អាស៊ាន​កំពុង​​រៀបចំ​សម្ពោធន៍​សហគមន៍​សេដ្ឋកិច្ច​រួម

  • Steve Herman

លោក Anifah Aman រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ ASEAN លើក​ទី២៧ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។​

ខណៈ​ដែល​អំពើ​ភេរវកម្ម​ និង​ជម្លោះ​ដែន​ទឹកដី​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ ពាណិជ្ជ​កម្មនៅ​ក្នុង​តំបន់​ក៏​គួរ​តែ​ជា​ប្រធាន​បទ​គន្លឹះ​មួយ​ទៀត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នោះ​ដែរ។​

កិច្ច​ប្រជុំ​កម្រិត​កំពូល​ចុង​ក្រោយ​របស់​អង្គការ​សេដ្ឋកិច្ច​ និង​នយោបាយ​របស់​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ដំណើរ​ការ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ម៉ាឡេស៊ី ​នៅ​ចំ​ពេល​ដែល​ក្រុម​មន្ត្រី​ហៅ​ថា ​ជា​ពេល​ដែល​ត្រូវ​បង្កើន​សន្តិសុខ​ទ្វេដង​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ផ្តាច់​ផ្តិល​ជីវិត​នៅ​ទីក្រុង​ប៉ារីស។​

ខណៈ​ដែល​អំពើ​ភេរវកម្ម​ និង​ជម្លោះ​ដែន​ទឹកដី​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ ពាណិជ្ជ​កម្មនៅ​ក្នុង​តំបន់​ក៏​គួរ​តែ​ជា​ប្រធាន​បទ​គន្លឹះ​មួយ​ទៀត​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នោះ​ដែរ។​

កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​អាស៊ាន​ នៅ​ក្នុង​សប្តាហ៍​នេះ ​គឺ​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយ​គេ មុន​ពេល​បើក​សម្ពោធន៍​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅថ្ងៃទី​៣១​ ខែ​ធ្នូ​នេះ។​

ប៉ុន្តែ​សម្រាប់​សហគមន៍​ពាណិជ្ជ​កម្ម​វិញ ​ពួក​គេ​មាន​ការ​រំពឹង​តិចតួច​ណាស់​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​នេះ​ ទោះ​បី​ជា​មាន​វត្តមាន​របស់​មេ​ដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​នៅក្នុង​តំបន់​និង​ក្រៅតំបន់​នេះ​ក៏​ដោយ។​

លោក ​Anthony Nelson​ គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពាណិជ្ជ​កម្ម​អាមេរិក-អាស៊ាន។

«កិច្ច​ប្រជុំ​ក្នុង​ខែវិច្ឆិកា​នេះ​រួម​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ​ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​បញ្ហា​សន្តិសុខ​ និង​នយោបាយ។​ ដូច្នេះ​បញ្ហា​ទាំង​នោះ​នឹង​ក្លាយ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​អ្វី​ដែល​កើត​ឡើង​ជុំវិញ​កិច្ច​ប្រជុំ​កំពូល​នេះ។ ​កិច្ច​ការ​ជា​ច្រើន​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម​ ទំនង​បាន​កើត​ឡើង​ជុំវិញ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ កាលពី​ខែ​សីហា»។

សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន ​ដែល​នឹង​មាន​វិសាល​ភាព​សេដ្ឋកិច្ចប្រហាក់​ប្រហែល​នឹង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​៧​ក្នុង​ពិភពលោក ​មាន​គោល​បំណង​បង្កើត​ទី​ផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង។ ​អ្នក​រៀបចំ​សង្ឃឹម​ថា ​សហគម៍​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​លំហូរ​ដោយ​សេរី​នៃ​ទំនិញ​ សេវាកម្ម ​វិនិយោគទុន ​ពលកម្ម​ជំនាញ និង​មូលធន​ទូទាំង​តំបន់​អាស៊ាន​ ដោយ​ធ្វើ​ឲ្យ​តំបន់​នេះ​ទាំងមូល​ក្លាយ​ជា​តំបន់​ ដែល​មាន​ការ​រីក​ចម្រើន ​និង​កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាង​មុន។​

ប៉ុន្តែ ​នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ចនេះ​មាន​រូបរាងពិតប្រាកដនៅឆ្នាំ​ក្រោយ​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ គេ​នឹង​ឃើញ​មាន​ការផ្លាស់ប្តូរ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ដំណាក់​កាល​ដំបូង​ ដោយ​សារ​តែនៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​គេ​ត្រូវ​ធ្វើ។​

«ក្នុង​គម្រោង​គយ​រដ្ឋាករ​មួយដែល​គេ​ហៅ​ថា ​បង្អួច​តែ​មួយ​របស់​អាស៊ាន ​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ​ប៉ុន្តែ​ដោយ​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ​ ពួកគេ​នឹង​សាកល្បង​អនុវត្ត​ជាមួយ​ប្រទេស​ចំនួន​៥​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០។​ ធ្លាប់​មាន​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គុណភាព​នៃ​អ្នក​មាន​វិជ្ជាជីវៈ​ជំនាញ​រវាង​បណ្តា​ប្រទេស​អាស៊ាន​កាល​ពី​មុន​ដែរ ​ប៉ុន្តែ នៅតែ​មាន​កិច្ច​ការ​ជាច្រើន​ទៀត​ ដែល​ត្រូវ​ធ្វើ​ ទាក់ទង​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទាំង​នោះ»។​

អ្នក​រិះគន់​ខ្លះ​និយាយ​ថា​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ផ្តល់​ផល​ប្រយោជន៍​លើស​លុប​ដល់​ក្រុមហ៊ុន​ជាជាងពលរដ្ឋ​ភាគ​ច្រើន​នៅក្នុង​តំបន់​នេះ។​

សន្និសីទសង្គម​ស៊ីវិល​អាស៊ាន​ និង​វេទិកាប្រជា​ពលរដ្ឋ​អាស៊ាន​បាន​សម្តែង​ក្តី​កង្វល់​របស់​ពួក​គេ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​នេះ​នឹង​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​មិន​ស្មើភាព​គ្នា​ និង​គ្មាន​និរន្តរភាព ​ហើយ​នឹង​បណ្តាល​ឲ្យ​មាន​ភាព​ក្រីក្រ​ និង​វិសមភាព​ទ្រព្យ​សម្បត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។​

លោក ​Jerald Joseph ​គឺ​ជា​សហ​ប្រធាន​នៃ​វេទិកាប្រជា​ពលរដ្ឋ​អាស៊ាន។​

«កម្មករ​ចំណាក​ស្រុក​ឆ្លងដែន​មិន​ទទួល​បាន​ការ​ការពារ ​និង​ផល​ប្រយោជន៍​ក្នុង​កម្រិត​ដូចគ្នា​ នៅ​ក្នុង​កិច្ច​ចរចា​ទាំង​មូល​ទេ។ ​ដូច្នេះ ​វាគួរ​ឲ្យ​អាសូរ​បន្តិចបន្តួច​ដែរ​ និង​ជា​ការ​បាត់បង់​ឱកាស​ ប្រសិន​បើ​ការណ៍​នេះ​មិន​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅក្នុង​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​នា​ពេលខាង​មុខ​នេះ»។​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧នេះ​រួម​បញ្ចូល​ដៃគូសន្ទនា​របស់​អាស៊ាន​ផង​ដែរ​ ដែល​រួម​មាន​ ចិន​ ឥណ្ឌា​ ជប៉ុន​ និង​សហ​រដ្ឋ​អាមេរិក៕​

ប្រែ​សម្រួល​ដោយលោក ​សាយ មុន្នី