រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN បាននិយាយជាថ្មីទៀតអំពីកង្វល់យ៉ាងខ្លាំងរបស់ពួកគេដល់កំណើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយត្រូវចេញផ្សាយនៅទីបញ្ចប់នៃការប្រជុំរបស់ពួកគេនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍នេះប្រទេសជាតិទាំង១០នៃសមាគមអាស៊ានបាននិយាយថាការបង្ហោះកាំជ្រួចមីស៊ីល ផ្លោងនិងការពិសោធន៍បរមាណូកាលពីពេលថ្មីៗនេះដោយប្រទេសកូរ៉េខាងជើងគំរាមកំហែងសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់និងក្នុងពិភពលោក។
ពួករដ្ឋមន្ត្រីទាំងនេះបានថ្លែងថា «យើងនិយាយបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់យើងដល់ការធ្វើដោយសន្តិវិធីឱ្យឧបទ្វីបកូរ៉េគ្មានអាវុធបរមាណូទាំងស្រុង អាចពិនិត្យផ្ទៀងផ្ទាត់បាននិងមិនអាចប្រែក្រឡះបាន...»។
នៅពេលអញ្ជើញទៅដល់ក្រុងម៉ានិលនៅថ្ងៃសោរ៍នេះលោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang kyung-Wha បានមានប្រសាសន៍ថាលោកស្រីស្វាគមន៍ឱកាសនិយាយជាមួយលោក Ri Hong-Yo សមភាគីកូរ៉េខាងជើងរបស់លោកស្រីនៅក្នុងវេទិកាតំបន់ ASEAN ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ។ វេទិកាប្រចាំឆ្នាំនេះប្រមូលផ្តុំប្រទេសជាតិ២៧ដោយមានរួមបញ្ចូលប្រទេសកូរ៉េទាំងពីរ, ប្រទេសរុស្ស៊ីនិងស.រ.អា.ផងដែរ។
គេរំពឹងថាលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson នឹងអញ្ជើញទៅដល់ក្រុងម៉ានីលនៅថ្ងៃសៅរ៍នេះហើយនឹងចាប់ផ្តើមជួបជាមួយពួកមនុស្សមួយចំនួននៅថ្ងៃអាទិត្យស្អែកនេះ៕