មេដឹកនាំ​អាស៊ាន​បន្ត​ជំរុញ​ឱ្យ​មីយ៉ាន់ម៉ា​អនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​ ខណៈ​កម្ពុជា​ចង់​ឃើញ​ការពិភាក្សា​ដោយ​ការយោគយល់គ្នា

មេដឹកនាំប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាននិង​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាងកើត​លោក Xanana Gusmao ថតរូប​ជុំគ្នា​នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថ្ងៃ​ទី​មួយ​ មេ​ដឹកនាំ​អាស៊ាន​បាន​សម្រេច​ថា ​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ​ដែល​ជា​សមាជិក​អាស៊ាន​ នៅ​តែ​ជា​ឯកសារ​យោង​ដ៏​សំខាន់ ដើម្បី​នាំ​ប្រទេស​មួយ​នេះ​មក​រក​សន្តិភាព​វិញ​ ក្រោយ​រង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ពី​ក្រុម​យោធា​រយៈ​ពេល​ជាង​២ឆ្នាំ​កន្លះ​មក​ហើយ។​

កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១ ​ពោល​គឺ​២​ខែ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​៥​ ចំណុច​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​តានតឹង​នយោបាយ​ ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋ​ប្រហារ​យោធា ​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។​ ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​ ៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​មេ​ដឹកនាំ​អាស៊ាន​មើល​ឃើញ​ថា​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ដោយ​មេ​ដឹកនាំ​យោធា​ឡើយ។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ ដែល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​រយៈ​ពេល​៣​ថ្ងៃ ​ក៏​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​ផ្លែផ្កា​លើ​បញ្ហា​មីយ៉ាន់ម៉ា ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដោយ​ការ​យោគ​យល់​គ្នា​ និង​ឈរ​លើ​នយោបាយ​ឈ្នះឈ្នះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា ​មេ​ដឹកនាំ​អាស៊ាន​បាន​លើក​ឡើង​ថា ​អាស៊ាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ដែល​បន្ត​កើត​ឡើង​ ហើយ​អាស៊ាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិភាព​ និង​យូរ​អង្វែង​ ហើយ​មីយ៉ាន់ម៉ា​នៅ​តែ​ជា​ផ្នែក​មួយ​សំខាន់​របស់​អាស៊ាន។ ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​នោះ​ មេ​ដឹកនាំ​អាស៊ាន​នៅ​តែ​រក្សា​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ជា​ឯកសារ​យោង​សំខាន់​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ទាំង​អស់។

មេ​ដឹកនាំ​អាស៊ាន​បន្ត​រក្សា​សេចក្តី​សម្រេច​ថា​ តំណាង​មិន​មែន​នយោបាយ​អាច​ត្រូវ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន។ ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា ​និង​មេ​ដឹកនាំ​យោធា​មិន​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​២​ឆ្នាំ​ជាប់​គ្នា​ គឺ​នៅ​គ្រា​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ​២០២២​ និង​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​នេះ។​

មេ​ដឹកនាំ​អាស៊ាន​ក៏​បាន​សម្រេច​ថា​ ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៦​ ត្រូវ​ប្រគល់​ទៅ​ប្រទេស​ហ្វីលីពីន​ មិន​មែន​មីយ៉ាន់ម៉ា​ឡើយ។ ​មេ​ដឹកនាំ​អាស៊ាន​មិន​បាន​បញ្ជាក់​ហេតុ​ផល​លើ​ការ​សម្រេច​នេះ​ឡើយ។​ ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៤​ គឺ​ប្រទេស​ឡាវ ​និង​ឆ្នាំ​២០២៥ ​គឺ​ប្រទេស​ម៉ាឡេស៊ី។​

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ Joko Widodo ​បាន​ថ្លែង​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​លើ​បញ្ហា​មីយ៉ាន់ម៉ា​ថា​ កិច្ច​ព្រម​ព្រៀង​៥​ចំណុច​នៅ​តែ​ជា​«ការ​ណែនាំ​ដ៏​សំខាន់»​របស់​អាស៊ាន។​

លោក ​Yulius P Hermawan ​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ ​Parahyangan Catholic University ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សេចក្តី​សម្រេច​រួម​របស់​អាស៊ាន​គឺ​ជា​អ្វី​ដែល​អាស៊ាន​អាច​ធ្វើ​បាន​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។​

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា៖​ «មេ​ដឹកនាំ​អាស៊ាន​ពិត​ជា​ដឹង​ថា​មិន​មាន​វឌ្ឍនភាព​ច្រើន​ ឬ​សំខាន់​ ដែល​ធ្វើ​ឡើង​ដោយ​របប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​គោរព​កិច្ច​ព្រម​ព្រៀង​៥​ចំណុច។​ ប៉ុន្តែ​អាស៊ាន​មិន​មាន​វិធាន​ការ​ខ្លាំង​ជាង​នេះ​ឡើយ»។​

លោក​បន្ថែម​ថា​ ​ការ​ព្យួរ​សមាជិក​ភាព​របស់​មីយ៉ាន់ម៉ា​ពី​សមាគម​អាស៊ាន​ ឬ​ក៏​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​មួយ​នេះ ​មិន​មែន​ជា​វិធានការ​របស់​អាស៊ាន​ឡើយ។ ​លោក​បញ្ជាក់​ថា ​អ្វី​ដែល​ជា​វិធានការ​ខ្លាំង​ក្លា​នោះ​ គឺ​ការ​មិន​អនុញ្ញាត​តំណាង​នយោបាយ​ចូល​រួម​កិច្ច​ប្រជុំ​របស់​អាស៊ាន។​

មួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​រំឭក​ដំណើរ​ទស្សន​កិច្ច​របស់​ឪពុក​របស់​លោក ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​គោល​បំណង​ស្វែង​រក​សន្តិភាព​ក្នុង​ប្រទេស​មួយ​នេះ ​និង​ចែក​រំលែក​បទ​ពិសោធន៍​នៃ​នយោបាយ​ឈ្នះឈ្នះ​ ដែល​កម្ពុជា​ប្រើប្រាស់​ដើម្បី​បញ្ចប់​សង្រ្គាម​ផ្ទៃ​ក្នុង។ ​លោក ​ហ៊ុន ម៉ាណែត ​បន្ថែម​ថា ​អាស៊ាន​ចាំបាច់​ត្រូវ​គេច​ឲ្យ​ផុត​ពី​ការ​ប្រើប្រាស់​កម្លាំង​យោធា​លើ​ប្រទេស​អធិបតេយ្យ​ណា​មួយ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ភាគី​ម៉ាឡេស៊ី​បាន​អំពាវនាវ​ឲ្យ​អាស៊ាន​ចាត់​វិធាន​ការ​ខ្លាំង​ក្លា​ទៅ​លើ​ប្រទេស​មីយ៉ាន់ម៉ា។​

រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី​ លោក​ Zambry Abdul Kadir​ ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ថា ​ម៉ាឡេស៊ី ​និង​សមាជិក​មួយ​ចំនួន​ផ្សេង​ទៀត​បាន​បញ្ចេញ​ជា​គំនិត​ថា​ អាស៊ាន​មិន​អាច​អនុញ្ញាត​ឲ្យ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បន្ត​កើត​ឡើង​ដោយ​មិន​មាន​វិធានការ​ខ្លាំងក្លា ​និង​មាន​ប្រសិទ្ធ​ភាព​ឡើយ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឡើយ​ថា​ តើ​សមាជិក​អាស៊ាន​ណា​ខ្លះ​ដែល​បាន​បញ្ចេញ​គំនិត​អំពី​វិធានការ​ខ្លាំង​ក្លា​លើ​របប​យោធា​នោះ។​

ជា​ការ​ឆ្លើយ​តប​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ភូមា​ ឈ្មោះ​ Global New Light of Myanmar​ ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ាន​ និង​ថា​សេចក្តី​សម្រេច​របស់​អាស៊ាន​មាន​«ភាព​លម្អៀង ​និង​ធ្វើ​ឡើង​តែ​ម្ខាង»។​ របប​យោធា​ក៏​អំពាវនាវ​ឲ្យ​អាស៊ាន​ប្រកាន់​ខ្ជាប់​តឹងរ៉ឹង​នូវ​បទ​បញ្ញត្តិ​និង​គោល​ការណ៍​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អាស៊ាន​ ជា​ពិសេស​ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​សមាជិក។​

សមាគម​អាស៊ាន​ដែល​បច្ចុប្បន្ន​មាន​១០​ប្រទេស​ប្រកាន់​ខ្ជាប់​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស ​ជា​សមាជិក​និង​អនុវត្ត​គោល​ការណ៍​មូលមតិ​ជា​ឯកច្ឆន្ទ ​ឬ​កុងសង់ស៊ីស​ ដែល​មាន​ន័យ​ថា​ ​សំឡេង​គាំទ្រ​ពី​សមាជិក​ទាំង​អស់ ​ទើប​អាច​សម្រេច​លើ​កិច្ច​ការ​អ្វី​មួយ។​
ក្នុង​ពេល​មាន​កំណើន​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​ពី​សំណាក់​ប្រទេស​មហា​អំណាច​ សមាគម​អាស៊ាន​បាន​ខិត​ខំ​ប្រឹង​ប្រែង ​ដើម្បី​ពង្រឹង​ការ​រួបរួម​គ្នា ​និង​ពង្រឹង​មជ្ឈភាព​ ឬ​ភាព​នៅ​ជា​កណ្តាល​របស់​ខ្លួន។​

នៅ​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​អង្គារ​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​នេះ ​បាន​ថ្លែង​ថា​ អាស៊ាន​យល់​ព្រមគ្នា​មិន​ក្លាយ​ជា​អាយ៉ង​របស់​ប្រទេស​មហា​អំណាច​ណា​មួយ​ឡើយ ​បើ​ទោះ​ការ​ប្រឈម​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន៕​