អាស៊ាន​រំពឹង​ថា ​នឹង​មាន​ក្រម​ប្រតិបត្តិ​​ជាមួយ​ចិន​ឆាប់ៗ​នេះ

ផែនទី​សមុទ្រ​ចិន​ខាងត្បូង

មន្រ្តីរដ្ឋាភិបាល​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​ សមាគម​អាស៊ាន​នឹង​អាច​មានកិច្ច​ព្រមព្រៀងជាមួយ​មហា​អំណាច​ចិននៅ​ជុំវិញ​ជម្លោះ​ដែនដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​កៅ គឹមហួន​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​វីអូអេ​សំឡេងសហ​រដ្ឋ​អេមេរិក​ជា​ខេមរភាសា​នៅ​ថ្ងៃសុក្រ​នេះ​ថា​ សមាគម​អាស៊ាន​អាច​នឹង​ទទួល​បាន​លទ្ធផល​ចរចា​ជាផ្លែ​ផ្កា​ពី​កិច្ច​ប្រជុំ​រវាង​សមាជិក​សមាគម​ទាំង​ដប់​ប្រទេស​ជាមួយ​ប្រទេស​ចិន​នៅ​ចុងខែ​សីហា​នេះ។​

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​នឹង​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​ថ្ងៃ ​ទី២៨​ដល់​ថ្ងៃទី​៣០​ខែ​សីហា​ក្នុង​ទីក្រុង​ប៉េកាំង។​ កិច្ច​ប្រជុំ​នេះ​នឹង​ផ្តោត​លើ​ដំណោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង​និង​កិច្ច​សហការ​រវាង​អាស៊ាន​និង​ចិន​ចំពេល​ខួប​គម្រប់​ដប់ឆ្នាំ​នៃ​ចំណង​ទាក់ទង​នៃ​ដៃ​គូ​ទាំងពីរ។​

កាលពី​ថ្ងៃពុធ​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់ថា​អាស៊ាន​ បាន​ធានា​ឯកភាព​គ្នា​ និយាយ ​«សំឡេង​តែមួយ»​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ហួរហ៊ីន​ ប្រទេស​ថៃ​ដើម្បី​ស្វែងរក​កិច្ច​ព្រមព្រៀង​ពី​ប្រទេស​ចិន​លើ​ក្រម​ប្រតិបត្តិ​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួង។ ​

លោក​កៅ គឹមហួន​បានបង្ហាញ​សុទិដ្ឋនិយម​ដោយ​យោងទៅ​លើ​ផល​វិជ្ជមាន​នៃ​ដំណើរការ​ដោះ​ស្រាយ​វិបត្តិ​នេះ​ក្នុង​ពេល​ថ្មីៗ​នេះ។​

លោក​និយាយ​ថា៖​ «ដោយសារ​យើង​ឃើញ​ថា​ កន្លង​មក​ការ​ចរចា​មាន​ការ​ទៅមុខ​ ហើយ​ឥឡូវ​នេះ​ ការ​ប្រជុំ​នៅ​ប្រ៊ុយណេ ចុងខែ​មិថុនា​កន្លង​ទៅ​យើង​ឃើញ​ហើយ​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​និង​ចិន​បាន​ឯកភាព​គ្នាឲ្យ​ក្រុម​ការងារ​អាស៊ាន​ ចិន ​និង​ឧត្តម​មន្ត្រី​អាស៊ាន​ចិន​នឹង​មាន​កិច្ច​ប្រជុំ​នៅ​ខែ​កញ្ញា​នេះ​ដើម្បី​ផ្តើម​ចរចា​តាក់តែង​ឯកសារ​ COC»។​

ប្រទេស​ចំនួន​បួន​ក្នុង​សមាគម​អាស៊ានដែល​មាន​សមាជិក​ចំនួន​ដប់​ប្រទេស​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ចិន​ ​ក្នុងនោះ​មាន​ប្រទេស​ហ៊្វីលីពីន ​វៀតណាម ​ប៊្រុយណេ​ និង​ម៉ាឡេស៊ី។ ​ហើយ​កោះតៃវ៉ាន់ ដែល​ជា​គូ​សត្រូវ​ជា​មួយ​ប្រទេស​ចិន​ ក៏បាន​ទាមទារ​គ្រប់គ្រងដែនទឹក​ក្នុង​សមុទ្រចិន​ភាគ​ខាង​ត្បូង​នេះ​ដែរ។​

ដែន​សមុទ្រ​ចិន​ខាង​ត្បួង​នេះ​ត្រូវ​គេជឿ​ថា​ ជា​កន្លែង​ដែល​សម្បូរឧស្ម័ន​ធម្មជាតិ​ និង​ប្រេង ​ហើយ​ក៏ជា​ចំណុច​យុទ្ធសាស្ដ្រ​យោធា​ផង​ដែរ។​

សហគមន៍​អាស៊ានបាន​ព្យាយាម​ជាង​ដប់ឆ្នាំ​មក​ហើយ​ដើម្បី​ស្វែងរក​កិច្ច​ព្រមព្រៀង​ពី​ទីក្រុង​ប៉េកាំង​លើ​ក្រម​ប្រតិបត្តិ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។​

ប្រទេស​គូ​ជម្លោះ​បាន​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​រាប់​ទសវត្ស​មក​ហើយ​និង​ថែម​ទាំង​បាន​ធ្វើឲ្យ​កក្រើក​ភាព​តាន​តឹង​ក្នុង​តំបន់​និង​ការ​ធ្វើ​ចរាចរ​ផ្លូវ​ទឹកទៀត​ផង។​
ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នេះ​ស្ទើរតែ​ទាំងស្រុង​ហើយ​ប្រទេស​ចិន​មិន​ព្រម​ផ្តល់​កិច្ច​ព្រមព្រៀង​លើ​ក្រម​ប្រតិបត្តិខាង​លើនេះ​ទេ​ដោយសារ​ការ​ផ្តល់​កិច្ច​ព្រមព្រៀង​ណាមួយ​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​និង​ធ្វើឲ្យ​ទម្ងន់​ទាមទារ​ដែនដី​គ្រប់គ្រង​ចុះ​ខ្សោយ។​

ប្រទេស​ចិន​បាន​ព្យាយាម​ឲ្យ​មាន​ការ​ចរចា​រក​ដំណោះ​ស្រាយ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូងទ្វេភាគី​ជាមួយ​ប្រទេស​គូ​ទំនាស់​និមួយៗ​ ក៏​ប៉ុន្តែ​នា​ពេល​កន្លង​មក​ប្រទេស​វៀតណាម ​និង​ហ្វ៊ីលីពីនបាន​បង្ហាញ​ជំហរ​ថា​ ខ្លួនប្រឆាំង​ជំហរ​នេះ​ដាច់ខាត។​

ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ​មុន​នៅ​ប្រទេស​កម្ពុជា ​បណ្តា​ប្រទេស​អាស៊ាន​បាន​បង្ហាញ​ភាព​បែកបាក់​ ប្រេះស្រាំ​ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ​ជាមួយ​ប្រទេស​ចិន​ ហើយ​បាន​ធ្វើឲ្យ​បរាជ័យ​ក្នុងការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន។​

ប្រទេស​កម្ពុជា​ដែល​ត្រូវ​គេមើល​ឃើញ​ថា​ ជា​សម្ព័ន្ធ​មិត្តជាមួយ​ប្រទេស​ចិន​បាន​ទទួល​រង​ការចោទ​ប្រកាន់​ចំពោះ​ជំហរ​របស់​ខ្លួន។​

លោក​កៅ គឹមហួន​មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​បាន​បន្ទន់​ឥរិយាបថ​បែប​ណាមួយ​ចំពោះ​ចិន​នោះ​ទេ ​ហើយ​កម្ពុជា​នៅតែ​រក្សា​ជំហរ​រួម​និង​សំឡេង​តែមួយ​ជាមួយ​អាស៊ាន។​

លោក​និយាយថា៖​ «ឆ្នាំ​២០១២​ យើង​មាន​គោល​ជំហររួម​ដូចគ្នា។ ​អាស៊ាន​ក៏​មាន​ការ​ឯកភាព​គ្នា​មួយ​ចំនួន​លើ​បញ្ហា​ហ្នឹង​ដែរ។​ ឥឡូវនេះ​ក៏​យើង​មាន​គោល​ជំហរ​រួម​ដូច​គ្នា​ដែរ។ ឧទាហរណ៍​នៅឆ្នាំ​២០១២​ យើង​បាន​សង្កត់​ថា​ប្រទេស​អាស៊ាន​ទាំងដប់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​និង​មាន​ប្រសិទ្ធិភាព​លើ​ឯកសារ​ DOC ឬ​ឯកសារ​គោល​នៃ​សហ​ប្រតិបត្តិការ​រវាង​ភាគី​អាស៊ាន​និង​ចិន​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ​ឥឡូវ​នេះ​អត់មាន​អីផ្លាស់​ប្តូរ​ទេ ​ គោល​ជំហរ​នៅ​ដដែល»។​

លោក​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​លើក​ឡើង​ថា ​កម្ពុជា​បាន​រួម​វិភាគទាន​ជាច្រើន​ក្នុង​ការ​ធ្វើឲ្យ​សម្រេច​ចាប់តាំង​ពីការ​តាក់តែង​សេចក្តី​ប្រកាស​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ (DOC)​ រហូតដល់​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ (COC)​ ពោល​គឺ​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ចាប់​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មើល​ឃើញ​ថា ​ប្រទេស​សមាជិក​អាស៊ានបង្ហាញ​ឲ្យ​ឃើញ​ថា​ អាស៊ាន​បាន​ចាប់​ផ្តើម​រួបរួម​គ្នា​ជា​ធ្លុង​មួយ​វិញ​ ក្រោយពី​ការ​ជ្រៀត​ជ្រែក​របស់​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០១២​ដើម្បី​បំបែក​សំឡេង​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​ឡៅ ម៉ុងហៃ​យល់​ថា ​កម្លាំង​រួបរួម​នេះ​កំពុងតែ​ធ្វើ​ដំណើរ​ទៅមុខ។​

លោកថ្លែងថា៖​ «យុទ្ធសាស្ដ្រ​ចិន​គឺ​ចង់​បំបែក​អាស៊ាន​ ហើយ​បាន​ជោគជ័យ​នៅពេល​ដែល​អាស៊ាន​ប្រជុំ​គ្នា​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ទៅ។ឥឡូវ​នេះ​គេ​បង្រួប​បង្រួម​មក​វិញ ​ហើយ​ចេះ​តែ​ទៅ​មុខ​ហើយ»។​

​សមាគម​អាស៊ាន​ ដែល​ចាប់​កំណើត​នៅក្នុង​ទសវត្សឆ្នាំ​១៩៦០​ បាន​ក្លាយ​ជា​កម្លាំង​នយោបាយ​និង​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅ​ពេល​នេះ។​

ក៏ប៉ុន្តែ​អាស៊ាន​ហាក់បី​ដូចជា​នៅ​មាន​ឥទ្ធិពល​ខ្សោយ​នៅ​ឡើយ​ធៀប​នឹង​ទម្ងន់​មហា​ប្រទេស​ ដូចជា​ចិន​ និង​សហ​រដ្ឋអាមេរិក​ ឬ​កម្លាំង​នយោបាយ​និង​សេដ្ឋកិច្ច​របស់​អឺរ៉ុប។​

ប៉ុន្តែ​បណ្តា​ប្រទេស​ទាំងដប់​ក្នុង​សមាគម​នេះ​បាន​ព្រមព្រៀង​គ្នា​បង្កើត​ជា​សហគមន៍តែមួយ​នៅ​ឆ្នាំ​២០១៥​ ដើម្បី​សំដៅ​ពង្រឹង​កម្លាំង​នយោបាយ​និង​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ​ថែមទៀត៕