អាស៊ី​ចាប់​ផ្តើម​ធ្វើ​ឲ្យ​អត្រានុកូលដ្ឋាន​សំបុត្រ​កំណើត​ប្រសើរ​ជាង​មុន

  • Steve Herman

ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់នៅក្នុង ការផ្តល់អត្រានុកូលដ្ឋានដល់ទារកទើបកើត។

នៅ​សប្តាហ៍​នេះ​រដ្ឋមន្ត្រី​នៃ​បណ្តា​រដ្ឋាភិបាល​ពី​តំបន់​អាស៊ី​អាគ្នេយ៍ជួប​ប្រជុំ​គ្នា​នៅទី​ក្រុង​បាងកក​ដើម្បី​ពិភាក្សា​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យអត្រានុកូលដ្ឋាន​ ឬ​ការ​ចុះ​បញ្ជី​សំបុត្រ​កំណើត​ ​សំបុត្រ​មរណភាព និង​សំបុត្រ​អាពាហ៍ពិពាហ៍​ ដែល​ជា​វិធានការ​ដ៏​សំខាន់ក្នុង​ការ​ផ្តល់​សេវាកម្ម​របស់​រដ្ឋាភិបាល​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ ប៉ុន្តែ​បញ្ហានៅ​តែ​មាន ជា​ពិសេស​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជីសំបុត្រ​កំណើត​ដល់​កូនៗ​របស់​កម្មករ​ឆ្លង​ដែន។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បាន​កើត​ក្នុង​ពិភពលោក​នេះ ទារកឈ្មោះ Edar គឺ​ជាទារកមាន​សំណាង​ម្នាក់​។ ដំណើរ​ការ​ចុះ​បញ្ជីសំបុត្រ​កំណើត​របស់​ទារកនេះ ត្រូវ​បាន​ចាប់​ផ្តើម​រួច​ជា​ស្រេច​ ដែល​នឹងក្លាយ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ដើម្បី​ឈាន​ដល់​ជីវិត​ដ៏​ប្រសើរ។​

ម្តាយ​របស់​ទារក Edar មាន​អាយុ ៣០ឆ្នាំ មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​ដែល​បាន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​៧ឆ្នាំ​ និយាយ​ថា នាង​បាន​ដឹង​ពី​សារៈសំខាន់​នៃ​ឯក​សារ​កំណើតរបស់​កូន​ទី២​របស់​នាង។

នាង​និយាយ​ថា៖ «បើ​គ្មាន​សំបុត្រកំណើត​ កូន​ខ្ញុំ​នឹង​មិន​អាច​ទៅ​សាលារៀន​បាន​ទេ។ នៅ​ប្រទេស​ថៃ​ សាលារៀន​កាល​ពី​មុន​ ទទួល​ចុះ​ឈ្មោះ​កុមារ​ ដែល​គ្មាន​សំបុត្រ​កំណើត។​ តែ​ឥឡូវ​នេះ​យើង​គ្រប់​គ្នា​គួរ​តែ​ធ្វើសំបុត្រ​កំណើត​ឲ្យកូន។»

មន្ត្រី​ខ្លះ​នៅ​តែ​មិន​ចង់​ចេញ​សំបុត្រ​កំណើត​ឲ្យ​កុមារ​ ដែល​មិន​មែន​ជា​ជន​ជាតិ​ថៃ បើ​ទោះ​បី​ជា​ច្បាប់​ព្រះរាជាណាចក្រ​ថៃ​ តម្រូវថា​ កូន​ក្មេង​ ដែល​ទើប​តែ​ចាប់​កំណើត​ក្នុង​រយៈពេល​១៥​ថ្ងៃ ត្រូវ​តែ​ចុះ​ក្នុង​បញ្ជីសំបុត្រ​កំណើត​និង​ទទួល​បាន​លេខ​អត្តសញ្ញាណប័ណ្ណ​ជាតិ។

លោក​ស្រី Napa Phisanbut បុគ្គលិក​អង្គការ​ Unicef និយាយ​ថា៖ «សារ​ដែល​យើង​តែង​តែ​សង្កត់​ធ្ងន់​គឺ​ថា​ ការ​ចុះ​បញ្ជី​កំណើត​ គឺជា​សិទ្ធិ​របស់​កុមារ​គ្រប់​រូប​មិន​ថា​គេ​ជា​ជនជាតិ​ថៃ​ ឬ​មិន​មែន​ជា​ជន​ជាតិ​ថៃក៏​ដោយ ដូច្នេះ​មន្ទីរ​ពេទ្យ​គួរ​តែជួយ​ឪពុក​ម្តាយ​ ជា​ពិសេស​គឺ​អ្នកដែល​មិន​និយាយ​ភាសា​ថៃ ហើយ​អាច​នឹង​មិន​ដឹងពី​ដំណើរការ​ និង​សារៈសំខាន់​នៃ​ការ​ចុះ​បញ្ជី​កំណើត​ និង​ជំហាន​ ​ដែល​ពួក​គេ​ត្រូវ​តែ​ធ្វើ។»

ប៉ុន្តែ​១ភាគ​៣​នៃ​កុមារ​ ដែល​បាន​កើត​នៅ​ប្រទេស​ថៃ​ ពីម្តាយ​ដែលមក​ពី​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា មិន​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សំបុត្រកំណើត​នៅ​ឡើយ​ទេ។​ ជួន​កាល​ រឿង​នេះ​គឺ​ដោយ​សារ​តែ​ការ​រើស​អើង ហើយ​ក្នុង​ករណី​ផ្សេង​ទៀត​ មន្ត្រី​ចុះ​បញ្ជីសំបុត្រ​កំណើត​បាន​មិន​អើ​ពើ​ ឬ​ពុក​រលួយ។

សាល​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ Samut Prakan បាន​ក្លាយ​ជាកន្លែង​ទាក់ទាញកម្មករ​ឆ្លង​ដែន ដោយ​សារ​តែ​កេរ្តិ៍​ឈ្មោះ​របស់​មន្ទីរ​ពេទ្យ​នេះ ក្នុង​ការ​ទទួល​ស្វាគមន៍ស្ត្រី​ជា​ម្តាយ ​ដែល​មិនមែន​ជា​ជន​ជាតិ​ថៃ។

រាល់​ខែ​ មន្ទីរ​ពេទ្យ​នេះ​បាន​ជួយ​ម្តាយជា​កម្ម​ករ​ឆ្លង​ដែនសម្រាល​ទារកចំនួន​១៥០​នាក់ ដែលទារកទាំង​នេះ​នឹង​មិនទទួល​បាន​សញ្ជាតិ​ជា​ជន​ជាតិ​ថៃ ប៉ុន្តែ​ មន្ទីរពេទ្យ​រដ្ឋ​មួយ​នេះ​ ធានា​ថាទារកទាំង​អស់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីសំបុត្រ​កំណើត​យ៉ាង​ត្រឹម​ត្រូវ។

អ្នក​គ្រូ​ពេទ្យ Sripapi Khlaidon និយាយ​ថា៖ «យើង​មាន​ប្រព័ន្ធ​ចុះ​បញ្ជី​សំបុត្រ​កំណើត​តាម​អ៊ីនធឺណិត​ដើម្បី​ពន្លឿន​ដំណើរការ​នេះ​រវាង​មន្ទីរពេទ្យ​យើង​និង​ការិយាល័យ​សាលាក្រុងរបស់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​ព័ត៌មាន​ដ៏​ត្រឹម​ត្រូវ​អាច​នឹងពិនិត្យទៅ​បាន​លឿន។ នេះ​មាន​ន័យ​ថា គ្មាន​នរណា​ម្នាក់​ចាំ​បាច់​ត្រឡប់​ទៅ ត្រឡប់​មក​រវាង​មន្ទីរពេទ្យ​និង​ការិយាល័យ​រដ្ឋាភិបាលទេ។»

ខណៈ​ដែល​ប្រទេស​ថៃ​ត្រូវ​បាន​ចាត់​ទុក​ជា​គំរូ​មួយ ដែល​៩៥​ភាគ​រយ​នៃ​ការ​សម្រាល​កូន​ប្រព្រឹត្ត​ឡើង​នៅ​មន្ទីរពេទ្យ​ ប្រទេស​នៅ​តំបន់​អាស៊ី​ផ្សេង​ទៀត​បាន​ចាត់​ចែង​ការ​ចុះ​បញ្ជីសំបុត្រ​កំណើត​នេះ​មិន​បាន​ល្អ​ឡើយ។

នៅ​ប្រទេស​នេប៉ាល់​វិញ ការ​ចុះ​បញ្ជីសំបុត្រ​កំណើត​មាន​ត្រឹម​តែ​៤២​ភាគរយ​តែ​ប៉ុណ្ណោះ។ នៅ​ប្រទេស​ឥណ្ឌា​ ក៏​មាន​អត្រា​ប្រហាក់​ប្រហែល​នេះ​ដែរ​រហូត​មក​ដល់​ឆ្នាំ​២០១២​ ក៏​ប៉ុន្តែ​ ទិន្នន័យ​ថ្មី​ដែល​នឹង​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង។ ប្រទេស​ប៉ាគីស្ថាន​មាន​ស្ថានភាព​យ៉ាប់​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​ដែល​ការ​ចុះ​បញ្ជីសំបុត្រ​កំណើត​មាន​ត្រឹម​តែ​២៧​ភាគ​រយ​ប៉ុណ្ណោះ​ ជា​អត្រា​ដែល​ទាប​បំផុត​នៅ​ក្នុង​ពិភពលោក​ លើក​លែង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វ្រិក​និង​ប្រទេស​យេម៉ែន។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្រុម​ប្រតិភូ​ដែល​ចូលរួមក្នុង​សន្និសីទ​ក្នុង​តំបន់​នៅ​សប្តាហ៍​នេះ នឹង​ប្តេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​នូវ​ការ​ចុះ​បញ្ជីសំបុត្រ​កំណើត​ទូទាំង​ប្រទេសនៅ​ចុង​ឆ្នាំ​២០១៤​នេះ។

ប្រែ​សម្រួល​ដោយ​ ទែន សុខស្រីនិត