ភាគហ៊ុន​ធនាគារ​អាស៊ី​បាន​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ បន្ទាប់ពី​ធនាគារ​អាមេរិក​ពីរ​បាន​ដួល​រលំ

អតិថិជន​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ធនាគារ Silicon Valley Bank ក្នុង​ទីក្រុង Wellesley រដ្ឋ Massachusetts ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ភាគហ៊ុន​របស់​ធនាគារ​បាន​រងគ្រោះ​ខ្លាំង​ជាពិសេស បន្ទាប់ពី​មាន​ការ​ធ្លាក់ចុះ​នៅ​ក្នុង​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​នៅ​ចំ​ពេល​ដែល​មាន​ផល​ប៉ះពាល់​បណ្ដាល​មកពី​ការ​ដួល​រលំ​នៃ​ធនាគារ​ពីរ​របស់​សហរដ្ឋ​អាមេរិក។

សន្ទស្សន៍​ភាគហ៊ុន Nikkei 225 របស់​ជប៉ុន​បាន​បិទ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ធ្លាក់ចុះ ២,២% ដោយ​ភាគហ៊ុន​របស់​ធនាគារ Softbankរបស់​អាមេរិក​បាន​ធ្លាក់ចុះ៤,១% ភាគ ហ៊ុន​របស់​ក្រុមហ៊ុន Mizuho Financial Group បាន​ធ្លាក់ចុះ ៧,១% និង​ភាគហ៊ុន​របស់​ក្រុមហ៊ុនSumitomo Mitsui Financial Groupបាន​ធ្លាក់ចុះ៩,៨%។ ចំណែក​ឯ​សន្ទស្សន៍​ភាគហ៊ុន Hang Seng របស់​ហុងកុង​បាន​បិទ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ធ្លាក់ចុះ ២,៤%។

កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ស្វះស្វែង​ដើម្បី​ធានា​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ថា ប្រព័ន្ធ​ធនាគារ​នៅ​សហរដ្ឋ​អាមេរិក​មាន​សុវត្ថិភាព និង​ថា​ពលរដ្ឋ​ដែល​ជា​អ្នក​បង់​ពន្ធ​នឹង​មិន​បោះបង់​ចោល​វិនិយោគិន​នៅ​ធនាគារ Silicon Valley Bank នៅ​រដ្ឋ California និង​ធនាគារ Signature Bank នៅ​រដ្ឋ New York នោះ​ទេ។

លោក Biden បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ឯ​សេតវិមាន​ថា៖ «ពលរដ្ឋ​អាមេរិកាំង​អាច​មាន​ទំនុកចិត្ត​ថា​ប្រព័ន្ធ​ធនាគារ​គឺ​មាន​សុវត្ថិភាព។ ប្រាក់​ដម្កល់​របស់​អ្នក​នៅ​ធនាគារ​គឺ​មាន​សុវត្ថិភាព»។

លោក​ថា ប្រាក់​តម្កល់​របស់​អតិថិជន​នឹង​ត្រូវ​បាន​ធានា​ដោយ​មូលនិធិ​ដែល​ធនាគារ​បាន​បង់​ជា​ប្រចាំ​ចូល​គណនី​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រាប់​ស្ថានការណ៍​បន្ទាន់​ដូច​នេះ។

លោក Biden បាន​សន្យា​ថា «យើង​ត្រូវតែ​ទទួល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​អ្វី​ដែល​បាន​កើតឡើង»នៅ​ធនាគារ​ទាំង​ពីរ​នេះ។

បើ​ទោះបីជា​មាន​ការ​ធានា​ដូច​នេះ​ក៏ដោយ ក៏​ធនាគារ​សហរដ្ឋ​អាមេរិក​នៅតែ​ខាត​បង់​ប្រហែល៩០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​តម្លៃ​ទីផ្សារ​ភាគហ៊ុន​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​ តែ​វិនិយោគិន​ខ្លាច​ធនាគារ​ផ្សេង​ទៀត​ដួល​រលំ។ ការខាត​បង់​ធំ​បំផុត​គឺ​កើតឡើង​ចំពោះ​ធនាគារ​ធុន​មធ្យម​ដូច​ទៅ​នឹង​ធនាគារ Silicon Valley Bank។

លោក Biden មិន​បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ទេ​អំពី​មូលហេតុ​នៃ​ការ​ដួល​រលំ​ធនាគារ​ទាំង​ពីរ​នេះ​ទេ ប៉ុន្តែ​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​នានា​បាន​និយាយ​ថា ធនាគារ​ទាំង​ពីរ​បាន​រងគ្រោះ​ដោយសារ​ការ​កើនឡើង​នៃ​អត្រា​ការ ប្រាក់​ខ្ពស់ ដែល​បាន​ប៉ះពាល់​បែប​អវិជ្ជមាន​លើ​តម្លៃ​ទីផ្សារ​នៃ​ចំណែក​ច្រើន​គួរសម​របស់​ទ្រព្យសកម្ម​របស់​ធនាគារ​ទាំង​ពីរ​ដូចជា​សញ្ញាបណ្ណ​និង​មូលធនប័ត្រ​ដែល​គាំទ្រ​ដោយ​កម្ចី​អចលនទ្រព្យ​ជាដើម៕