មាន​ការ​ជឿនលឿន​តិចតួច​ក្នុង​សន្និសីទ​ទីក្រុង​បាងកក​ស្តីពី​ជន​ចំណាក​ស្រុក​តាម​ទូក

  • Ron Corben

រូបភាព​ឯកសារ៖ ​ក្មេង​ប្រុស​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ឈរ​រង់​ចាំ​យក​អាហារ​នៅ​ឯ​ជម្រក​បណ្តោះ​អាសន្ន​ ​ក្នុង​ក្រុង​Langsa ខេត្ត​ Aceh ប្រទេស​ឥណ្ឌូ​នេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា​ ឆ្នាំ​២០១៥។

សន្និសីទ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ដោះ​ស្រាយបញ្ហា​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​មកពី​ប្រទេស​ភូមា​ និង​បង់ក្លាដែស ​ដែល​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង​ហើយ​ដែល​បាន​មក​ដល់​ច្រាំង​សមុទ្រ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​បាន​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់ដើម្បី​រកដំណោះ​ស្រាយ​រយៈ​ពេល​យូរ​ដល់​បញ្ហា​នេះ។​ ទោះបី​ប្រទេស​នានា​កំពុង​រួប​រួម​គ្នាដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ ​ក៏​ប្រទេស​នានា​បាន​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​បន្តិច​បន្តួចក្នុង​ការ​រក​មធ្យោបាយ​ដោះ​ស្រាយ​បុព្វហេតុ​នៃការ​កើន​ឡើង​ចំនួន​ជន​ចំណាក​ស្រុក​នេះ។​

ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​បាងកកបាន​កើត​មាន​ឡើង ​បន្ទាប់​ពី​មាន​សម្ពាធ​កើន​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ឲ្យ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​ស្ថានភាព​របស់​ពួក​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោនដែល​ជាប់​នៅ​សមុទ្រ​រាប់​ពាន់​នាក់ ​ហើយ​កប៉ាល់​របស់​ពួក​គេ​ដែល​ពោរពេញទៅ​ដោយ​មនុស្ស​ ​នោះ​ ​ត្រូវ​ពួក​អ្នក​រត់​ពន្ធ​មនុស្សបោះបង់​ចោល។​

តំណាងប្រទេស​ និង​តំណាង​អង្គការ​អន្តរជាតិ​ចំនួន​១៧​បាន​ត្រូវ​គេ​ប្រាប់​អំពី​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​ដ៏​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ភាគ​ច្រើន​ជាជន​ជាតិ​ភាគតិច​ Rohingya ​កាន់​សាសនា​អ៊ីស្លាម​មក​ពី​រដ្ឋ ​Arakine​ នៃ​ប្រទេស​ភូមា ​ហើយ​នឹង​ពលរដ្ឋ​បង់ក្លាដែស ​ដែល​កំពុង​ស្វះស្វែង​រក​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម។​

ជន​ជាតិ ​Rohingya ​គ្មាន​រដ្ឋ​ ហើយ​ពួក​អាជ្ញាធរ​ភូមាមិន​ទទួល​ស្គាល់​ថា​ ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​របស់​ខ្លួន​ទេ​ ​តែបែរ​ជា​ចាត់​ទុក​ពួកគេ​ថា​ ​ជា​ជនជាតិ​បង់ក្លាដែស​ ​ដែល​ច្បាប់​បាន​រឹត​បន្តឹង​លើ​ការ​ដើរហើរ​ហើយ​នឹងការធ្វើ​ការងារ។​

លោក​ Thanasak Patimaprakorn ​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ថៃ ​បាន​និយាយ​ថា ​វិបត្តិ​នេះ​បាន​ឡើង​ដល់​កម្រិត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ​លោក​បាន​និយាយ​ទៀត​ថា ​គេត្រូវ​ការ​ដំណោះ​ស្រាយ​ដ៏​ធំទូលាយ​សម្រាប់​តំបន់​នេះ។​

«វិបត្តិនៅពេល​បច្ចុប្បន្ន​នេះ​បាន​បង្ហាញ​ពី​ភាពទុក្ខ​ព្រួយ​ពិត​ប្រាកដ​ថា ​មនុស្ស​ ​បាន​ត្រូវ​បង្ខិត​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ និងចាក​ចេញ​ពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ បណ្តាល​មក​ពី​មូលហេតុ​ផ្សេងៗ។​ ការ​ធ្វើចំណាក​ស្រុក​ខុស​ពី​ប្រក្រតី​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្មុគស្មាញ​ហើយ​នឹង​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដ៏​ធំទូលាយ​កាន់​តែ​ខ្លាំង​ឡើង។​ យើង​មិន​ត្រូវ​ដោះ​ស្រាយ​បញ្ហាមួយ​ ដែល​ក្រោយ​មក​ដឹង​ថា ​វា​បាន​បង្កើត​បញ្ហា​មួយ​ផ្សេង​ទៀត​នោះ​ទេ‍»។​

នៅ​ឯ​ការ​បញ្ចប់​ការ​ចរចា​កាល​ពី​ថ្ងៃ​សុក្រ ​ពួក​មន្រ្តី​ថៃ​និយាយ​ថា ​ភូមា​បាន​យល់​ព្រមលើ​សេចក្តី​ថ្លែង​ការណ៍​នៃ​ការ​បញ្ចប់​សន្និសីទ​នោះ​ ​ដែល​រួម​បញ្ចូល​ឃ្លា​ដែល​និយាយ​ថា ​ប្រទេស​នានាបាន​យល់​ព្រម​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​បាន​ប្រសើរ​ឡើងហើយ​នឹង​បង្កើន​ការវិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ ​បញ្ហាជន​ជាតិ​ភាគ​តិច ​Rohingya ​របស់​ភូមា​ដែល​ពួក​សកម្មជន ​និយាយ​ថា ​កំពុង​រត់​គេច​ពីគោល​នយោបាយ​គាប​សង្កត់​នោះ​ គឺ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស់​នៅ​ពេល​សព្វថ្ងៃ​នេះ។​

លោក ​Volker Turk ​ជំនួយ​ការ​ស្នងការ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​និយាយ​ថា ​ភូមា​ត្រូវ​តែ​ដោះស្រាយ​ឫស​គល់​នៃ​វិបត្តិ​នេះ​ ជាពិសេសសិទ្ធិ​ពលរដ្ឋ​របស់​ជន​ជាតិ​ភាគ​តិច ​Rohingya។​

«ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ ​បញ្ហា​នេះ​នឹង​តម្រូវ​ឲ្យ​ភូមា​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ដល់​ពលរដ្ឋ​ទាំងអស់​របស់​ខ្លួន ​ហើយ​ការ​ផ្តល់​សញ្ញាតិគឺជា​គោលដៅ​សំខាន់។​ ក្នុង​ក្រប​ខណ្ឌ​ផ្លូវ​ច្បាប់ ​គេ​ត្រូវ​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​បណ្តោះ​អាសន្ន​ឲ្យ​ពួក​គេ​ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ភូមា​ ហើយ​ដែល​ចាត់​ទុក​ប្រទេស​នោះ​ជា​ប្រទេស​របស់​ខ្លួន»។​

លោក​ Volker ​ក៏​បាន​អំពាវនាវ​ឲ្យ​ផ្តល់​សិទ្ធិចូល​មើល​ឯកសារ​អត្ត​សញ្ញាណនិង​ត្រូវ​ដក​ចោល​ការ​រឹតត្បិត​នានា ​ហើយ​តាម​ប្រសាសន៍​របស់​លោក​គឺ​ផ្តល់​សិទ្ធិសេរីភាព​ជាមូលដ្ឋានដែលធ្វើឲ្យ​ជីវិត​មនុស្ស​មាន​ភាព​ប្រក្រតី​ និង​ស្ថិរភាព។​

ក៏​ប៉ុន្តែ ​លោក Htin Linn ​អគ្គនាយក​ក្រសួង​ការ​បរទេសដែល​ជា​ប្រតិភូ​របស់​ភូមា​ ​បាន​ជំទាស់​ប្រឆាំង​យោបល់​នេះ​ ដោយ​លើក​អំ​ពី​សិទ្ធិ​អធិបតេយ្យភាព​របស់​ភូមា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាក្នុង​ប្រទេស​ខ្លួន។​

«គ្រប់​រដ្ឋ​ទាំងអស់​ដែល​មាន​អធិបតេយ្យ​ភាព​គឺ​មាន​បញ្ហាប្រឈម​មុខ​ផ្ទាល់​ខ្លួន ​បញ្ហា​ប្រ​ឈម​មុខ​ខ្លះ​នោះ ​មិនមែន​ទាក់ទងតែច្បាប់​នៅ​ក្នុង​ស្រុក​ទេ។​ ខ្ញុំ​មាន​ទំនុក​ចិត្ត​ ក៏​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែទទួល​បាន​នូវ​ការ​គោរព។​ ស្មារតី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​បន្ទប់​នេះ ​នឹង​នាំ​មក​នូវ​ជ័យ​ជំនះ។ ​ការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ទេ។ ​វា​នឹង​មិន​ធ្វើ​ឲ្យ​យើង​ទទួល​ជោគជ័យ​ទេ‍»។​

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ថៃ ​Tanasak ​ដែល​ជា​ប្រធាន​សន្និសីទ​នោះ ​បាន​ព្យាយាម​សម្រួល​ការ​តាន​តឹង​ ដោយ​និយាយ​ថា ​គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​បញ្ចៀស​ការ​គាប​សង្កត់​លើ​ប្រទេស​ភូមា​ស្តីពី​គោល​នយោបាយ​របស់​ខ្លួន​ដែល​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ជឿនលឿន​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិនេះ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ​និយាយ​ថា ​គេ​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ដែល​តម្រូវ​ឲ្យ​អនុវត្ត​តាម ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​នៅ​ឯ​សមុទ្រ​ និង​វិធានការ​នានា​សម្រាប់​រដ្ឋាភិបាល​ភូមា​ដើម្បី​បញ្ចប់គោល​នយោបាយជិះ​ជាន់​សង្កត់​សង្កិនដែល​បាន​បង្ខំ​ឲ្យ​ជនជាតិ​ភាគ​តិច​ Rohingya ​ប្រថុយ​ប្រថាន​អាយុ​ជីវិត​របស់​ខ្លួន​ទៅ​តាម​ពួក​អ្នក​ជួញ​ដូរ​មនុស្ស។​

ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ​ពួក​សកម្មជន​និយាយ​ថា ​ជន​ជាតិ​ភាគ​តិច ​Rohingya​កាន់​សាសនា​អ៊ីស្លាម​ និង​ជន​ជាតិ​បង់ក្លាដែស​យ៉ាង​ច្រើន​រហូត​ដល់​១​សែន​នាក់​បាន​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ក្នុង​សមុទ្រ។​ ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ចំនួនមនុស្ស​ធ្វើ​ដំណើរ​តាម​ទូក​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ខាង​សាសនារវាង​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ហើយ​នឹង​ពួក​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ភាគ​ច្រើនដោយ​មាន​មនុស្ស​ស្លាប់យ៉ាង​ច្រើន ​ហើយ​មានមនុស្ស​គ្មាន​ទី​លំនៅ​ចំនួន​១​សែន​៤​ម៉ឺន​នាក់​ហើយ​បានត្រូវ​បង្ខំ​ឲ្យទៅ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន