ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលមាន ១០ប្រទេសបានជជែកគ្នាសាជាថ្មីអំពីវិបត្តិបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅគ្រប់បណ្ដាប្រទេសសមាជិក និងនៅទូទាំងពិភពលោក។
ការជួបប្រជុំគ្នាតាមរយៈមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ពីចម្ងាយរវាងរដ្ឋមន្ត្រីការបរទេស ទាំង ១០ប្រទេសបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែមេសានេះ ដែលជាកិច្ចប្រជុំ «ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន»។
នៅក្នុងកិច្ចប្រជុំកាលពីព្រឹកមិញថ្នាក់ដឹកនាំប្រទេសទាំងនោះ បានជជែកអំពីវិធានការឆ្លើយតបរួមរបស់អាស៊ាន «ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័ស» នៃមេរោគរាតត្បាតប្រភេទថ្មីនេះ។នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ក៏បានស្រង់សម្ដីពីមន្រ្តីទូតនានានៅថ្ងៃព្រហស្បតិ៍នេះដែរ ដោយរាយការណ៍ថាក្ រុមបណ្ដាប្រទេសអាស៊ានទាំង១០ បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំកំពូលអាស៊ានតាមរយៈមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ពីចម្ងាយ (Teleconference) នៅសប្ដាហ៍ក្រោយនិងកំពុងពិចារណាធ្វើកិច្ចប្រជុំតាមមធ្យោបាយដូចគ្នា ដែលពង្រីកដល់ក្របខណ្ឌអាស៊ានបូក៣ ជាមួយចិនកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់នោះទេថា តើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានឈានទៅសម្រេចកិច្ចព្រមព្រៀងហើយ ឬនៅលើវិធានការឆ្លើយតបរួមរបស់អាស៊ានក្នុងការទប់ទល់នឹងវីរុសរាតត្បាតឬក៏ការព្រមព្រៀងនេះត្រូវរង់ចាំការសម្រេចពីបណ្ដាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងកិច្ចប្រជុំកំពូលពីចម្ងាយនៅសប្ដាហ៍ក្រោយ។
VOA មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ដើម្បីសុំការអត្ថាធិប្បាយបានទេ។
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបប្រជុំគ្នានៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ កាលពីខែកុម្ភៈដើម្បីជជែកអំពីវិបត្តិកូវីដ១៩ហើយបានដាក់ចេញផងដែរអំពីការព្រមព្រៀងគ្នាតាំងចិត្តសហការគ្នាចែករំលែកព័ត៌មានសំខាន់ៗ និងបន្តធានាឱ្យសរសៃឈាមសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគបន្តមានដង្ហើមដើរដោយគ្មានការរាំងស្ទះ។
យ៉ាងណាក្ដីលោក ស៊ុន គឹម គ្រូឧទ្ទេសជំនាញកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានប្រាប់ VOA កាលពីសប្ដាហ៍មុនដោយបង្ហាញការសង្កេតរបស់លោកថា ស្ថានការណ៍ថ្មីៗបានចាប់បង្ខំឲ្យប្រទេសនីមួយៗចាត់វិធានការរៀងខ្លួន និងហាក់មិនបានអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងនៅវៀងចន្ទន៍នោះទេ។
លោកសេក សុផល អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា សហគមន៍អាស៊ានទាំងមូលតែម្ដងមិនងាយសម្រេចបានការតាក់តែងនិងការអនុវត្តផែនការរួម ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានទេ។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ការផ្ទុះរីករាលដាល[លើកនេះ]សុទ្ធសឹងតែជារឿងថ្មីសម្រាប់ទាំងអស់គ្នា។ អាស៊ានមិនមានយុទ្ធសាស្ត្ររួមណាមួយនោះទេព្រោះថា ប្រទេសជាសមាជិកនីមួយៗមានធនធានសមត្ថភាពផ្សេងពីគ្នាក្នុងការឆ្លើយតបនឹងវិបត្តិនេះ»។
លោក សេក សុផល បានបន្ថែមថា៖ «សិង្ហបុរីកំពុងឆ្លើយតបធ្វើការបានយ៉ាងប្រសើរ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ប្រទេសនេះមានធនធានច្រើននិងមានប្រជាជនតិច»។
មកទល់នឹងសប្ដាហ៍ទីពីរនៃខែមេសានេះក្នុងបណ្ដាប្រទេសទាំង១០មានអ្នកឆ្លងជំងឺកូវីដ១៩យ៉ាងតិច ១៥.៤៧៨នាក់និងមានអ្នកស្លាប់ប្រមាណ ៥២៧នាក់។ ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកស្លាប់ឈរនៅលើគេ ដែលមានសរុបយ៉ាងហោច ២៤០នាក់ ហើយប្រទេសម៉ាឡេស៊ីរកឃើញការឆ្លងខ្ពស់ជាងគេសរុបប្រមាណ ៤១១៩នាក់។
ចំណែកនៅកម្ពុជាវិញករណីឆ្លងនេះមានទៅដល់ ១១៨ គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ ហើយអ្នកជាសះស្បើយឡើងវិញមានប្រមាណ ៧០នាក់។ កម្ពុជាស្ថិតនៅខ្ពស់ជាងប្រទេសឡាវនិងមីយ៉ាន់ម៉ាឬភូមា។
កាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលទ្ធភាពនៃការឆ្លងនៅកម្ពុជាស្ថិតនៅខ្ពស់នៅឡើយ ហើយលោកអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្រៅប្រទេសកុំទាន់ចូលមកប្រទេសកម្ពុជានៅពេលនេះ។ លោកទើបនឹងបានដាក់បម្រាមការធ្វើដំណើររវាងរាជធានីទៅបណ្ដាខេត្តពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយទៅស្រុកមួយ។
គួរបញ្ជាក់ថាការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីបានបង្កភាពរអាក់រអួលរួចជាស្រេចដល់ការងាររបស់អាស៊ាននៅឆ្នាំនេះ។ ជាក់ស្ដែងទាំងកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលគ្រោងធ្វើនៅក្រុង Las Vegas សហរដ្ឋអាមេរិកនៅពាក់ កណ្ដាលខែមីនានិងកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងធ្វើនៅទីក្រុង Da Nangប្រទេសវៀតណាមក្នុងសប្ដាហ៍នេះសុទ្ធតែត្រូវបានលើកពេល៕