សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សនៅថ្ងៃច័ន្ទនេះបានសម្តែងការអបអរសាទរចំពោះការដោះលែងសកម្មជនដីធ្លីជាស្ត្រី ៤នាក់ ដែលរួមមានទាំងអ្នកស្រី ទេព វន្នី ផងដែរ។
លោក Charles Santiago ប្រធានសមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សនិងជាសមាជិកសភាម៉ាឡេស៊ី បានមានប្រសាសន៍ចំពោះការដោះលែងសកម្មជនទាំង៤នាក់នោះថា «គឺជាដំណឹងដ៏គួរឲ្យស្វាគមន៍ ដែលត្រូវបានរង់ចាំអស់រយៈពេលជាយូរមកហើយ។ អ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីដទៃទៀតមិនគួរត្រូវបានចាប់ដាក់ពន្ធនាគារពីដំបូងឡើយនោះទេ។ ពួកគេគ្រាន់តែធ្វើយុទ្ធនាការដោយក្លាហាននិងសន្តិវិធីដើម្បីការពារសហគមន៍របស់ពួកគេប៉ុណ្ណោះ។» នេះបើយោងតាមសារមួយដែល VOA ទទួលបានពីការិយាល័យសមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សរបស់លោក Santiago ដែលស្រង់សម្តីដើមរបស់លោក។
សកម្មជនការពារសិទ្ធិលំនៅឋានក្នុងតំបន់បឹងកក់៣នាក់ និងអ្នកស្រី ទេព វន្នី ដែលជាជ័យលាភីពានរង្វាន់ស្ត្រីជាអ្នកដឹកនាំសកលរបស់អង្គការ Vital Voices ត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោស កាលពីថ្ងៃច័ន្ទ ទី២០ខែសីហា ម្សិលមិញនេះ ក្រោយពីជាប់ពន្ធនាគាររយៈពេលជាង២ឆ្នាំក្រោមបទប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។
ស្រដៀងនឹងប្រតិកម្មស្វាគមន៍ទាំងមិនពេញចិត្តចំពោះការដោះលែងនេះរបស់តំណាងរាស្ត្រCharles Santiago ដែរ អ្នកស្រី ទេព វន្នី នៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅក្រោយពីត្រូវបានដោះលែង បានថ្លែងពីអារម្មណ៍មិនពេញចិត្តចំពោះភាពអយុត្តិធម៌ចំពោះអ្នកស្រី៖
«ការចោទប្រកាន់នេះ វាមានភាពអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ។ ហើយកុំថាឡើយ ខ្ញុំត្រូវជាប់ពន្ធនាគារអស់រយៈពេលពីរឆ្នាំជាង សូម្បីតែកន្លះវិនាទីក៏ខ្ញុំមិនត្រូវជាប់ពន្ធនាគារដែរ ព្រោះជាក់ស្តែងខ្ញុំអត់បានប្រព្រឹត្តបទល្មើសខុសដូចជាការចោទនោះទេ។»
Your browser doesn’t support HTML5
លោក Santiago បានរិះគន់និន្នាការជាទូទៅនៃការធ្លាក់ចុះសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកបញ្ជាក់ថា៖ «យើងត្រេកអរណាស់ដែលអ្នកស្រី ទេព វន្នី នឹងវិលទៅជួបជុំក្រុមគ្រួសារវិញ។ ប៉ុន្តែការដោះលែងនេះមិនបានផ្លាស់ប្ដូររូបភាពទូទៅនិងទូលំទូលាយនៅកម្ពុជាទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យកម្ពុជាក្លាយជារដ្ឋឯកបក្សនិងបានបំផ្លាញទាំងកម្រោលនូវសិទ្ធិមនុស្ស ដូច្នេះការបញ្ឈប់សកម្មភាពនេះរយៈពេលខ្លីមិនបានជួយប៉ះប៉ូវដល់ការបំពានក្នុងទ្រង់ទ្រាយធំនេះទេ»។
សូមរង់ចាំព័ត៌មាន VOA និងប្រតិកម្មនានាបន្ថែមទៀតនៅពេលខាងមុខ។