ប្រទេសកម្ពុជានឹងខកខានរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដោយផ្ទាល់ដោយគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញជាជំនួសវិញ។ ចំពោះកិច្ចប្រជុំនេះ កម្ពុជាបានត្រៀមខ្លួនជាច្រើនឆ្នាំមកហើយក្នុងនោះមានការបញ្ជាទិញរថយន្តរាប់រយផងដែរ។
កាលពីខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាកម្ពុជាត្រូវទិញរថយន្តចំនួន៤៥៥គ្រឿង ដើម្បីបម្រើដល់ការប្រជុំអាស៊ី-អឺរ៉ុបនេះ ទុកសម្រាប់ដឹកថ្នាក់ដឹកនាំនិងមន្រ្តីនៃបណ្តាប្រទេសប្រមាណ៥០ប្រទេស។
កិច្ចប្រជុំដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងនេះ ពីដើមឡើយគ្រោងរៀបចំនៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារម្តងរួចមកហើយ ដោយសារតែវិបត្តិជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឲ្យដឹងថាកិច្ចប្រជុំលើកទី១៣ដែលមានការចូលរួមពីមេដឹកនាំនៅអឺរ៉ុបនិងអាស៊ីប្រមាណ៥០ប្រទេស ត្រូវបានសម្រេចនិងចូលរួមសម្រេចដោយកម្ពុជាផង ថានឹងធ្វើតាមប្រព័ន្ធវីដេអូអនឡាញនៅថ្ងៃទី២៥ និង២៦ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងការបរទេសកម្ពុជាឲ្យដឹងទៀតថាកិច្ចប្រជុំនេះបានពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ចំនួនពីរដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។
ប្រធានបទផ្សេងៗ ដូចជាបញ្ហាសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងពិភពលោកនឹងត្រូវពិភាក្សាគ្នាក្នុងកិច្ចប្រជុំដែលមានមេដឹកនាំនៃប្រទេសនៅតំបន់អាស៊ី និងអ៊ឺរ៉ុបចូលរួម។ តែទំនាក់ទំនងរវាងកម្ពុជាជាម្ចាស់ផ្ទះនិងសហភាពអឺរ៉ុបត្រូវបានមើលឃើញថាល្អក់កករក្រោយពេលសហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងសព្វាវុធ ឬ EBA ពីកម្ពុជាចំនួន២០% ដោយសារការរកឃើញអំពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនិងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕