ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ថា អាស៊ាន​ត្រូវ​ពង្រឹង​មជ្ឈភាព ខណៈ​មេដឹកនាំ​ឥណ្ឌូណេស៊ី​ថា អាស៊ាន​មិន​មែន​ជា​អាយ៉ង​ឡើយ


មេដឹកនាំប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាននិង​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាងកើត​លោក Xanana Gusmaoនៅក្នុងពិធីបើក​វេទិកា​អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) ដែល​ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
មេដឹកនាំប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាននិង​នាយក​រដ្ឋមន្រ្តី​ទីម័រ​ខាងកើត​លោក Xanana Gusmaoនៅក្នុងពិធីបើក​វេទិកា​អាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក (AIPF) ដែល​ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

នៅ​មុន​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ផ្លូវ​ការ​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​ដែល​ទើប​បង្ហាញ​មុខ​លើក​ដំបូង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ បាន​លើក​ឡើង​ថា​ ​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​ត្រូវ​តែ​ពង្រឹង​ការ​រួបរួម​គ្នា ​និង​មជ្ឈភាព ​ឬ​ភាព​នៅ​កណ្តាល​របស់​ខ្លួន​ ក្នុង​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​កាន់​តែ​ខ្លាំង។

លោក ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន​ ដែល​ជា​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​មួយ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​រវាង​មហា​អំណាច​កាន់​តែ​តឹង​តែង ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​បន្ត​បន្ទាប់សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​ពិភព​លោក​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​ លោក​បន្ថែម​ថា​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​សន្តិភាព​ សន្តិសុខ​ និង​ការ​រីក​ចម្រើន​របស់​អាស៊ាន​ទាំង​មូល។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត (ស្តាំ) និង​នាយក​រដ្ឋមន្ត្រី​ព្រុយណេ​លោក Hassanal Bolkiah (ឆ្វេង) ចូលរួម​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត (ស្តាំ) និង​នាយក​រដ្ឋមន្ត្រី​ព្រុយណេ​លោក Hassanal Bolkiah (ឆ្វេង) ចូលរួម​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ជា​ភាសា​អង់គ្លេស​ដោយ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «នៅ​ក្នុង​ស្មារតី​នេះ​ អាស៊ាន​ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង​ការ​រួបរួម​គ្នា​ និង​មជ្ឈភាព​របស់​ខ្លួន​ និង​ធ្វើ​ឲ្យ​រីក​ចម្រើន​ដំណើរ​ការ​កសាង​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ ដើម្បី​ធ្វើ​ឲ្យ​អាស៊ាន​មាន​ចីរភាព​ ជា​តំបន់​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត​ និង​ជា​មជ្ឈ​មណ្ឌល​សំខាន់​មួយ​នៃ​ភាព​រីក​ច្រើន ​ដែល​អាច​ចែក​រំលែក​ស្មើ​គ្នា ​និង​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់»។​

ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ថ្ងៃ​អង្គារ​នេះ​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​លោក​ ចូកូ វីដូដូ ​(Joko Widodo)​ បាន​ថ្លែង​ថា​ ភាព​ខុស​គ្នា​នៃ​មតិ​ជា​ដំណើរ​មួយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ មិន​មែន​ជា​ការ​បែក​បាក់​គ្នា​ឡើយ។​ លោក​បន្ថែម​ថា​ ពិភព​លោក​កំពុង​មាន​ការ​ប្រឈម​កាន់​តែ​ខ្លាំង​នៃ​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច។​

លោក​ថ្លែង​ថា៖​ «ការ​ប្រឈម​នា​ពេល​អនាគត​កាន់​តែ​ធ្ងន់​ជាង​មុន ​ហើយ​ការ​ប្រឈម​ទាំង​នោះ​បង្ក​ជា​ការ​ប្រកួត​ប្រជែង ​ដើម្បី​មាន​ឥទ្ធិពល​ពី​មហា​អំណាច។​ ទោះ​ជា​យ៉ាង​ណា ​អាស៊ាន​យល់​ព្រម​គ្នា​មិន​ក្លាយ​ជា​អាយ៉ង​របស់​ប្រទេស​មហា​អំណាច​ណា​មួយ​ឡើយ​ ហើយ​សហការ​ជាមួយ​អ្នក​ណា​ក៏​ដោយ​ គឺ​ដើម្បី​សន្តិភាព និង​ភាព​រីក​ចម្រើន»។​

លោក​ប្រធានាធិបតី​បន្ថែម​ថា​ អាស៊ាន​ត្រូវ​តែ​ធានា​ថា​ នាវា​ដែល​សំដៅ​លើ​អាស៊ាន​ត្រូវ​បន្ត​ធ្វើ​ដំណើរ ​ហើយ​អាស៊ាន​ត្រូវ​តែ​ជា​អ្នក​បញ្ជា​នាវា​ខ្លួន​ឯង​ ដើម្បី​សម្រេច​ឲ្យ​បាន​សន្តិភាព។​

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ថា​ ជំហរ​របស់​កម្ពុជា​គាំទ្រ​និន្នាការ​ពហុភាគី​និយម ​សណ្តាប់​ធ្នាប់​អន្តរ​ជាតិ​ដែល​ផ្អែក​លើ​ច្បាប់ ​និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក ​ដើម្បី​ការពារ​និង​លើក​កម្ពស់​សន្តិភាព​ទាំង​នៅ​ក្នុង​ប្រទេស ​និង​ក្នុង​ពិភព​លោក។​

អ្នកស្រី ​Dinna Prapto Raharja​ អ្នក​វិភាគ​និង​ជា​សាស្រ្តា​ចារ្យ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​ទីក្រុង​ហ្សាការតា ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ថ្លែង​របស់​លោក​ ចូកូ វីដូដូ​ ចង់​បង្ហាញ​ទៅ​កាន់​ដៃ​គូ​របស់​អាស៊ាន​ថា​ កុំ​រំពឹង​ថា​ សមាជិក​អាស៊ាន​ណា​មួយ​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​របស់​ប្រទេស​មហា​អំណាច។​ អ្នកស្រី​បន្ថែម​ថា ​ស្រប​ពេល​ជាមួយ​គ្នា ​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ក៏​លើក​ឡើង​សារ​ដូច​គ្នា​នេះ​ដែរ​ថា. ​អាស៊ាន​ត្រូវ​តែ​រួប រួម​គ្នា ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា៖ «នេះ​មិន​ងាយ​ស្រួល​ទេ តាម​ពិត​ទៅ។ ការ​និយាយ​វា​ស្រួល​ជាង​ធ្វើ។ ជាក់​ស្តែង សមាជិក​អាស៊ាន​មួយ​ចំនួន​កំពុង​តែ​សំឡឹង​មើល​រួច​ទៅ​ហើយ នៅ​ក្នុង​កម្រិត ណា​មួយ​នោះ ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ជាង​មុន​លើ​មហា​អំណាច​សម្រាប់​សន្តិសុខ​នយោបាយ ​និង​ការ​ការពារ​ផ្នែក​សេដ្ឋកិច្ច ​ក្នុង​កាលៈ​ទេសៈដែល​មិន​មាន​ភាព​ប្រាកដ​ប្រជា​នា​ពេល​នេះ»។​

បើ​តាម​ក្រសួង​ការ​បរទេស​កម្ពុជា ​របៀប​វារៈ​សំខាន់ៗ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​រួម​មាន​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ស្តីពី​មីយ៉ាន់ម៉ា ​និង​សេចក្តី​សម្រេច​ផ្សេងៗ​ទៀត​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន។​ ថ្នាក់​ដឹក​នាំ​អាស៊ាន​ក៏​នឹង​ពិភាក្សា​លើ​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​តំបន់​ និង​អន្តរ​ជាតិ​ដែល​ជា​ក្តី​បារម្ភ​រួម។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ បញ្ហា​ស្ថិរភាព​ក្នុង​តំបន់​ រួម​មាន​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច ​នឹង​ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន។​

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​រាប់​ទស​វត្សរ៍​មក​ហើយ​រវាង​ប្រទេស​ចិន ​និង​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន​ រួម​មាន​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ព្រុយណេ។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​ប្រទេស​វៀតណាម ​ហ្វីលីពីន ​និង​ម៉ាឡេស៊ី ​បាន​បង្ហាញ​ការ​ខឹង​សម្បា​ ក្រោយ​ចិន​បាន​បង្ហាញ​ផែន​ទី​ថ្មី​(10-dash line)​ ដែល​លាត​សន្ធឹង​កាន់​តែ​ធំ​នៅ​លើ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ ក៏​មាន​ការ​ចូលរួម​ពី​មេ​ដឹកនាំ​ពិភព​លោក​មួយ​ចំនួន​ផង​ដែរ​ រួម​មាន​អនុ​ប្រធានាធិបតី​អាមេរិក ​អ្នកស្រី ​Kamala Harris​ និង​នាយក​រដ្ឋមន្រ្តី​ចិន​ លោក​ Li Qiang។ ​មេ​ដឹកនាំ​ប្រទេស​ផ្សេង​ទៀត​ដែល​ចូល​រួម​ រួម​មាន​ជប៉ុន​ រុស្ស៊ី ​កូរ៉េ​ខាង​ត្បូង ​ឥណ្ឌា​ អូស្រ្តាលី ​និង​កាណាដា​ជា​ដើម។​ រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​ក៏​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។​

ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden​ មិន​បាន​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ឡើយ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​សំណួរ​អំពី​អវត្តមាន ​និង​ការ​មិន​ផ្តល់​តម្លៃ​ដល់​អាស៊ាន។​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ​លោក ​Biden​ មិន​បាន​ផ្តល់​តម្លៃ​ទាប​ដល់​តំបន់​អាស៊ាន​សម្រាប់​អាទិភាព​ភូមិសាស្ត្រ​នយោបាយ​នោះ​ឡើយ​ និង​បាន​លើក​ឡើង​ពី​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ Biden​ ដើម្បី​ចូលរួម​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ជា​មួយ​តំបន់​អាស៊ាន។​

លោក ​Joe Biden ​នឹង​ធ្វើ​ដំណើរ​មក​ទ្វីប​អាស៊ី​ ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០​ ឬ​G20​ នៅ​ប្រទេស​ឥណ្ឌា។ ​ហើយ​បន្ទាប់​មក​ លោក​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ក្នុង​ប្រទេស​វៀតណាម​ នា​ចុង​សប្តាហ៍​នេះ​ ដើម្បី​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG