ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលហៅកាត់ថា AIIB គាំទ្រដោយចិន ដែលជាគូប្រជែងធនាគារពិភពលោក និងស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិដទៃទៀត បានបើកដំណើរការនៅទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ប្រទេសជាសមាជិកទាំង៥៧បានដាក់ដើមទុនចំនួន១០០ពាន់លានដុល្លារទៅធនាគារ AIIB ដែលចំនួននេះ ស្ទើរតែស្មើនឹងទឹកប្រាក់ពាក់កណ្តាលរបស់ធនាគារពិភពលោក ខណៈដែលធនាគារនេះទើបតែចាប់ផ្តើមប្រតិបត្តិការតែប៉ុណ្ណោះ។
លោកប្រធានាធិបតី ស៊ី ជីនពីង ដែលជាអ្នកផ្តួចផ្តើមស្នើឲ្យបង្កើតធនាគារអាស៊ីដែលមានភាគីច្រើនចូលរួមនេះឡើងដើម្បីជួយដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាកាលពីជាង២ឆ្នាំមុន បានមានប្រសាសន៍ថា «នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ»។
លោកស៊ី ជីនពីង បានថ្លែងថា ធនាគារថ្មីនេះនឹងមានតួនាទីសំខាន់មួយក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចសាកលលោកឲ្យកាន់តែមានយុត្តិធម៌ សមភាព និងប្រសិទ្ធភាពជាងមុន។
ប្រទេសចិនបានផ្តល់ដើមទុនចំនួន៣០ភាគរយនៃធនាគារថ្មីនេះ ដែលនេះគឺភាគហ៊ុនធំជាងគេបំផុត។ ធនាគារ AIIB គឺជាធនាគារដែលមានភាគហ៊ុនចម្រុះដំបូងបង្អស់ដែលមិនមានវត្តមានរបស់សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដៃគូ។
ការបង្កើតធនាគារហេដ្ឋារចនាសម្ព័ន្ធនេះឡើងត្រូវបានគេមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីស៊ី ជីនពីង ។ នៅក្នុងការស្នើឲ្យបង្កើតស្ថាប័នផ្តល់ប្រាក់កម្ចីដែលដឹកនាំដោយអាស៊ីមួយនេះកាលពីខែតុលាឆ្នាំ២០១៣ លោកស៊ី ជីនពីង បានមានប្រសាសន៍ថា ការក្តោបក្តាប់របស់សហរដ្ឋអាមេរិក និងប្រទេសជប៉ុនមានន័យថា ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី មិនមានប្រព័ន្ធគ្រប់គ្រងដ៏យុត្តិធម៌មួយនោះទេ។
ប្រទេសចិនបានឲ្យដឹងថា ធនាគារ AIIB នឹងសហការជាមួយម្ចាស់ប្រាក់កម្ចីចម្រុះដទៃទៀតទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីនានា ហើយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីក៏ចេញលិខិតកាលពីសៅរ៍ថា ខ្លួនក៏នឹងសហការជាមួយនឹងធនាគារ AIIB ដែរ៕