ក្រម​ប្រតិបត្តិ​នៅ​អាស៊ី​សម្រាប់​សន្តិភាព​សមុទ្រ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ហុច​ប្រយោជន៍​ដល់ចិន

  • Ralph Jennings

នាវា Navy HMAS Adelaide របស់​អូស្ត្រាលី​ធ្វើ​នាវាចរណ៍​ជាមួយ​នឹង​កងម៉ារីន​ហ្វីលីពីន និង​អូស្ត្រាលី នៅ​ពេល​ពួកគេ​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​នៅ​ក្នុង​ឆក​សមុទ្រ Subic ក្នុង​ប្រទេស​ហ្វីលីពីន។

អ្នក​វិភាគ​ទស្សន៍​ទាយ​ថា​ ក្រម​ប្រតិបត្តិ​មួយ​ដែល​មាន​គោល​ដៅ​បញ្ចៀស​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​អកុសល​ណា​មួយ​នៅ​ក្នុង​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង​ ទំនង​ជា​នឹង​អាច​បញ្ចៀស​កង្វល់​ដែល​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​​ជា​ប្រទេស​ទាមទារ​ច្រើន​ជាង​គេ​នៅ​ក្នុង​ដែន​សមុទ្រ​នោះ។ ​

ប្រទេស​ចិន និង​ប្រទេស​អាស៊ាន​១០ប្រទេស​ទៀត​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ក្នុង​ក្រុង​ម៉ានីល​ កាលពី​ខែវិច្ឆិកា​ ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ ហើយ​ជាកន្លែង​ដែល​ប្រទេស​ចំនួន​៦ដណ្តើម​យក​អធិបតេយ្យភាព​រៀងៗ​ខ្លួន។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ទាមទារ​សមុទ្រ​នេះ​ប្រមាណ​ជា​៩០%​ពី​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​របស់​ខ្លួន​ទៅ​ដល់​កោះ Borneo។​ ប្រទេស​ចិន​បាន​ព្រមាន​ដល់​ប្រទេស​ទាមទារ​ចំណែក​ផ្សេង​ទៀត​ រួម​មាន​កោះ​តៃវ៉ាន់ និង​ប្រទេស​អាស៊ាន​ចំនួន​៤ ចាប់​តាំង​ពី​ឆ្នាំ២០១០​មក​ ពី​ការ​សាងសង់​កោះ​សិប្បនិម្មិត​សម្រាប់​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​រ៉ាដា។​

ប្រទេស​ទាមទារ​ចំណែក​ផ្សេង​ទៀត​ក៏​បាន​ផ្តល់​តម្លៃ​ដល់​ការ​វិនិយោគ និង​ជំនួយ​អភិវឌ្ឍន៍​ពី​សេដ្ឋកិច្ច​ចិន​ដែល​មាន​ទឹកប្រាក់​ចំនួន​១១,២ពាន់​លាន​ដុល្លារ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​និយាយ​ខ្លាំងៗ​ប្រឆាំង​នឹង​ចិន។

លោក Jay Batongbacal ដែល​ជា​ប្រធាន​នៃ​វិទ្យាស្ថាន​សម្រាប់​កិច្ចការ​សមុទ្រ​ និង​ច្បាប់​សមុទ្រ​នៅ​សាកល​វិទ្យាល័យ​ហ្វីលីពីន ​បាន​និយាយ​ថា ​«ការ​ពិភាក្សា​លើ​ក្រម​ប្រតិបត្តិ​នេះ​គួរ​ធ្វើ​ឡើង​នៅ​ជុំ​វិញ​បញ្ហា​ការ​ការពារ​វិបត្តិ​ជា​មូលដ្ឋាន ​និង​ការ​គ្រប់គ្រង​វិបត្តិ»។

ចាប់​ផ្តើម​ពី​ឆន្ទៈ​ល្អ​ទៅ​ដល់​ភាព​អហិង្សា

មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ប្រទេស​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី១៣​ ខែវិច្ឆិកា ដើម្បី​បើក​ការ​ចរចា​ដែល​នឹង​បង្វែរ​គ្រោង​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​ទៅ​ជា​បណ្តុំ​វិធាន​សម្រាប់​សមុទ្រ​ដែល​មាន​ទំហំ​៣.៥ លាន​គីឡូ​ម៉ែត្រក្រឡា​នេះ។​

ស្ថានការណ៍​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហាញ​ឆន្ទៈ​ល្អ​អស់​រយៈពេល​ជាង​១ឆ្នាំ​រវាង​ប្រទេស​អាស៊ាន​ និង​ប្រទេស​ចិន។​ ការនោះ​រួមទាំងការ​សន្យាផ្តល់​ជំនួយ​ ពីប្រទេស​ចិនដល់​ប្រទេស​ភីលីពីន​ បន្ថែមលើ​ការពង្រឹង​ឲ្យកាន់​តែស៊ីជំរៅ​នូវកិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​ក្នុងឥណ្ឌូចិន។​ ជាថ្នូរ​នឹង​រឿងនេះ​ ចិនមិន​រំពឹងថា​នឹងមាន​ការប្រឆាំង​ចំពោះ​ដែន​អធិបតេយ្យ ​លើផ្ទៃ​សមុទ្រ​របស់ខ្លួន​ទេ។​ នេះជាការ​អះអាង​របស់​ក្រុម​អ្នកវិភាគ។​

លោក Oh Ei Sun សាស្ត្រាចារ្យ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Singapore Nanyang University បាន​និយាយ​ថា​ក្រុមអ្នក​ចរចា​រឿង​ក្រមប្រតិបត្តិនឹង​ធានា​ថា​ ក្រម​នេះ​ «នឹង​ពិត​ជា​មិន​មាន​ការ​ពាក់ព័ន្ធ​ដល់បញ្ហា​អធិបតេយ្យភាព​នោះឡើយ»។

លោក​បាន​និយាយ​ថា «អ្នក​ជំនាញ​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ទាំង​នោះ​កំពុង​ព្យាយាម​ពិនិត្យ​មើល​ក្រម​នេះ​ពី​ជ្រុង​ផ្សេងៗ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​បង្កប់​ន័យ​ណា​មួយ​ដែល​មាន​គុណវិបត្តិ​ដល់​ពួកគេ»។

ប្រទេស​ទាមទារ​ដែន​កម្មសិទ្ធិ​នានា​ចង់​ឲ្យ​ក្រម​ប្រតិបត្តិ​នេះ​បញ្ឈប់​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ចំណោម​កប៉ាល​នេសាទ​ជាង​១លាន ​ បញ្ឈប់​ការ​ប៉ះទង្គិច​រវាង​កប៉ាល់​ ឆ្មាំ​សមុទ្រ​ និង​នាវា​ចម្បាំង​ដែល​ប្រើប្រាស់​សមុទ្រ​ចិន​ខាង​ត្បូងនេះ។​ មាន​ចរាចរណ៍​កប៉ាល់​ដឹក​ទំនិញ​តាម​សមុទ្រ​ប្រមាណ​ជា​១ភាគ៣​នៃ​ពិភពលោក​ ដែលធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​សមុទ្រ​នេះ។

ប៉ុន្តែ​ប្រទេស​វៀតណាម ​និង​ចិន​បាន​ប៉ះទង្គិចគ្នា​យ៉ាង​ហោច​ណាស់​៣ដង។​ កងម៉ារីន​ខ្លះ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​របស់​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​ឆ្នាំ១៩៧៤ និង​ឆ្នាំ​១៩៨៨។ ​ការ​ដាក់​ការដ្ឋាន​បូម​ប្រេង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការប៉ះ​ទង្គិច​ដោយ​កប៉ាល់ល្បាត​នៅ​ក្នុង​ឆ្នាំ​២០១៤។

ការ​សើរើ​ឯកសារ​ចាស់ៗ​ឡើង​វិញ

លោក Collin Koh ដែល​ជា​អ្នក​ស្រាវជ្រាវ​សន្តិសុខ​សមុទ្រ​នៅ​សាកលវិទ្យាល័យ Nanyang Technological University ក្នុង​ប្រទេស​សិង្ហបុរិ​និយាយ​ថា​ ក្រម​នេះ​ប្រហែល​នឹង​សើរើ​មើល​ផ្នែក​មិន​សូវ​មាន​ទម្ងន់​ដែល​មាន​ស្រាប់​នៃ​កិច្ចព្រមព្រៀង​មិន​ចង​កាតព្វកិច្ច។ លោក​បាន​បន្ថែម​ថា «ផ្នែក​ទាំង​នោះ​នឹង​មិន​មាន​អំណាច​អនុវត្ត​ផ្លូវ​ច្បាប់​អ្វី​នោះ​ទេ»។

លោក Koh បាន​និយាយ​ថា ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ចាស់ៗ​ដែល​ក្រម​នេះ​អាច​នឹង​យក​ពាក្យ​ពេចន៍ពី​ក្នុង​នោះ​មក​ប្រើ​គឺសេចក្តី​ថ្លែងការណ៍​នៃ​ក្រម​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង​ ​ហៅថា​ DOC រវាង​អាស៊ាន​និង​ចិន​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ឆ្នាំ២០០២។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ ការ​ផ្តល់​ដំណឹង​ពី​សមយុទ្ធ​យោធា​ និង​ការ​មិន​ប្រើ​អំពើ​ហិង្សា​លើ​មនុស្ស​តាម​របៀប​អមនុស្សធម៌។

លោក​ Koh ​បាន​និយាយ​ថា​ ភាគី​នានា​ក៏​អាច​នឹង​ខ្ចី​ពាក្យ​ពេចន៍​ពី​ក្រម​ដោះស្រាយការ​ប្រឈម​មុខ​ដាក់​គ្នា​លើផ្ទៃ​សមុទ្រ​ដោយ​មិន​មាន​គ្រោង​ទុក​ ដែល​ជា​កិច្ចព្រមព្រៀង​ស្ម័គ្រ​ចិត្ត​ក្នុង​ឆ្នាំ២០១៤ ចូលរួម​តាម​ក្រោយ​ដោយ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។​ ប្រទេស​ចិន​ និង​ប្លុក​អាស៊ី​អាគ្នេយ៍ ឬ ​អាស៊ាន​កាលពី​ឆ្នាំ​មុន​បាន​ព្រមព្រៀង​គ្នា​នឹង​គោរព​ក្រម​នេះ​ ដូច្នេះ​ពួកគេ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​ទីភ្នាក់ងារ​ព័ត៌មាន ​Xinhua​ របស់​ក្រុង​ប៉េកាំង​ហៅ​ថា​ «នាវា​ចម្បាំង​និង​យន្តហោះ​ចម្បាំង​អាចប្រតិបត្តិការ​ប្រកប​ដោយ​សុវត្ថិភាព​លើ​អាកាស​ និង​សមុទ្រ»។​

ឯកសារ​ទី៣​ដែល​ពួកគេ​អាច​នឹងយោង​ទៅលើ​គឺ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ ដែល​រួម​មាន​សិទ្ធិ​កប៉ាល់​ជំនួញ​ ការ​ឆ្លង​កាត់​ទៅ​ប្រទេស​ផ្សេង​ និង​ការ​ឆ្លង​កាត់​ «ដោយ​មិន​ដឹង​ថា ខុស​ច្បាប់»។

ក្រម​ប្រតិបត្តិ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​រក្សា​ការ​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ ​Hotline ​របស់ ក្រសួង​ការបរទេស​ នៃប្រទេស​អាស៊ាន-ចិន​ក្នុង​ពេល​មាន​បញ្ហា​ណា​មួយ​កើតឡើងលើ​សមុទ្រ។

ការ​លុប​ក្រម​ប្រតិបត្តិ

អ្នក​វិភាគ​ជឿ​ជាក់​ថា ​ក្រម​នេះ​ទំនង​នឹង​លុប​បំបាត់​ឯកសារ​យោង​ចំពោះ​ផ្នែក​ជាក់លាក់​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ ជា​ពិសេស​កោះ​ ថ្ម​ប៉ប្រះ​ទឹក​ និង​កោះ​តូចៗ​ ដែល​ត្រូវ​បាន​គេ​កាន់កាប់​រួច​ហើយ។​ ក្រម​នេះ​ក៏ទំនង​ជា​មិន​និយាយ​ដល់​សេរីភាព​នាវាចរណ៍ ​ឬ​ការ​ប្រើប្រាស់​វិធីដោះ​ស្រាយ​ជម្លោះ​ខាងក្រៅ​ក្រម​នេះ​ដែរ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការ​ខឹង​សម្បារ​នឹង​ការ​ធ្វើ​ចរាចរណ៍​របស់​នាវា​អាមេរិកាំង​កាត់​តាម​សមុទ្រ​នេះ និង​បាន​ចាញ់​ក្តី​ជាមួយ​នឹង​ហ្វីលីពីន​នៅ​ក្នុង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ នៅ​ក្នុង​ឆ្នាំ២០១៦ ទាក់ទង​នឹង​មូលដ្ឋាន​ច្បាប់​ទាក់ទង​នឹង​ការ​ទាមទារ​ដែន​កម្មសិទ្ធិ​របស់​ខ្លួន​ ដែល​ផ្អែក​លើ​កំណត់​ត្រា​នេសាទ​ជា​ប្រវត្តិសាស្ត្រ។​ ប្រទេស​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​ថា​ ចិន​នឹង​ប្រកាស​កំណត់​ដែន ការពារ​ផ្លូវ​អាកាស​នៅ​លើ​សមុទ្រ​ដើម្បី​រឹតត្បិត​សេរីភាព​ហោះហើរ​យន្តហោះ​បរទេស។​

ចិន​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ទ្វេភាគី​ជា​ជាង​រក​ដំណោះ​ស្រាយ​វិវាទ​ជា​ផ្លូវ​ការ​ តាម​យន្តការណ៍អន្តរជាតិ។

សព្វ​ថ្ងៃ​នេះ​ ប្រទេស​ទាមទារ​ចំណែកដែន​សមុទ្រ​បាន​តវ៉ា​ជា​ធម្មតា​តាម​ការ​ទូត​ជា​ជាង​ការ​ប្រើប្រាស់​កងកម្លាំង​ ទាក់ទង​នឹង​ការ​រំលោភ​អធិបតេយ្យភាព​ទឹកដី​នេះ។​ ប្រទេស​ទាំងនោះ​ពួកគេក៏​មិន​បាន​ដណ្តើម​យក​កោះ​ដែល​ត្រូវ​បាន​កាន់កាប់​រួច​ពី​គ្នា​ទៅវិញ​ទៅមក​ដែរ។

លោក Alan Chong ដែល​ជា​សាស្ត្រាចារ្យ​រង​នៅ​សាលា​សិក្សា​អន្តរជាតិ ​S. Rajaratnam School of International Studies នៅ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា​ ក្រម​នេះ​ប្រហែល​នឹង​បញ្ជាក់អំពី​ភាព​ជាក់ស្តែង​បច្ចុប្បន្ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​លោក​បាន​និយាយ​ថា ​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​មាន​កម្លាំង​ខ្សោយ​ជាង​ ទំនង​នឹង​មិន​រំលោភ​បំពាន​លើ​ក្រម​នេះ​ទេ ​ដែល​លោក​ទម្លាក់​ «ទំនួល​ខុស​ត្រូវ» ​នេះ​ឲ្យ​ប្រទេស​ចិន។​

លោក Chong បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ក្រម​ប្រតិបត្តិ​នេះ​ ជាក់​ស្តែង​បង្ខំ​ចិន​ឲ្យ​ទទួល​ស្គាល់​នូវ​ព្រំដែន​ដែល​មាន​ស្រាប់។​ ដូច្នេះ​ ចិន​នឹង​លេង​ល្បែង​នេះ​ជាមួយ​ ដរាប​ណា​ចិនមាន​ឱកាស​ទាមទារ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់»។​

ការ​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ២០១៨

ចិន និង​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ព្រមព្រៀង​គ្នា​បើក​ការ​ចរចា​ស្តី​ពី​ក្រម​ប្រតិបត្តិ​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ​ ដោយមាន​គោលបំណង​ដែល​រំពឹង​ថា​ នឹង​បាន​ចុះ​ហត្ថលេខា​នៅ​ចុង​ឆ្នាំ២០១៨។
លោក ​Alexander Huang ​ដែល​ជា​សាស្ត្រាចារ្យ​សិក្សា​យុទ្ធសាស្ត្រ ​នៅ​សាកល​វិទ្យាល័យ ​Tamkang នៅ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា​ ប្រទេស​ចិន​ចង់​ឲ្យ​ក្រម​នេះ​មើល​ទៅ​ដូច​ជា​អ្នក​ជិត​ខាង​អាស៊ី​ដ៏​ល្អ​មួយ​ក្នុង​ពេល​ឆាប់ៗ។ លោក​បាន​និយាយ​ថា បើ​គ្មានខ្លឹមសារ​ កើតចេញ​ពី​ក្រម​ប្រតិបត្តិ​នោះ​ទេ​ ការ​ចាប់​អារម្មណ៍​ទាំង​អស់​អាច​នឹង​បង្វែរ​ទៅ​លើ​ការ​គាំទ្រ​របស់​ចិន​ដ៏​ចម្រូងចម្រាស​លើ​ឆាក​អន្តរជាតិ​សម្រាប់​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​របស់​ខ្លួន​គឺ​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Koh បាន​និយាយ​ថា ប៉ុន្តែ​ចិន​មាន​សេរីភាព​ច្រើន​ជាង​ក្នុង​ការ​ប្រើប្រាស់​សមុទ្រ​ដោយ​មិន​ចាំបាច់​មាន​ក្រម​នេះ។

លោក Koh បាន​និយាយ​ថា «តាំង​ពី​ដំបូង​ ចិន​នឹង​នៅ​តែ​ព្យាយាម​លេង​ល្បែង​ពន្យារពេល។ បើ​ល្បែង​នេះ​មាន​រយៈពេល​កាន់​តែ​យូរ​ ចិន​នឹង​មាន​សេរីភាព​កាន់​តែ​ច្រើន​ដើម្បី​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ»៕

ប្រែ​សម្រួល​ដោយ ​ប៊ុន ប៉េងហ៊ុយ