បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ថា ពួកគេ «តាំងចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត» ដើម្បី​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា

នៅក្នុង​រូប​ដែល​ត្រូវបានថត និងចេញផ្សាយ​នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដោយក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី បង្ហាញ​ពី​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (SAFMM) នៅទីក្រុងហ្សាកាតា។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​បញ្ជាក់​នៅ​ក្នុង​ការ​ពិភាក្សា​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន (ASEAN) ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ថា ពួកគេ​មាន «ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត» ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្នុង​ភាព​ចលាចល​តាំងពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក ប៉ុន្តែ​បើ​ទោះបីជា​មីយ៉ាន់ម៉ា​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ភាព​ចលាចល​នេះ​ក៏ដោយ ក៏​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន​កន្លង​មក​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​មិន​បាន​ផ្ដល់​លទ្ធផល​ជា​ផ្លែផ្កា​ណា​មួយ​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​បញ្ជាក់​នៅ​ក្រោយ​ការ​ប្រជុំ​បន្ទាន់​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «អាស៊ាន​មិន​ត្រូវ​បាក់​ទឹកចិត្ត ប៉ុន្តែ​ត្រូវតែ​មាន​ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ»។

របប​យោធា​មីយ៉ាន់ម៉ា​បាន​បដិសេធ​មិន​បញ្ជូន​អ្នក​តំណាង​ដែល​មិន​មែន​នយោបាយ​មក​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នេះ។

នៅ​ក្នុង​ការ​ប្រជុំ​នេះ បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​របស់​ពួកគេ​ចំពោះ​ចំណុច​ឯកច្ឆន្ទ​ចំនួន ៥ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ស្នើ​ដំបូង​កាលពី​ខែ​មេសា​កន្លង​ទៅ​នេះ។

សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​មាន​ការ​ចាត់​វិធានការ​ឱ្យ​បាន​ខ្លាំងក្លា​នៅ​ក្នុង​ការ​ប្រជុំ​បន្ទាន់​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ។

លោក Daniel Kritenbrink ដែល​ជា​មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត បាន​និយាយ​នៅ​ក្នុង​ពិធី​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ថា របប​យោធា​មីយ៉ាន់ម៉ា​បាន​ដឹកនាំ​ឱ្យ​មាន «ការ​បំផ្លាញ​ទាំងស្រុង​លើ​ការ​វិវឌ្ឍ​ទាំង​អស់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ» នៅ​ពេល​ដែល​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា មនុស្ស​ជាង ២.៣០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​យោធា​លើ​ក្រុម​ប្រឆាំង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​ដែល​តាមដាន​ស្ថានការណ៍​នេះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕