លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama កំពុងតែធ្វើដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅក្រៅប្រទេស ទៅកាន់រដ្ឋធានីលីម៉ា នៃប្រទេសប៉េរូ ដែលលោកនឹងធានាដល់សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអំពីការគាំទ្ររបស់អាមេរិក ក្រោយពេលដែលលោក Trump ជាប់ឆ្នោតធ្វើជាប្រធានាធិបតី។
លោក Obama បានផ្តោតសំខាន់ទៅលើតំបន់អាស៊ីនិងតំបន់ប៉ាស៊ីហ្វិក ដោយហៅថាជាតំបន់ស្នូល ហើយការស្តារទំនាក់ទំនងរវាងអាមេរិកនិងអាស៊ីឡើងវិញគឺជាគោលការណ៍សំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់លោក ប៉ុន្តែគោលនយោបាយនេះអាចនឹងមានការផ្លាស់ប្តូរក្រោយពេលលោកចប់អាណត្តិនៅក្នុងរយៈ៩សប្តាហ៍ខាងមុខនេះ។
លោកប្រធានាធិបតីនិងក្រុមសម្ព័ន្ធមិត្តពាណិជ្ជកម្មសេរីរបស់លោកបានចំណាយពេលរាប់សិបឆ្នាំដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកឬហៅកាត់ថា TPP។ ប៉ុន្តែនៅក្នុងយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលឥឡូវនេះលោកបានក្លាយទៅជាប្រធានាធិបតីជាប់ឆ្នោតនោះ លោកបានស្នើឲ្យមានការងាកចេញពីកិច្ចព្រមព្រៀងនោះ។ លោក Trump បានថ្លែងថា លោកនឹងដកខ្លួនចេញពីអាស៊ី ហើយលោកបានហៅកិច្ចព្រមព្រៀង TPP ថាជាកិច្ចព្រមព្រៀងដែលរំលោភទៅលើប្រយោជន៍របស់អាមេរិក៕