រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​​និង​កម្ពុជា​អំពាវនាវ​ឱ្យ​មាន​ការ​អត់​ធ្មត់​ខ្ពស់​ចំពោះ​ការ​វិវត្ត​ចុង​ក្រោយ​នៅ​កោះ​តៃវ៉ាន់

បុរស​ម្នាក់​​ទស្សនា​ការ​ផ្សាយ​ព័ត៌មាន​ពី​ទូរទស្សន៍​រដ្ឋ​ចិនCCTV អំពី​សមយុទ្ធ​យោធា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​កោះ​តៃវ៉ាន់​ ក្រោយ​ដំណើរ​ទស្សនកិច្ច​យ៉ាង​តក់​ក្រហល់​របស់​ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Nancy Pelosi​ ទៅ​ដែន​កោះ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​វិវត្ត​ឆ្លងច្រក​សមុទ្រ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ទី​៣​ ខែ​សីហា​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ លើក​ឡើង​អំពី​កង្វល់​ចំពោះ​ភាព​ផុយ​ស្រួយ​នៃ​ស្ថានការណ៍​តំបន់​ និង​អន្តរជាតិ​ ជាពិសេស​ការ​វិវត្ត​ថ្មីៗ​នេះ​ នៅ​តំបន់​ក្បែរ​អាស៊ាន​ ដែល​អាច​បង្ក​អស្ថិរភាព​ដល់​តំបន់​ ហើយ​អាច​នឹង​នាំ​ឱ្យ​មាន​«ការ​គណនា​ខុស​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់​ធ្ងរ​ ជម្លោះ​ដោយ​ចំហរ​ និង​ផល​វិបាក​ដែល​មិន​អាច​ព្យាករ​បាន​ ក្នុង​ចំណោម​មហា​អំណាច»។ ​

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​មិន​បាន​ថ្លែង​ចំៗ​អំពី​កោះ​តៃវ៉ាន់​ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​មាន​«ការ​អត់​ធ្មត់​ជាអតិបរមា»​នៅ​ចំពោះ​មុខ​នឹង​ស្ថាន​ការណ៍​វិវត្ត​ចុងក្រោយ​នៅ​កោះតៃវ៉ាន់​ ហើយ​ភាគីពាក់​ព័ន្ធ​ ត្រូវ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​នានា​ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ និង​សន្ធិសញ្ញា​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ទៀត​ថា៖ ​«យើង​រំឭក​ឡើង​វិញ​ពី​ការ​គាំទ្រ​របស់​ប្រទេស​សមាជិក​អាស៊ាន​ ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ដែល​ដាក់​ចេញ​ដោយ​ប្រទេស​នីមួយៗ»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​ប្តូរវេន ចូលរួម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ានរួម​ក្នុង​ពិធី​ចាប់ដៃគ្នា នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ បន្ថែម​ទៀត​ថា​ ពិភពលោក​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ភាព​ឈ្លាសវៃ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​ទាំង​អស់​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ពហុភាគី​និយម​ និង​ភាព​ជា​ដៃគូ​ ហើយ​អាស៊ាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ដើរ​តួនាទី​ប្រកប​ដោយ​ស្ថាបនា​ក្នុង​ការ​សម្រប​សម្រួល​ការ​សន្ទនា​ដោយ​សន្តិវិធី​រវាង​គ្រប់​ភាគី​ រួម​ទាំង​តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ ការពារ​សន្តិភាព​ សន្តិសុខ​ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់។​

ដោយឡែក​ ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បាន​ឱ្យ​ដឹង​អំពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ចំពោះ​ ការ​កើន​ឡើង​នូវភាព​តាន​តឹង​ថ្មីៗ​ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ស្នើសុំ​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​គោរព​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ និង​សហរដ្ឋ​អាមេរិក​ ដូច​ដែល​មាន​ចែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នានា​កន្លង​មក​រវាង​ភាគី​ទាំង​ពីរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​បញ្ជាក់​ជា​ថ្មី​ថា៖ ​«រាជ​រដ្ឋាភិបាល​កម្ពុជា​ ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​ គោល​នយោបាយ​ចិន​តែ​មួយ​ ដោយ​ឥត​ងាក​រេ​ ហើយ​ចាត់​ទុក​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​ហុងកុង​ តៃវ៉ាន់​ ទីបេ​ និង​ស៊ីនជាំង​ (Xinjiang) ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​ និង​ជា​សិទ្ធិ​អធិបតេយ្យ​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន»។​

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ ​«រាជរដ្ឋាភិបាល​កម្ពុជា​ សូម​អំពាវនាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ស្វះស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​ រក្សា​ស្ថានភាព​ដើម​ និង​ចៀស​វាង​ការ​បង្ក​ហេតុ​ដើម្បី​បុព្វ​ហេតុ​នៃ​សន្តិភាព​ ស្ថិរភាព​ វឌ្ឍនភាព​ និង​វិបុល​ភាព​នៅ​ក្នុង​តំបន់​ និង​ពិភពលោក»។​

រូបថត​ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV នេះ​បង្ហាញ​ពី​មីស៊ីល​ត្រូវ​បាន​បាញ់​ចេញ​ពី​កន្លែង​ដែល​គេ​មិន​ដឹង​មួយ​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លោក ​គង់ ភោគ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អាស៊ាន​ក៏ដូច​ជា​កម្ពុជា​មាន​កង្វល់​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហា​អំណាច​ទាំង​ពីរ​ និង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​គោរព​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទាំងឡាយ​ដែល​សម្រេច​បាន​កន្លង​មក​ដើម្បី​រក្សា​ស្ថានភាព​ឱ្យ​នៅ​ដូច​ដើម។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស​ ហើយ​ត្រូវ​បាន​ប្រែសម្រួល​ជា​ខេមរភាសា​តាម​ន័យ​ដើម​ថា៖​ «រឿង​មួយ​ដែល​ខ្ញុំ​បន្ត​បញ្ជាក់​ពេល​នេះ​គឺ​ថា​ ប្រទេស​ទាំង​អស់​ ជាពិសេស​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​កោះ​តៃវ៉ាន់​ថា​ យើង​ទាំង​អស់​គ្នា​បាន​ប្រកាន់​ខ្ជាប់​តាម​កិច្ច​ព្រមព្រៀង​គន្លឹះ​ផ្សេងៗ។​ ខ្ញុំ​មាន​ជំនឿ ​និង​បន្ត​លើក​ឡើង​ថា​ កិច្ច​ព្រមព្រៀង​ទាំងនេះ​គឺ​ជា​កត្តា​ចម្បង​ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៃ​ទំនាក់​ទំនង។ ​ ហើយ​ជារឿង​មួយ​សំខាន់​ដែល​គ្រប់​ភាគី​ត្រូវ​ធ្វើតាម​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ រាល់​ភាគី​ទាំង​អស់​មាន​អារម្មណ៍​ថា​ អ្វីៗ​នឹង​ស្ថិត​នៅ​ជាប្រក្រតី ហើយ​រក្សា​បាន​នូវ​ស្ថានភាព​ដើម»។​

អ្នកស្រី​ Nancy Pelosi ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ទៅ​ដល់​កោះ​តៃវ៉ាន់​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ទី​២​ខែ​សីហា​ ដោយ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​ចិន​ដែល​ថា​ នឹង​មាន​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា។ ​ការ​គំរាម​កំហែង​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​នៃ​ការ​កើត​មាន​វិបត្តិ​ជា​ថ្មី​ទៀត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។​

កាលពី​ថ្ងៃ​ពុធ​ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​អ្នកស្រី ​Nancy Pelosi ​បាន​និយាយ​ថា ​គណៈ​ប្រតិភូ​សមាជិក​រដ្ឋ​សភា​របស់​អ្នកស្រី​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​កោះ​តៃវ៉ាន់​ «ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​បោះ​បង់​ចោល​តៃវ៉ាន់​ទេ»។ ​ដំណាល​គ្នា​នោះ​ ប្រទេស​ចិន​បាន​បង្ហាញ​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី ​Pelosi ​នេះ ​ដោយ​បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ការ​រំលោភ​ដែល​មិន​អាច​ទទួល​យក​បាន​លើ​អ្វី​ដែល​ចិន​យល់​ឃើញ​ថា​ជា​អធិបតេយ្យភាព​របស់​ខ្លួន​ទាក់ទិន​នឹង​កោះ​តៃវ៉ាន់។​

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព​ លោក​ ពូ សុធីរៈ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​សភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​ មាន​ចេតនា​កេង​ផល​ប្រយោជន៍​នយោបាយ​ក្នុង​ស្រុក​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ចិន​ក៏​ប្រឹង​ទាញ​ប្រយោជន៍​នយោបាយ​ពី​ទស្សន​កិច្ច​នេះ​ដែរ។​

លោក​កត់​សម្គាល់​ថា​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្ទួនៗ​គ្នា​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ ជា​កិច្ច​ការ​ចាំបាច់​ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​តាមដាន​បន្ត​នោះ​ គឺ​ជំហរ​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លើ​បញ្ហា​កោះ​តៃវ៉ាន់​ ដែល​លោក​ថា​ នឹង​មិន​អាច​ឈាន​ដល់​កម្រិត​អាសន្ន​នាំ​ដល់​ការ​ផ្ទុះ​អាវុធ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​«យើង​ expressed concerns​ [បង្ហាញ​ការ​បារម្ភ]​របស់​យើង​ត្រូវ​ហើយ​ ប៉ុន្តែ​ថា​តើ​វា​មាន​ឥទ្ធិពល​ យ៉ាង​ម៉េច​ខ្លះ​ ទៅ​លើ​មហា​អំណាច​នោះ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​នាំ​គ្នា​ពិចារណា​ ហើយ​គិត​ត​ទៅ​ទៀត ​ ហើយ​សង្កេត​មើល​តទៅ​ទៀត។​ ខ្ញុំ​ចង់​និយាយ​ថា​ ​តើ​យើង​ចេញ​ statement ​[សេចក្តី​ថ្លែង​ការណ៍]​ហ្នឹង​ហើយ​ ចិន​ និង​អាមេរិកាំង​គេ​ស្តាប់​យើង​អត់? ខ្ញុំ​ចង់​និយាយ​ថា​ អ៊ីចឹង។​ បើ​គេ​ស្តាប់​យើង​អាហ្នឹង​វា​ ផល​ប៉ះពាល់​ហ្នឹង​វា​នឹង​កាត់​បន្ថយ​ហើយ។​ ប៉ុន្តែ​បើ​គេ​មិន​ស្តាប់​ទេ​ អាហ្នឹង​វា​កាន់​តែ​រីករាល​ដាល​ធំ​ហើយ»។​

បើ​តាម​លោក​ ពូ សុធីរៈ​ ប្រទេស​មហា​អំណាច​ចំនួន​៧​ ឬ​ G7 ​រួម​មាន​កាណាដា​ បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី​ ជប៉ុន​ ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ ជាមួយ​នឹង​តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ កំពុង​បារម្ភ​ថា ចិន​អាច​នឹង​ប្តូរ​ជំហរ​ពី​ការ​ដោះស្រាយ​បញ្ហា​នៅ​តៃវ៉ាន់​ជា​លក្ខណៈ​ពហុភាគី​ មក​ឯកតោ​ភាគី​ ដែល​ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​នៃ​ស្ថានភាព​នៅ​តៃវ៉ាន់។​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ ហៅ​កាត់​ថា​ AVI ​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ យល់​ថា​ ដំណើរ​ទស្ស​កិច្ច​របស់​អ្នកស្រី​ Nancy Pelosi ​ទៅ​កាន់កោះ​តៃវ៉ាន់​ជា​របត់​ដ៏​គ្រោះ​ថ្នាក់​ ដែល​ធ្វើ​ឱ្យ​ចិន​និង​អាមេរិក​កាន់​តែ​មិន​ទុក​ចិត្ត​គ្នា​ ហើយ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ដុនដាប។​

អ្នក​ជំនាញ​កិច្ច​ការ​អន្តរជាតិ​រូប​នេះ​បន្ត​ថា​ ទំនាក់​ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ​ដែល​បាន​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ គឺ​ដោយសារ​តែ​អាមេរិក​គោរព​«គោល​នយោបាយ​ចិន​តែ​១»។​

លោក​ថ្លែង​ថា៖​«ប្រសិន​បើ​សហរដ្ឋ​អាមេរិក​គាត់​ដើរ​ចេញ​ពី​គោល​ការណ៍​គឺ​វា​អាច​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ភាព​តាន​តឹងនឹង​កាន់តែ​បន្ត​ ហើយ​យ៉ាប់​យ៉ឺន​ជាង​នេះ»។​

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ បន្ថែម​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​និង​កម្ពុជា​គឺ​ដើម្បី​ឱ្យ​មហា​អំណាច​ទាំង​ពីរ​រក្សា​ភាព​អត់​ធ្មត់​ និង​គោរព​ទៅ​តាម​ស្មារតី​កិច្ច​ព្រម​ព្រៀង​«គោល​នយោបាយ​ចិន​តែ​មួយ»​ ហើយ​ដោះ​ស្រាយ​បញ្ហា​តាម​មាគ៌ា​សន្តិភាព។​

ឆ្លើយ​តប​ទៅ​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី​ Stephanie Arzate ​បាន​ស្នើ​ឱ្យ​អ្នក​យក​ព័ត៌មាន​ឱ្យ​វីអូអេ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ក្រុម​ប្រទេស​G7​ ដែល​បាន​លើក​ឡើង​ថា​ ក្រុម​ប្រទេស​ទាំង​នោះ​ និង​ ជាពិសេស​សហរដ្ឋ​អាមេរិក​ ពិត​ជា​មាន​កង្វល់​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ និង​ការ​រឹតត្បិត​ខាង​សេដ្ឋកិច្ច​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ទៅ​លើ​កោះ​តៃវ៉ាន់។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ ទង្វើ​របស់​ចិន​ជា​លេស​ដើម្បី​ពង្រីក​ភាព​តាន​តឹង​ និង​ធ្វើ​សកម្ម​ភាព​យោធា​ទៅ​លើ​កោះ​តៃវ៉ាន់​ ហើយ​ថា​ ​អ្នក​តាក់​តែង​ច្បាប់​នៃ​ក្រុម​ប្រទេស​G7​ មាន​ទម្លាប់​ធ្វើ​ទស្សនកិច្ច​ជា​លក្ខណៈ​អន្តរជាតិ​ទៅ​កាន់​ប្រទេស​នានា។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖«​ពួក​យើង​អំពាវនាវ​ឱ្យ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​កុំ​ព្យាយាម​ផ្លាស់ប្តូរ​ស្ថាន​ភាព​ដើម​នៅ​ក្នុង​តំបន់​តាម​រយៈ​ការ​ប្រើប្រាស់​កងកម្លាំង​ ប៉ុន្តែ​ត្រូវ​ដោះ​ស្រាយ​ភាព​តាន​តឹង​នេះ​ដោយ​សន្តិ​វិធី។​ វាមិន​មាន​អ្វី​ផ្លាស់ប្តូរ​ឡើយ​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ចិន​តែមួយ​ ដែល​នៅ​តែ​បន្ត​អនុវត្ត​ និង​ជា​ជំហរ​មូលដ្ឋាន​របស់​ប្រទេស​ទាំង​៧​ចំពោះ​កោះ​តៃវ៉ាន់»៕