ក្រុមប្រមុខដឹកនាំរបស់ប្រទេសអាស៊ានបានវាយតម្លៃថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់របស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងពិធីបើកសម្ពោធន៍ពិព័រណ៍ពាណិជ្ជកម្មលើកទី១១នៅថ្ងៃអង្គារនេះរវាងប្រទេសចិន និងអាស៊ានក្នុងខេត្តណាននីង ភាគខាងត្បូងនៃប្រទេសចិន។
លោកកៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញនៅរសៀលថ្ងៃអង្គារនេះថា ប្រមុខដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានទាំងដប់បានកត់សម្គាល់ថា ប្រទេសចិនមានសារៈសំខាន់ទាំងផ្នែកសន្តិសុខ និងកិច្ចអភិវឌ្ឍន៍។
«តំណាងរបស់ប្រទេសអាស៊ានដទៃទៀតចាត់ទុកថា ទំនាក់ទំនងអាស៊ានចិននេះជាកត្តាមិនអាចខ្វះខាតបានក្នុងការរក្សាសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីយើងនេះ»។
សេចក្តីអះអាងនេះធ្វើឡើងក្រោយពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានវិលត្រឡប់ពីការចូលរួមបើកពិព័រណ៍ពាណិជ្ជកម្មចិននិងអាស៊ាន។ ពិព័រណ៍នេះមានក្រុមហ៊ុនរបស់ប្រទេសកម្ពុជាចូលរួមចំនួន៨០ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិសរុបក្នុងពិព័រណ៍នេះចំនួនជាង២៣០០ក្រុមហ៊ុន។
យោងតាមលោកកៅ គឹមហួនឲ្យដឹងថា ការវិនិយោគរបស់ប្រទេសចិនក្នុងសមាគមអាស៊ានមានទំហំជាង៥០០ពាន់លានដុល្លារ ហើយទេសចរចិនចំនួនជាង៥០០លាននាក់បានធ្វើដំណើរទស្សនាក្នុងបណ្តាប្រទេសជាសមាជិកនៃសមាគមអាស៊ានទាំងដប់ក្នុងមួយឆ្នាំៗ។ ប្រទេសសមាជិកអាស៊ានទាំងដប់រួមមានកម្ពុជា ប្រទេសវៀតណាម ឡាវ ថៃ ភូមា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហាបុរី និងប្រទេសប្រ៊ុយណេ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារពាណិជ្ជកម្មរបស់អាស៊ានយ៉ាងធំ និងជាប្រភពវិនិយោគទុនយ៉ាងធំរបស់សមាគមអាស៊ានផងដែរ។
«ប្រទេសចិនចង់ ឬមិនចង់គឺមានតួនាទីសំខាន់ស្រេចទៅហើយ នៅក្នុងអាស៊ាននេះ»។
ក្រៅពីប្រទេសចិន សមាគមប្រជាជាតិអាស៊ីអគ្នេយ៍ដែលហៅកាត់ថា សមាគមអាស៊ាននោះមានដៃគូពិភាក្សា និងវិនិយោគផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ឥណ្ឌា និងសហភាពអឺរ៉ុបផងដែរ។
លោកកៅ គឹមហួនបន្ថែមថា ប្រទេសចិនបានបង្ហាញជំហររបស់ខ្លួនគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់អាស៊ាន និងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយនៅឆ្នាំ២០១៥។
ដោយឡែកនៅក្នុងការបើកសម្ពោធន៍ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិននៅថ្ងៃនេះដែរប្រទេសចិនបានកត់សម្គាល់លើសារៈសំខាន់នៃភាពជាដៃគូជាមួយអាស៊ាននៅលើកត្តាចំនួនប្រាំមួយ។ ក្នុងនោះគឺមានការកសាងជំនឿទុកចិត្តផ្នែកនយោបាយ ការធ្វើឲ្យប្រសើរក្នុងការជំរុញការវិនិយោគអាស៊ាន និងចិន ការពង្រឹងចំណងតភ្ជាប់រវាងអាស៊ាន និងចិន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រ ជាពិសេសលើវិថីសូត្រសមុទ្រ ដែលជាវិថីពាណិជ្ជកម្មតាមច្រកសមុទ្រ ការជំរុញទីផ្សារអនុតំបន់ទន្លេមេគង្គនិងចំណុចចុងក្រោយគឺការជំរុញកិច្ចសហការរវាងប្រជាជនចិននិងប្រជាជនក្នុងតំបន់អាស៊ាន៕