ទីផ្សារ​ភាគហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​កាលពីថ្ងៃ​ព្រហស្បតិ៍​

រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសដើរកាត់ផ្ទាំងលេខនៅផ្សារហ៊ុនជប៉ុន Nikkei ក្នុងក្រុងតួក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទីផ្សារ​ភាគហ៊ុន​ភាគ​ច្រើន​នៅ​ទ្វីប​អាស៊ី​បាន​ធ្លាក់​ចុះ​នៅ​ពេល​បិទ​បញ្ចប់ ដោយសារ​អ្នក​វិនិយោគ​មាន​ប្រតិកម្ម​ទៅ​នឹង​ដំណឹង​មិន​ល្អ​អំពី​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន និង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​កាន់តែ​អាក្រក់​ជាង​មុន​របស់​ចិន ជាមួយ​នឹង​អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក។

សន្ទស្សន៍​ភាគហ៊ុន Nikkei របស់​ជប៉ុន​បាន​ធ្លាក​ចុះ ០,២% នៅ​ពេល​បិទ​បញ្ចប់ បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ថា ការ​នាំ​ចេញ​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​ចំនួន ២១,៩% នៅ​ខែ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំង​បំផុត​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០០៨ មក។

សន្ទស្សន៍​ភាគហ៊ុន Hang Seng របស់​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ ០,៤% នៅ​ពេល​កំពុង​ជួញដូរ​ពេល​រសៀល ចំណែក​ឯ​សន្ទស្សន៍​ភាគហ៊ុន Shanghai បាន​ធ្លាក់​ចុះ ០,៥% ហើយ​សន្ទស្សន៍​ភាគហ៊ុន S&P/ASX 500 របស់​ទីក្រុង​ស៊ីដនី​បាន​ធ្លាក់​ចុះ ០,៤%។ សន្ទស្សន៍​ភាគហ៊ុន​នៃ​ទីក្រុង​សេអ៊ូល​បាន​កើន​ឡើង​ចំនួន ០,៤% នៅ​ពេល​បិទ​បញ្ចប់ ហើយ​សន្ទស្សន៍​ភាគហ៊ុន​នៃ​ទីក្រុង​តៃប៉ិ​បាន​កើន​ឡើង ០,៩%។

ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​នៅ​ទ្វីប​អាស៊ី​នៅ​ថ្ងៃ​ព្រហ្បស្បតិ៍​នេះ​គឺ​កើត​ឡើង​ក្រោយ​ពី​ចិន​បាន​ដាក់​គំនាប​ពន្ធ​គយ​ខ្លាំងក្លា​លើ​ទំនិញ​ស្រូវ​បាឡេ​របស់​អូស្ត្រាលី និង​បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្កើន​វោហាសាស្ត្រ​ប្រឆាំង​នឹង​ចិន​ទាក់ទិន​នឹង​ការ​ឆ្លើយតប​របស់​ចិន​កាល​ពី​ពេល​ដំបូងៗ​ទៅ​នឹង​ជំងឺ​កូវីដ១៩៕