋកម្ពុជា​ភាគច្រើន​យល់​អំពី​គោលការណ៍​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ចាប់ផ្តើម​ពីការផ្សះផ្សា​នយោបាយ​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មកគឺ​នៅ​តែ​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ នៅ​តែ​ពិចារណា​មិន​ចំ​ទិសដៅ​ដែល​ឱ្យ​ប្រទេស​ទាំងពីរយល់គ្នា​កាន់​តែ​ច្បាស់​អំពី​ការ​ផ្ដល់​និង​កិច្ច​សហការ​ផ្ដល់​ផល​ប្រយោជន៍​ ថែ​រក្សា​ផលប្រយោជន៍ទាំងសង​ខាង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

លោក​ផៃ​ ស៊ីផាន​បន្ថែម​ថា៖

«ដូច្នេះ​អាមេរិក​គួរ​តែ​ចាប់​ផ្តើម​នូវ​ការ​ផ្សះផ្សា​នូវ​គោល​នយោបាយ​អន្តរជាតិ​រវាង​កម្ពុជា​ហើយ​នឹង​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​ច្បាស់​ជាង​ហ្នឹង​តទៅ​ទៀត​ដើម្បី​បន្ត​ទៅ​ការងារ​ដទៃ​ទៀត​កុំ​ឱ្យ​យល់​ច្រឡំ»។

ដោយ​ឡែក​លោក ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ព័ត៌មាន​នៃ​រដ្ឋ​សភាជាតិ​កម្ពុជា​យល់​ឃើញ​ថា​ការ​លើក​ពី​បញ្ហា​យុវជន​និង​បញ្ហា​មួយ​ចំនួន​ទៀត​ជា​ការ​ជួយ​រួម​ចំណែក​ដល់កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ។​

«យើង​មិន​អាច​ថា​យើង​មើល​ឃើញ​១០០​ភាគរយ​ទេ​ របស់​រដ្ឋាភិបាល​និង​សភា។ អង្គការ​សង្គម​ស៊ីវិល​ អង្គការ​ទូត​ក៏​អាច​ជួយ​យើង​បាន​ដែរ​ប្រាប់​យើង​ថា​គាត់​មើល​ទៅ​យុវជន​មាន​ការ​ព្រួយ​បារម្ភ។ យើង​ដឹង​ដែរ​មិន​មែន​ថា​យើង​មិន​ដឹង​ទេ​ប៉ុន្តែ​គាត់​និយាយ​ថែម​ទៀត​ក៏​មិន​ខុស​អ្វី ​ដែរ​យើង​កំពុង​ធ្វើ​កិច្ច​ការ​ហ្នឹង​ហើយ។ អត់​អី​ទេ​ខ្ញុំ​គាំទ្រ​ហើយ​ប្រសិន​បើ​គាត់​និយាយ​មិន​ប៉ះពាល់​កុំ​ប្រកាន់​ខាង​ណា​ៗ»។

មាន​ពេល​ខ្លះ​ សំណេរ​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​បាន​ធ្វើ​ឡើងពេល​លោក​នៅ​ប្រទេស​កម្ពុជា​ហើយ​មាន​ពេល​ខ្លះ​លោក​នៅ​បន្ត​សរសេរ​សូម្បី​ពេល​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ។​

លោក​អ៊ូ វីរៈ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​យល់​ថា​សំណេរ​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​មាន​លក្ខណៈ​កណ្ដាល​មិន​ប្រកាន់​លើ​បក្ស​នយោបាយ​ណា​ទេ​ដោយ​សារ​តែ​លោក​លើក​ពី​បញ្ហា​ទូទៅ​ប៉ុណ្ណោះ។​ លោក​អ៊ូ វីរៈ​យល់​ថា​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ខ្លាំង​ពី​សំណេរ​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​គឺ​ក្រុម​យុវជន​កម្ពុជាដោយ​សារ​ពួកគេ​ចង់​ដឹង​និង​ចង់​រៀន​សូត្រ​អ្វី​ដែល​ថ្មី​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មួយ​ដែល​ពួកគេ​ត្រូវ​សំឡឹង​មើល។​
លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​មើល​ទៅ​វា​មាន​ឥទ្ធិពល​ជាមួយ​នឹង​ក្មេងៗ។ ក្មេងៗ​គាត់​យក​ចិត្ត​ទុកដាក់​ណាស់​ជាពិសេស​គាត់​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​លោក​ខាងលិច។ ក្មេងៗ​ស្រុក​ខ្មែរ​គាត់​មិន​សូវ​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក ​គាត់​មិន​ទាន់​បាន​រស់​នៅ​ឬ​មួយ​គាត់​ឃើញ​ជីវភាព​ពិតប្រាកដ​នៅ ​ទីនោះ​ទេ​ហើយ​អញ្ចឹង​គាត់​ស្រមើស្រមៃ​ច្រើន​អញ្ចឹង​ទៅគាត់​ពេញ​ចិត្ត​ចង់​ឃើញ​ចង់​ឮ​ស្អី​ក៏ដោយ​ដែល​ជា​សហរដ្ឋ​អាមេរិក។ អញ្ចឹង​ទៅ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​និយាយ​អ្វីច្រើន​តែ​មាន​ឥទ្ធិពល​ហើយ​ប្រសិន​បើ​យើង​មើល​តាម​បណ្ដាញ​ហ្វេសប៊ុក​នៅ​ពេល​ដែល​គាត់​លើក​ឡើង​ម្ដងៗ​មាន​មនុស្ស​រាប់​ពាន់​នាក់​ដែល​ចុច​”Like”​ ដែល​បង្ហោះ​បន្ត។ អញ្ចឹង​ទៅ​ជា​លក្ខណៈ​មួយ​មាន​ឥទ្ធិពល​ជាមួយ​នឹង​ក្មេងៗ​ខ្លាំង​មែនទែន»។​

លោក​ ហឺយ ​សាលីម ​បុគ្គលិក​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ហើយ​ជា​អ្នក​ដែល​តាម​ដាន​ខ្ទង់​សារព័ត៌មាន​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​ជា​ប្រចាំ។ លោក​ចាប់​អារម្មណ៍​ខ្លាំង​លើ​បញ្ហា​នយោបាយ ​លទ្ធិ​ប្រជាធិបតេយ្យ ​និងកម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ដែល​សហរដ្ឋ​អាមេរិក​ផ្ដល់​មក​ឱ្យ​ប្រទេស​កម្ពុជា​និង​បាន​រៀន​សូត្រ​ច្រើន​ពី​អ្វី​ ដែល​បាន​ផ្សាយ​កន្លង​មក​ប៉ុន្តែ​លោក​យល់​ថា​នៅ ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​លោក​ឯកអគ្គរដ្ឋ​ទូត​គួរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ឱ្យ​បាន​ច្រើន។

«ខ្ញុំ​សំណូម​ពរ​ថា​គាត់​ធ្វើ​ម៉េច​គាត់​ឱ្យ​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​នៅ ​កម្ពុជា​ដែល​គាត់​មាន​បញ្ហា​ដីធ្លី ​ក្នុង​ប្រទេស​កម្ពុជា​សូម​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​ធ្វើ​អត្ថាធិប្បាយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ បញ្ហា​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​នៅ។ ជាពិសេស​ដីសម្បទាន​ ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ទៅ​យក​ដី ​យក​ព្រៃ​ ឱ្យ​អាជ្ញាធរ​ទៅ​រំលោភ​យក​ដី​របស់​គាត់»។​

ប៉ុន្តែ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ពី​ខ្ទង់​សារព័ត៌មាន​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ដែរ។ លោក​យឹម​ សុវណ្ណ ​អ្នក​តំណាង​រាស្ត្រ​និង​ជា​អ្នកនាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា៖

«ជា​ការងារ​ដែល​មាន​សារៈ​សំខាន់​ពីព្រោះ​គណបក្ស​ប្រឆាំង​បាន​លើកឡើង​ហើយ​ប្រសិន​បើ​មាន​អ្នក​ការទូត​ដែល​បាន​លើក​ឡើង​នូវ​បញ្ហា​និង​ដំណោះស្រាយ​បន្ថែម​ទៀត​នោះ​ជា​ការ​ល្អ​មែន​ទែន។ យើង​ចង់​បាន​មតិ​យោបល់​ក្នុ​ង​ការ​ស្ថាបនា​នូវ​បញ្ហា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​លំបាក​សព្វ​ថ្ងៃ​នេះ​។ ហើយ​ពេល​ខ្លះ​ខ្មែរ​យើង​បើ​សិន​ជា​ខ្មែរ​គ្នា​ឯង​និយាយ​មិន​សូវ​ជា​ស្ដាប់​គ្នា​ប៉ុន្មាន​ទេ ប្រសិន​បើ​បរទេស​គេ​និយាយ​ប្រហែល​ជា​ម្នាក់ៗ​ឆាប់​យក​ចិត្ត​ទុកដាក់​ជាង។ ដូច្នេះ​វា​ជា​ការល្អ​ពេល​បាន​មតិយោបល់​បន្ថែម​ទៀត​ពី​អ្នកការទូត»។

ក្រៅ​ពី​ចំណាយ​ពេល​ឆ្លើយ​ជា​ប្រចាំ​ទៅ​ពលរដ្ឋ​កម្ពុជា​លោក ឯកអគ្គរដ្ឋ​ទូត William Todd ​ក៏​សរសេរ​ប្លុក​ជាប្រចាំ​អំពី​ការងារ​ដែល​លោក​បំពេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គេ​អាច​ចូល​អាន​ប្លុក​របស់​លោក​ជា​ភាសា​អង់គ្លេស​និង​មាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ ​តាម​អាសយដ្ឋាន​ http://blogs.usembassy.gov/todd/ ។​

លោក​ឯកអគ្គរដ្ឋ​ទូត​ William Todd ​ក៏​បាន​បង្កើត​ក្រុមប្រឹក្សា​យុវជន​នៅ​ពេល​ដែល​លោក​បាន​មក​កាន់​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ភ្លាម​ហើយ​លោក​ជួប​ប្រជុំ​ស្តាប់​យោបល់​និង​ពិភាក្សា​ជាមួយ​ពួកគេ​ជា​រៀងរាល់​ខែ៕