ក្នុងជំនួបមេដឹកនាំកំពូលនៅប្រទេសឡាវ ថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានបានប្តេជ្ញាថានឹងបន្តរក្សាមជ្ឈភាពអាស៊ានឬភាពនៅកណ្តាល ក្នុងទំនាក់ទំនងជាមួយប្រទេសក្រៅតំបន់ ខណៈបញ្ហាភូមិសាស្រ្តនយោបាយកាន់តែមានភាពតានតឹងខ្លាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ពាក់ព័ន្ធទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន ប្រមុខដឹកនាំបានអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការលើកកម្ពស់ និងពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងបរិបទនិម្មាបនកម្ម (សិល្ប៍ស្ថាបត្យកម្ម)តំបន់ដែលកំពុងតែវិវត្ត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់»។
ប្រមុខដឹកនាំក៏បានសង្កត់ធ្ងន់លើ«ភាពចាំបាច់»ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា អាស៊ាន និងដៃគូខាងក្រៅផ្សេងទៀតលើបញ្ហាដែលជាផលប្រយោជន៍ និងកង្វល់រួមដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា មជ្ឈភាពអាស៊ានគឺជាគោលការណ៍ច្បាប់ចាំបាច់មួយដែលល្អសម្រាប់ប្លុកអាស៊ាន ដើម្បីក្លាយជាតំបន់ដែលមានសន្តិភាពពិតប្រាកដ។ ប៉ុន្តែលោកថា បច្ចុប្បន្ននេះ មជ្ឈភាពឬភាពនៅកណ្តាលរបស់អាស៊ានហាក់បីមិនទាន់ចេញជារូបរាងនៅឡើយទេ ដោយសារតែបណ្តារដ្ឋជាសមាជិកអាស៊ានភាគច្រើនឈរលើអត្ថប្រយោជន៍នៃរដ្ឋសមាជិករៀងៗខ្លួន។ លោកបន្ថែមថា បញ្ហាជម្លោះសមុទ្រចិនខាងត្បូងរវាងសមាជិកអាស៊ានមួយចំនួនជាមួយចិនគឺជាឧទាហរណ៍។
លោកថ្លែងថា៖ «អាស៊ាន វាអត់ទាន់ឯកភាពគ្នាទេ។ ឈរលើគោលការណ៍កុងសង់ស៊ីស មានឯកភាពជាឯកច្ឆន្ទមែន តែអាស៊ានផ្អែកលើអត្ថប្រយោជន៍រដ្ឋរៀងៗខ្លួន។ អាស៊ាននៅមានទំនោរមហាអំណាចនយោបាយផ្សេងគ្នាក្នុងតំបន់។ វាអាចជាបរិបទបី អាស៊ានកម្ពុជា ឡាវ ត្រូវបានគេមើលឃើញថា នៅក្រោមឥទ្ធិពលចិន ហើយបណ្តាអាស៊ានប្រាំទៀតដែលឈ្លោះជាមួយចិន មានពីមុនបួន មានវៀតណាម ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ីឈ្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ងាកទៅរកមហាអំណាចលោកខាងលិចដែរ។ អាស៊ាននៅសេសសល់ គាត់ហាក់ដូចទាញយកអត្ថប្រយោជន៍ទាំងពីរ ទាំងសហរដ្ឋអាមេរិក ទាំងចិន»។
លោកបន្ថែមថា ដើម្បីសម្រេចបានគោលការណ៍មជ្ឈភាពអាស៊ានអ្នកនយោបាយនៅក្នុងតំបន់អាស៊ានទាំងអស់ត្រូវមានស្មារតីរួមជាមុនសិន មុននឹងឈានដល់ការលើកឡើងឬសម្រេចបាននូវមជ្ឈភាពអាស៊ាន។
ក្នុងឆ្នាំ២០២៥ខាងមុខនេះ ប្រទេសម៉ាឡេស៊ីនឹងធ្វើជាប្រធានអាស៊ានប្តូរវេន។ បើទោះបីជាប្រទេសនេះមានជម្លោះដែនទឹកជាមួយប្រទេសចិនក៏ដោយ អ្នកវិភាគនយោបាយរូបនេះយល់ឃើញថា ម៉ាឡេស៊ីនឹងមិនលើកយកបញ្ហាជម្លោះដែនទឹកមកជជែកគ្នាតានតឹងឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មដែលម៉ាឡេស៊ីទទួលបានពីចិន។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖«ប្រទេសច្រើន ..បួន ដែលគោលការណ៍កន្លងមកឈ្លោះជាមួយចិន។ ប៉ុន្តែមិនសូវហ៊ានលើកបញ្ហាចិនប្រឈមផ្ទាល់ទេ ចេះតែរុញឱ្យកម្ពុជា។ យើងឃើញតាំង២០១២ ឆ្នាំ២០២២[កម្ពុជាជាម្ចាស់ផ្ទះ]។ ប៉ុន្តែខ្ញុំគិតថា ប្រទេសទាំងអស់ហ្នឹងមានផលប្រយោជន៍វិញទេ ដូចម៉ាឡេស៊ីគាត់មានផលប្រយោជន៍ពាណិជ្ជកម្មជាមួយចិនធំ។ អ៊ីចឹងគាត់មិនយកបញ្ហាជម្លោះជាឧបសគ្គធំក្នុងការទាក់ទងជាមួយចិនទេ ព្រោះគាត់នៅតែមានការផ្លាស់ប្តូរជាមួយចិនធំណាស់ ទាំងចិន ម៉ាឡេស៊ី ទាំងវៀតណាម ទាំងហ្វីលីពីន។ អត្ថប្រយោជន៍បើគិតទៅធំជាងកម្ពុជា ដែលកម្ពុជាឈរជំហរហាក់បីដូចគាំទ្រចិនតែ បើគិតពីអត្ថប្រយោជន៍ដែលទំនាក់ទំនងជាមួយចិនតិចជាងបណ្តាប្រទេសមានជម្លោះជាមួយចិន»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថា អាស៊ានមិនអាចមានឥទ្ធិពលខ្លាំងទេ ដរាបណាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនៅតែមានបន្ត ហើយមហាអំណាចនៅតែព្យាយាមទាញសមាជិកអាស៊ានឱ្យទៅខាងខ្លួន។ ខណៈដែលកម្ពុជារងការរិះគន់ថា លម្អៀងខ្លាំងទៅកាន់ប្រទេសចិន លោក គិន ភា មើលឃើញថា កម្ពុជាកំពុងតែរក្សាជំហរមួយធានានូវទំនាក់ទំនងល្អជាមួយចិនផង សហរដ្ឋអាមេរិកផង និងធានាដល់មជ្ឈភាពអាស៊ាន ដើម្បីកុំឱ្យអាស៊ានបែកបាក់។
លោក គិន ភា បន្ថែមថា ប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៥ គឺប្រទេសម៉ាឡេស៊ីត្រូវដើរតួនាទីឈានមុខក្នុងការជំរុញការចរចាគ្នាឱ្យបានច្បាស់លាស់រវាងបញ្ហារបស់ខ្លួនជាមួយចិន និងធានាទំនាក់ទំនងល្អពីគ្រប់ភាគីទាំងអស់ ទាំងក្នុងនិងក្រៅអាស៊ាន។
លោកថ្លែងថា៖ «អ្វីដែលគាត់អាចធ្វើបាន គឺត្រូវធ្វើយ៉ាងណាជំរុញឱ្យមានការចរចាឱ្យបានរួចរាល់ជាមួយនិងប្រទេសចិន ដើម្បីធានាឱ្យមានដំណោះស្រាយមួយ ដោយសន្តិភាពសម្រាប់ជម្លោះទឹកដីជាមួយនឹងប្រទេសចិន ហើយក៏ត្រូវតែធ្វើយ៉ាងណា រក្សាឱ្យបានជំហរអព្យាក្រឹត្យមួយក្នុងការការពារផលប្រយោជន៍បណ្តារដ្ឋ ដែលមានការពាក់ព័ន្ធជាមួយសមុទ្រចិនខាងត្បូងផង ហើយធានាឱ្យបាននូវទំនាក់ទំនងរវាងអាស៊ានចិន និងរវាងអាស៊ានសហរដ្ឋអាមេរិក មិនអាចដើរតួនាទីជាភ្លើង ឬសាំងចាក់ទៅលើបញ្ហាដែលកំពុងតែក្តៅស្រាប់ទេ»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំមុនដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចកាន់តែតឹងតែងដែលនាំឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងការធ្វើពាណិជ្ជកម្ម។ លោកបន្ថែមថា ការប្រកួតប្រជែងរបស់មហាអំណាចមានសម្ពាធកាន់តែខ្លាំងទៅលើសន្តិភាព សន្តិសុខ និងការរីកចម្រើនរបស់អាស៊ានទាំងមូល។
នេះជាលើកទីពីរហើយដែលលោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចបានជាង១ឆ្នាំ បានបង្ហាញមុខនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវដែលជាម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវាងចន្ទន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕