ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ថា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នៅ​មីយ៉ាន់ម៉ា«បើក​ច្រក​ថ្មី»សម្រាប់​ការ​ចរចា​នយោបាយ

រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ ដែល​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា ​នៅ​ថ្ងៃ​ពុធ​នេះ បាន​អះអាង​ថា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​ទៅ​កាន់​ប្រទេសមីយ៉ាន់ម៉ា មាន​«វឌ្ឍន​ភាព​គួរ​ឲ្យ​កត់​សម្គាល់​ខ្លះ​ៗ​ដែរ» ហើយ​លោក​ថា​វា​នឹង​«បើក​ច្រក​ថ្មី»​យ៉ាង​ហោច​ណាស់​សម្រាប់​ការ​ចរចានយោបាយ​ពី​គ្រប់​ភាគី​ជម្លោះ​នៅ​ពេល​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​នេះ​អាស្រ័យ​លើ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធ​នេះ លោក ប្រាក់ សុខុន បាន​ថ្លែង​ថា​លោក​បាន​ជួប​អ្នក​ពាក់​ព័ន្ធ​មួយចំនួន ហើយ​លោក​បាន​ចោទ​សួរ​អំពី​លទ្ធភាព​ចរចា​ជាមួយ​ក្រុម​មនុស្ស ដែល​របប​សឹក​ភូមា ចាត់​ទុក​ជា​ក្រុម«​ភេរវជន»។ លោក​បន្ថែម​ថា​លោក​ត្រូវ​បាន«លើក​ទឹក​ចិត្ត​»ដែលក្រុម​ប្រឹក្សា​រដ្ឋ​បាល​រដ្ឋ​មីយ៉ាន់​ម៉ា​បើក​ចំហ​ទ្វារ​សម្រាប់​កិច្ច​សន្ទនា ជា​ពិសេស​ជាមួយ​អ្នក​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវជន​ បើ​ទោះ​មាន​ការ​ភ្ជាប់​លក្ខខណ្ឌ​ចំនួន​៣ ក៏​ដោយ។ លក្ខខណ្ឌ​ទី​មួយ​គឺ​មិន​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល ទី​ពីរ​គឺ​មិន​មក​ជំនួស​រដ្ឋាភិបាល និង​ទី​បី​គឺ​យក​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​២០០៨ ធ្វើ​ជា​មូលដ្ឋាន​នៅ​ក្នុង​ការចរចា​សន្តិភាព។

លោក ប្រាក់ សុខុន ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​មាន​លក្ខខណ្ឌ​បែប​នេះ​ក៏​ដោយ ខ្ញុំ​យល់​ថា​យ៉ាងហោចណាស់​ គឺ​យើងបាន​បើកផ្លូវ​ឲ្យមានលទ្ធភាព​នៅ​ក្នុង​ការ​ចរចា​ជាមួយ​គ្នា​ឲ្យ​បាន។ បាន​ន័យ​ថា​យើង​អាច​ធ្វើ​ឲ្យ​កង់​នៃ​ដំណើរ​ការ​ចរចា​សន្តិភាព​អាច​វិល​ទៅ​មុខ​បាន។ ឯ​លក្ខខណ្ឌ​យ៉ាង​ណាៗ គឺអាស្រ័យ​លើ​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​អ្នក​ដោះស្រាយ​ជាមួយ​គ្នា​ទៅ​ចុះ»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ​នេះ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន មិន​បាន​ជួប​ជាមួយ​មេដឹកនាំ​ស៊ីវិល​អ្នកស្រី អោង​សាន ស៊ូជី (Aung San Suu Kyi)ឡើយ។ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ដែល​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ានទទួលការ​ជូន​ដំណឹង​ថា​ លោក​មិន​អាច​ជួប​ជាមួយ​អ្នកស្រី ​អោង​សាន ស៊ូជី​ បាន​នោះ​ទេ ដោយ​សារ​អ្នក​ស្រី​«កំពុង​ស្ថិត​ក្នុង​នីតិវិធី​តុលាការ​នៅ​ឡើយ» ក្រោយ​ពី​មាន​សំណើ​សុំ​ជួប។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ពុធ​នេះ លោក ប្រាក់ សុខុន ថ្លែង​ថា​ក្នុង​នាម​ជា​ប្រេសិត​របស់​ប្រធាន​អាស៊ាន លោក​«កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង» ចំពោះ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​ឯកភាព​កាល​ពី​ខែ​មេសា ឆ្នាំ​២០២១។

លោក​បន្ថែម​ថា​លោក​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធ​ភាព និង​សមត្ថភាព ដរាប​ណា​ការរក្សា​ឯក​ភាព​របស់​អាស៊ាន​នៅ​គង់​វង្ស។

គួរ​បញ្ជាក់​ថា​លោក ប្រាក់​ សុខុន បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ការងារ​ជា​លើក​ទី​ពីរ​ទៅ​កាន់​មីយ៉ាន់​ម៉ា ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២២៕