គណៈប្រតិភូ​ពាណិជ្ជកម្ម​អាស៊ាន​នឹង​ជួប​ក្រុមហ៊ុនធំៗ​របស់​អាមេរិក​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្គូ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អាស៊ាន​ទាំង១០ និង​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​នឹង​ជួបគ្នា នៅ​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក ក្នុង​សន្និសីទ​សាធារណៈ​ដ៏​ធំ​មួយ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។ (រូប​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់ US-ASEAN Business Council)

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អាស៊ាន​ទាំង១០ និង​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​នឹង​ជួបគ្នា នៅ​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក ដើម្បី​ពិភាក្សា​អំពី​ឱកាស​ពង្រីក​ការ​បណ្តាក់​ទុន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន។

មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​របស់​អាស៊ាន និង​លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៥ និង​ទី១៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អាស៊ាន​ទាំង​១០ រួមទាំង​គណៈប្រតិភូ​របស់​ខ្លួន នឹង​ជួប​ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក នៅ​ទីក្រុង San Francisco នៅ​ក្នុង​សន្និសីទ​សាធារណៈ​មួយ។

លោក Alexander Feldman ប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន បាន​ប្រាប់ VOA ថា សន្និសីទ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ​ពី​សក្តានុពល​ខាង​ពាណិជ្ជកម្ម​របស់​អាស៊ាន​ទៅកាន់​សហគមន៍​អ្នក​ធ្វើ​ជំនួញ​របស់​សហរដ្ឋ​អាមេរិក។

លោក​ថា៖​«‍គោលបំណង​សំខាន់​នៃ​សន្និសីទ​នេះ​គឺ ដើម្បី​លើក​កម្ពស់​ការ​ពិភាក្សា​នៅ​សហរដ្ឋ​អាមេរិក​អំពី​សារៈសំខាន់​របស់​អាស៊ាន ឱកាស​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​អាស៊ាន និង​អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន»។

ក្រៅ​ពី​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​របស់​អាស៊ាន លោក Feldman បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក Jokowi Widodo ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និង​លោក Tony Fernandes អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នឹង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស។ បន្ថែម​លើ​នេះ លោក Michael Froman អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក​ និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានា​ធិបតី​ប៉ារ៉ាក់ អូបាម៉ា ក៏​នឹង​មាន​វត្តមាន​នៅ​សន្និសីទ​នោះ​ផង​ដែរ។

សន្និសីទ​ស្តីពី អាថ៌កំបំាង​បំផុត​របស់​អាស៊ី៖ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក‍-អាស៊ាន (US-ASEAN Business Council)។

​លោក Feldman បាន​បញ្ជាក់​ថា សន្និសីទ​នេះ​នឹង​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត​មួយ​ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​អាស៊ាន និង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ផ្តោត​លើ​តថភាព និង​លទ្ធភាព​ក្នុង​ការ​រឹត​ចំណង​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន។

លោក​បញ្ជាក់​ថា៖​«‍យើង​នឹង​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ក្នុង​ពិភពលោក រួម​ទាំង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែរ។ និយាយ​ទៅ យើង​នឹង​ពិភាក្សា​អំពី​ភាព​ជា​ដៃ​គូ​សមត្ថភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ ឬ (RCEP) និង​កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ (TPP) ជា​ដើម»។

ក្នុង​សមាគម​អាស៊ាន ប្រទេស​ចំនួន​៤​បាន​ក្លាយ​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​រួមមាន ប្រទេស​វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ព្រុយណេ។ ក៏​ប៉ុន្តែ លោក Feldman បាន​បញ្ចាក់​ថា ប្រទេស​មួយ​ចំនួន​ទៀត​របស់​អាស៊ាន​ដូច​ជា ប្រទេស​ថៃ ភីលីពីន និង​ឥណ្ឌូនេស៊ី ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ចូលជា​សមាជិក TPP ដែរ។ ហើយ​លោក​សង្ឃឹម​ថា ប្រទេស​ទាំង​នេះ​នឹង​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​សន្និសីទ​នេះ។

ជាមួយ​គ្នា​នោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​គណៈប្រតិភូ​កម្ពុជា ក៏​នឹង​ចូលរួម​ក្នុង​សន្និសីទ​នេះ ដោយ​សង្ឃឹម​ថា នឹង​ចាប់​យក​ឱកាស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​អាមេរិក។

កាល​ពី​ចុង​ឆ្នាំ២០១៥​កន្លង​ទៅ​នេះ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​ចូល​ជា​ធរមាន ដើម្បី​ពង្រឹង​សក្តានុពល​នៃ​ភាព​ជា​ដៃគូ​ខាង​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ក្នុង​សកលលោក។ ក៏ប៉ុន្តែ លោក Feldman បាន​ឲ្យ​ដឹង​ថា អាស៊ាន​ចាំបាច់​ត្រូវ​សម្លឹង​មើល​ឲ្យ​ហួស​ពី​របាំង​ពន្ធ​គយ។

លោក Alexander Feldman ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន ជួប​ពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​នឹង​លោក​ប្រធានា​ធិបតី​វៀតណាម Truong Tan San កាល​ពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ២០១៥ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ (រូបថត​ដក​ស្រង់​ពី US-ASEAN Business Council)

«‍ខ្ញុំ​យល់​ថា ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គឺជា​ជំហាន​ដ៏​ល្អ​បំផុត​មួយ។ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ យើង​សង្ឃឹម​ថា​ បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​អាច​ធ្វើ​កិច្ចការ​លើស​ពី​របាំង​ពន្ធគយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ពាណិជ្ជកម្ម​ ដែល​រួម​មាន​ទំាង​របាំង​មិនមែន​ពន្ធគយ។ យើង​ក៏​ចង់​ឃើញ​សុខដុម​រមនីយកម្ម​នៅ​ក្នុង​អាស៊ាន ជាពិសេស​ខាង​ដំណើរការ​ផលិត និង​និយ័តកម្ម»។

លោក Feldman ក៏​បាន​បញ្ជាក់​បន្ថែម​ថា បញ្ហា​អំពើ​ពុករលួយ ការ​ខ្វះ​តម្លាភាព​ក្នុង​និយ័តកម្ម​នៅ​អាស៊ាន​គឺជា​កត្តា​ប្រឈម​ចម្បង ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ ខណៈ​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កំពុង​ដើរ​ទៅមុខ​ដ៏​សន្សឹមៗ​នោះ។

«‍យើង​នៅ​តែ​ឃើញ​មាន​កត្តា​ប្រឈម​ជា​ច្រើន​រួម​មាន​ខាង​អភិបាលកិច្ច ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ ដែល​ជា​កត្តា​ប្រឈម​របស់​អាស៊ាន និង​ការ​បង្កើត​ច្រក​ចេញ​ចូល​តែ​មួយ​របស់​អាស៊ាន។ យើង​ក៏​នៅ​តែ​ឃើញ​បញ្ហា​ខ្វះ​តម្លាភាព ក្នុង​ការ​អនុវត្ត​និយ័តកម្ម ឬ​ការ​ត្រួតពិនិត្យ និង​ការ​អនុវត្ត​ច្បាប់។ យើង​ចង់​ឃើញ​មេដឹកនាំ​អាស៊ាន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ផុសផុល​បំផុត»។

លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន វា​ទាមទារ​ឲ្យ​មេដឹកនាំ​អាស៊ាន​បន្ត​ធ្វើ​កំណែ​ទម្រង់​តាម​ប្រទេស​រៀងៗ​ខ្លួន និង​ធ្វើការ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាង​នេះ​ជាមួយ​នឹង​ម្ចាស់​ភាគ​ហ៊ុនដែល​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក Feldman បាន​បង្ហាញ​ពី​ទស្សនវិស័យ​ល្អ​នៃ​ផែនការ​ទី២​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ការ​បង្កើត​ឲ្យមាន​ច្រកចេញ​ចូល​តែមួយ។ លោក​យល់​ថា ផែនការ​នេះ​គឺជា​សមិទ្ធផល​ដ៏​ធំមួយ​របស់​អាស៊ាន​ក្នុងការ​សម្រួល​ដល់​ការ​បណ្តាក់​ទុន និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

«‍ផែនការ​នេះ​គឺ​ល្អ​ណាស់ ពីព្រោះ​វា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​សំណុំ​ឯកសារ​គយ​តាម​ប្រព័ន្ធ​អេឡិកត្រូនិក ហើយ​នេះ​គឺជា​ទម្រង់​បែបបទ​ឯកសារ​តែ​មួយ ដែល​ក្រុមហ៊ុន​ទាំងអស់​នឹង​ប្រើប្រាស់ មិន​ថា​ពួកគេ​បណ្តាក់ទុន​នៅ​តាម​ប្រទេស​ក្នុង​អាស៊ាន​ណា​ក៏​ដោយ។ ជាមួយ​ផែនការ​នេះ អាស៊ាន​នឹង​បោះ​ជំហាន​ដ៏​ធំ​មួយ​ទៅ​មុខ»។

សមាគម​អាស៊ាន​បាន​ក្លាយ​ជា​ទិសដៅ​ពាណិជ្ជកម្ម​ទី៤​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។ សម្រាប់​ឆ្នាំ​២០១៤ សហរដ្ឋ​អាមេរិក​បាន​បណ្តាក់​ទុន​នៅ​តំបន់​អាស៊ាន​នេះ​ជា​ទឹកប្រាក់​ចំនួន​២១៥​ពាន់លាន​ដុល្លារ។ ហើយ​សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​បណ្តាក់ទុន​បរទេស​ដោយ​ផ្ទាល់​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​អាស៊ាន​នេះ៕