មេដឹកនាំ​ប្រទេស​អាស៊ាន​បញ្ជាក់​ជាថ្មី​នូវ​ការតាំងចិត្ត​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា

មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានថតរូបរួមគ្នាក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន​នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុម​មេ​ដឹកនាំ​ប្រទេស​អាស៊ាន​មាន​ចំនួន​៩​ប្រទេស នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​បន្ទាន់​មួយ​ទៅ​លើ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​ដែល​បាន​អូស​បន្លាយ​មក​ជិត​២​ឆ្នាំ​នេះ។ ​

សេចក្តី​សម្រេច​ចិត្ត​បន្ទាន់​នេះធ្វើ​ឡើង​អំឡុង​ពេល​មេ​ដឹកនាំ​អាស៊ានបាន​ជួប​ជុំ​គ្នា​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​៤០​ និង​៤១​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ក្រោម​ការ​ឃ្លាំមើល​ពី​ដៃ​គូ​សន្ទនា​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន។​

មេ​ដឹកនាំ​អាស៊ាន​បាន​លើក​ឡើង​ថា មីយ៉ាន់ម៉ា​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​របស់​អាស៊ាន។ ​ហើយ​ដោយ​ពិចារណា​ថា​ ស្ថាន​ការណ៍​មីយ៉ាន់ម៉ានៅតែ​ធ្ងន់ធ្ងរ​ ​មាន​ភាព​ផុយ​ស្រួយ​ មាន​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ដែល​ជា​កង្វល់​ចម្បង​ និង​ប៉ះពាល់​មិន​ត្រឹម​តែ​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ប៉ះពាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​អាស៊ាន​ផង​នោះ​ ​អាស៊ាន​ប្តេជ្ញា​ចិត្ត​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ និង​យូរ​អង្វែង​សម្រាប់​វិបត្តិ​បច្ចុប្បន្ន។

បើ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​១៥​ចំណុច​សំខាន់ៗ​នោះ​ គឺ​កិច្ចព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ត្រូវ​តែ​នៅ​ជា​ឯកសារ​យោង​ដែល​មាន​សុពល​ភាព​ និង​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ទាំង​ស្រុង។ ​

ក្រុម​មេ​ដឹកនាំ​អាស៊ានបាន​លើក​ឡើង​តាម​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នោះ​ថា៖ ​«យើង​បាន​បញ្ជាក់​សារ​ជាថ្មី​ថា​ កិច្ច​ប្រជុំ​កំពូល​អាស៊ានគឺ​ជា​ស្ថាប័ន​សម្រេច​ចិត្ត​ខ្ពស់​បំផុត​ ហើយ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ រួម​ទាំង​នៅ​ពេល​ដែល​កុងសង់ស៊ីស​មិន​អាច​សម្រេច​បាន​ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន»។​

ក្រុម​មេ​ដឹកនាំ​អាស៊ាន​បាន​ទទូច​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ និង​អត់​ធ្មត់​ជា​អតិបរមា​ ហើយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​កាន់​អាវុធ​ គួរ​តែ​ទទួល​ខុស​ត្រូវ​ ដោយ​មាន​តម្លា​ភាព​ និង​ត្រូវ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា។​ ក្រុម​មេ​ដឹកនាំ​អាស៊ាន​កត់​សម្គាល់​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​គឺ​ជា​កម្លាំង​យោធា​ដ៏​ធំ​បំផុត​តែ​មួយ​គត់​នៅ​ក្នុង​មីយ៉ាន់ម៉ា។​

គួរ​រំឭក​ផង​ដែរ​ថា​ មេ​ដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ទេ ​ដោយសារ​តែ​គ្មាន​ភាព​ជឿន​លឿន​ទៅ​មុខ​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ ដែល​មាន​បំណង​ជំរុញ​ឲ្យ​មានការ​បញ្ចប់​អំពើ​ហិង្សា​ និង​ការ​ធ្វើ​ឲ្យ​មាន​កិច្ច​សន្ទនា​រវាង​ក្រុម​យោធា ​និង​ចលនា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ។​

ប្រមុខ​ដឹក​នាំ​ប្រទេស​អាស៊ាន​បញ្ជាក់​ទៀត​ថា​ អាស៊ាន​នឹង​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ និង​ដៃគូ​ខាង​ក្រៅ​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ ហើយ​អាស៊ាន​នឹង​ត្រូវ​ពិចារណា​រិះរក​វិធី​សាស្ត្រ​ផ្សេង​ទៀត​ ដែល​អាច​គាំទ្រដល់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ៕​